ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុគ្គលិក​ស្ថានីយ​ប្រេង​កាល់តិច​សុំ​អន្តរាគមន៍​ពី​ស្ថាន​ទូត​អាមេរិក


 ស្ត្រី​​ម្នាក់​បិទ​ sticker មួយ​នៅ​លើ​មុខ​ដែល​មាន