ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​ វៀតណាម ​ថៃ​ប្តេជ្ញា​បង្កើត​ច្រក​ព្រំដែន​សេដ្ឋ​កិច្ច​​រវាង​ប្រទេស​ទាំង​បី


ស្ត្រី​ម្នាក់​ដើរ​តាម​ផ្លូវ​កាត់​ភូមិ​ថ្មី​ ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១២។ (រូបថត​ឯកសារ)
ការ​ត​ភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធផ្លូវ​គោក​រវាង​កម្ពុជា​ទៅ​កាន់​ប្រទេស​ថៃ​និង​វៀតណាម​អាច​នឹង​បញ្ចប់​ជា​ស្ថាពរ​នៅ​មុន​ឆ្នាំ​២០១៥ ដែល​នឹង​នាំ​ប្រយោជន៍សេដ្ឋ​កិច្ច​ជា​ច្រើន​ដល់​ប្រជា​ពលរដ្ឋ​រាប់​លាន​នាក់​នៅ​ក្នុង​ប្រទេស​ទាំង​បី។​ នេះ​បើ​តាម​មន្ត្រី​ជំនាញ​នានា។​

ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ការ​ពង្រីក​សក្ដានុពល​សេដ្ឋកិច្ច​រួម​គ្នា​នេះ ​បណ្ដា​ប្រទេស​នៃ​មហា​អនុ តំបន់​ទន្លេ​មេគង្គ​ទាំង​៦ ​តាំង​ពី​ឆ្នាំ​១៩៩៨​មក ​បាន​កំណត់​យក​តំបន់​ច្រក​របៀង​សេដ្ឋ​កិច្ច​សំខាន់ៗ​៣​ដោយ​ផ្អែក​ទៅ​តាម​ទីតាំង​ដែល​មាន​ព្រំដែន​រួម​គ្នា​ ក្នុង​នោះ​មាន​ច្រក​របៀង​សេដ្ឋ​កិច្ច​ខាង​កើត-លិច ​ដែល​ភ្ជាប់​ប្រទេស​វៀតណាម​ ឡាវ​ ថៃ​ ភូមា។​ ច្រក​របៀង​ជើង-ត្បូង​មាន​ប្រទេស​ចិន ឡាវ​ ថៃ ​វៀតណាម​និង​ភូមា​ ហើយ​នឹង​ច្រក​ របៀង​សេដ្ឋកិច្ច​ខាង​ត្បូង ​ដែល​រួម​មាន​កម្ពុជា ​ថៃ និង​វៀតណាម។​ នៅ​ក្នុង​ការ​បង្កើត​ច្រក​របៀង​សេដ្ឋកិច្ច​នេះ​ បណ្ដា​ប្រ ទេស​ជា​សមាជិក​ត្រូវ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន​ទាំង​ផ្លូវ​គោក​ ផ្លូវទឹក​ និង​ផ្លូវ​អាកាស​ ពង្រឹង​វិស័យ​ទេសចរណ៍ ​កសាង​វារីអគ្គិសនី និង​ការ​ទប់ស្កាត់ ​ជំងឺ​ឆ្លង​រាតត្បាត​ជា​ដើម ប្រយោជន៍​ដើម្បី​ពង្រឹង​ខឿន​សេដ្ឋ​កិច្ច​ឲ្យ​បាន​រឹងមាំ​ព្រម​គ្នា។​

លោក​ផែង សុវិជ្ជនោ អនុ​រដ្ឋ​លេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន ​ថ្លែង​ថា​ ក្នុង​ច្រក​របៀង​សេដ្ឋកិច្ច​ខាង​ត្បូង ​ដែល​គ្រប​ដណ្ដប់​ប្រទេស​កម្ពុជា ថៃ​និង​វៀតណាម​នោះ ការ​ត​ភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​គោក​ជា​វិស័យ​ដ៏​ឈាន​មុខ​មួយ។​

មន្ត្រី​រដ្ឋាភិបាល​ដដែល​អះអាង​ថា ​គម្រោង​ត​ភ្ជាប់​ប្រទេស​កម្ពុជា​ទៅ​ហ្នឹង​ប៉ូល​សេដ្ឋកិច្ច​តំបន់​ពីរ​គឺ​ប្រទេស​ថៃ​ និង​វៀតណាម​តាម​រយៈ​ផ្លូវ​គោក​នេះ​ នឹង​បញ្ចប់​នៅ​ដើម​ឆ្នាំ​២០១៥ ពោល​គឺ​មុន​ពេល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ចូល​ជា​ធរមាន។​

«គម្រោង​ ADB ​ដែល​បាន​អនុវត្ត​ហ្នឹង​សម្រេច​បាន​ប្រហែល​៩០​ភាគរយ​ហើយ​ នៅ​តែ​អគារ​ឆ្លង​កាត់​ព្រំដែន​ដែល​យើង​សាងសង់​នៅ​លក​ហ្នឹង។ ​វា​ហ្នឹង​បញ្ជប់​នៅ​ខែ​៨​ខាង​មុខ​នេះ។​ យ៉ាង​ច្រើន​ណាស់​ដើម​ឆ្នាំ​២០១៥​ហ្នឹង ​យើង​ភ្ជាប់​អស់​ហើយ»។​

កម្ពុជា​ទទួល​បាន​ជំនួយ​និង​កម្ចី​សម្បទាន​ប្រមាណ​ជាង​៦៨០​លាន​ដុល្លារ​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​មួយ​ចំនួន​ទៀត​ពី​ដៃ​គូ​អភិវឌ្ឍន៍​នានា​ ដូចជារដ្ឋាភិបាល​អូស្ត្រាលី​ និង​អង្គការ​ប្រេង ​OPEC ​របស់​អារ៉ាប់​ជា​ដើម សម្រាប់​ស្ដារ​ និង​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ភ្ជាប់​ ខេត្ត​ចំនួន​២២​របស់​កម្ពុជា​ទៅ​ខេត្ត​ចំនួន​៦​របស់​ថៃ ​ទៅ​ខេត្ត​ចំនួន​៦​របស់​ឡាវ ​និង​តំបន់​ចំនួន​៤​របស់​វៀតណាម។​

ច្រក​របៀង​សេដ្ឋកិច្ច​ខាង​ត្បូងនេះ​មាន​ការ​ភ្ជាប់​ពី​ទីក្រុង​បាង​កក​មក​កាន់​កម្ពុជា​តាម​ច្រក​ប៉ោយប៉ែត​ ភ្នំពេញ ​និង​បាវិត ​រួច​ទៅ​កាន់​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម។​ ក្រៅ​ពី​នេះ​មាន​ការ​ភ្ជាប់​ពី​ទីក្រុង​បាងកកមក​កាន់​កម្ពុជា​តាម​ខេត្ត​សៀមរាប ថាឡាបរិវ៉ាត់ អូរ​ពងមាន់ និង​ស្រុង​អូរ​យ៉ាដាវ​នៃ​ខេត្ត​រតនគីរី​ តាម​ផ្លូវ​ជាតិ​លេខ​៦៦ លេខ​៧ និង​លេខ​៧៨ ​មុន​នឹង​ចូលទៅ​កាន់​ប្រទេស​វៀតណាម។ ដោយ​ឡែក​អនុ​ច្រក​របៀង​សមុទ្រ​ភាគ​ខាង​ត្បូង​ត្រូវភ្ជាប់​ពី​ប្រទេស​ថៃ​កាត់​តាម​ច្រក​ចាំយាម ​ខេត្ត​កោះកុង​មក​ស្រែ​អំបិល វាលរេញ និង​ស្រុក​លក​ខេត្ត​កំពត​តាម​ផ្លូវ​ជាតិ​លេខ​៤៨ លេខ​៣​ លេខ៤ និង​លេខ​៣៣ រួច​ចាក់​ទៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​វៀតណាម និង​ខ្សែ​ចុង​ក្រោយ​គឺ​អនុ​អន្តរ​ច្រក​របៀង​ដែល​ភ្ជាប់​ផ្លូវ​អន្តរជាតិ​ទាំង​បី​ខ្សែ​ខាង​លើ​ ពីក្រុង​ព្រះ​សីហនុ​ទៅ​ខេត្ត​ស្ទឹងត្រែង ​ដោយ​កាត់​តាម​ទីក្រុង​ភ្នំពេញ​និង​ខេត្ត​កំពង់ចាម​តាម​ផ្លូវ​ជាតិ​លេខ​៤​ លេខ​៦ និង​លេខ​៧។​

លោក Shihiru Date ​អ្នក​ឯកទេស​ផ្នែក​ដឹក​ជញ្ជូន​ជាន់​ខ្ពស់​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បញ្ជាក់​ថា ​ការ​ភ្ជាប់​ប្រទេស​ទាំង​បី​តាម​ផ្លូវ​គោក​ត្រូវ​ការ​ការ​សាងសង់​ និង​ជួសជុល​ផ្លូវ​ប្រមាណ​២០០០​គីឡូម៉ែត្រ​ ដែល​ក្នុង​នោះ​១០០០​គីឡូម៉ែត្រ​ស្ថិត​ក្នុង​ប្រទេស​កម្ពុជា។ ហើយ​មក​ទល់​ពេល​នេះ​ ការ​ត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​សម្រេច​បាន​ប្រមាណ​៩០​ភាគរយ​ហើយ។​

«ជា​មូលដ្ឋាន ផល​ប្រយោជន៍​ដែល​កម្ពុជា​ទទួល​បាន​ពី​ SEC​ គឺ​ការ​ត​ភ្ជាប់​ល្អ​ប្រសើរ​ជាង​មុន បើ​យើង​និយាយ​ពី​ការ​កាត់​បន្ថយ​ពេល​វេលា​ធ្វើ​ដំណើរ​ ប្រសិទ្ធិភាព​ធ្វើ​ជំនួញ​ល្អ​ប្រសើរ​ជាង​មុន បង្កើន​ជំនួយ​ក្នុង​ប្រទេស​ និង​ក្នុង​តំបន់ និង​បន្ទាប់​មក​បង្កើន​លំហូរ​វិនិយោគ និង​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​សេវា​នានា​របស់​ប្រជា​ពលរដ្ឋ​ ជា​ពិសេស​អ្នក​ដែល​រស់នៅ​តាម​បណ្តោយ​ច្រក​របៀង​នេះ»។​

លោក Shihiru Date អត្ថាធិប្បាយ​បន្ថែម​ថា​ ការ​ប្រែ​ក្លាយប្រទេស​ក្នុង​តំបន់​ជា​ប៉ូល​សេដ្ឋកិច្ច​ស្នូលមួយ​ត្រូវ​ការ​តំណ​ភ្ជាប់​ផ្នែក​រឹង​ និង​ផ្នែក​ទន់​ជា​ច្រើន​ទៀត ​ក្រៅ​ពី​ការ​ភ្ជាប់​ផ្លូវ​គោក ដូចជា​ការ​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី ប្រព័ន្ធ​ទឹក​ស្អាត ការ​គ្រប់គ្រង​ជំងឺ​ឆ្លង ការ​សម្រប​សម្រួល​ការ​ដឹក​ជញ្ជូន​ និង​ពាណិជ្ជ​កម្ម ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ និង​ស្ថាប័ន​ជា​ដើម។​

លោក​បណ្ឌិត ឈាង វណ្ណារិទ្ធ សាស្ត្រាចារ្យ​ឯកទេស​ផ្នែក​អាស៊ី​នៅ​សកល​វិទ្យាល័យ​លីដ​ប្រទេស​អង់គ្លេស​ ថ្លែង​ថា ​ការ​ត​ភ្ជាប់​ប្រទេស​ទាំង​បី​តាម​ផ្លូវ​គោក​គឺ​មាន​សភាព​រលូន​ហើយ ប៉ុន្តែ​ការ​ត​ភ្ជាប់​តាម​ផ្លូវ​ដែក ​និង​ផ្លូវ​ទឹក​នៅ​តែ​នៅ​អន់​ថយ​នៅឡើយ។​

«ច្រក​ផ្លូវ​សេដ្ឋ​កិច្ច​ខាង​ត្បូង​ទន្លេ​មេគង្គ​ហ្នឹង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​សមាហរណ​កម្ម​សេដ្ឋកិច្ច​ ក៏​ដូចជា​សមាហរណ​កម្ម​ជា​រួម​របស់​អាស៊ាន​ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​បាន​សហគមន៍​អាស៊ាន​នៅ​ឆ្នាំ​២០១៥។ បើ​យើង​ក្រឡេក​មើល​ផ្លូវ​ថ្នល់​មាន​ការ​ត​ភ្ជាប់​គ្នា​ល្អ​បង្គួរ​ហើយ។ ការ​ភ្ជាប់​កម្ពុជា​យើង​ជាមួយ​វៀតណាម​នៅ​មាន​តែ​បញ្ហា​មួយ​ទេ ​គឺ​ស្ពាន​អ្នក​លឿង។​ ដូច្នេះ​ពេល​ស្ពាន​អ្នក​លឿង​បាន​បញ្ចប់​ វា​អាច​ភ្ជាប់​ពី​វៀតណាម​ដល់​ថៃ​ហើយ។ ប៉ុន្តែ​ការ​ភ្ជាប់​ផ្លូវ​ទឹក​និង​ផ្លូវ​ដែក​មាន​ការ​នៅ​ស្មុគស្មាញ​ច្រើន ជា​ពិសេស​ផ្លូវ​ដែក។ យើង​អត់​ទាន់​មាន​ផ្លូវ​ដែក​ភ្ជាប់​ពី​កម្ពុជា​ទៅ​វៀតណាម​ទេ ហើយ​ពី​កម្ពុជា​ទៅ​ថៃ​ក៏​អត់​ទាន់​មាន​ដែរ»។​

សព្វ​ថ្ងៃ​នេះ​កម្ពុជា​មាន​ផ្លូវ​គោក​ប្រវែង​ជាង​៤៤​ម៉ឺន​គីឡូម៉ែត្រ ក្នុងនោះ​ផ្លូវ​ជាតិ​មាន​ប្រវែង​៥២៦៣​គីឡូម៉ែត្រ។​

ចំណែក​ឯ​ផ្លូវ​ដែក​វិញ កម្ពុជា​មាន​ផ្លូវ​ដែក​ពីរ​ខ្សែ​ដែល​សល់​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម​ ដែល​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះ​សីហនុ​ និង​ពី​ភ្នំពេញ​ទៅ​កាន់​ច្រក​ប៉ោយប៉ែត​ ដែល​មាន​ចម្ងាយ​សរុប​២៦៤​គីឡូម៉ែត្រ។ ​នៅ​ឆ្នាំ​២០០៦ ​កម្ពុជា​ទទួល​ជំនួយ​និង​កម្ចី​សម្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ និង​រដ្ឋាភិបាល​អូស្ត្រាលី​ចំនួន​១៤០​លាន​ដុល្លារ​ដើម្បី​ជួសជុល​ផ្លូវ​រថភ្លើង​ទាំង​ពីរ​ខ្សែ​នេះ​ឱ្យ​ដំណើរការ​ឡើង​វិញ។​

ការ​ដឹក​ជញ្ជូន​នៅ​កម្ពុជា​នៅ​មាន​តម្លៃ​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង​នៅ​ឡើយ។ បើ​យោង​តាម​ធនាគារ​អភិវឌ្ឍន៍​អាស៊ីឲ្យដឹង​ថា​ តម្លៃ​ដឹក​ជញ្ជូនចម្ងាយ​ផ្លូវ​១០០​គីឡូម៉ែត្រ​នៅ​កម្ពុជា​ គេត្រូវ​ចំណាយ​ពី​៩​ទៅ​១៣​ដុល្លារ​ក្នុង​មួយ​តោន រីឯ​ក្នុង​ប្រទេស​ថៃ​គេចំណាយ​៦​ដុល្លារ​ និង​នៅ​វៀតណាម ​គេ​ចំណាយ​ ៧​ដុល្លារ។ ដូច្នេះ​អ្នក​ជំនាញ​បាន​វាយ​តម្លៃ​ថា​ ការ​ពង្រឹង​ការ​ត​ភ្ជាប់​តាម​ផ្លូវ​គោក​ក្នុង​គម្រោង​ច្រក​របៀង​សេដ្ឋកិច្ច​ខាង​ត្បូង​នេះ​នឹង​ជួយ​កាត់​បន្ថយ​គម្លាត​នៃ​ការ​ចំណាយ​នេះ និង​ភ្ជាប់​កម្ពុជា​ទៅ​ក្នុង​សេដ្ឋ​កិច្ច​តំបន់​អាស៊ាន​បាន​កាន់​តែ​ប្រសើរ​ ខណៈពេល​ដែល​សមាហរណ​កម្ម​អាស៊ាន​នឹង​ចូលជាធរមាន​នៅ​ឆ្នាំ​២០១៥​ខាង​មុន​នេះ៕
XS
SM
MD
LG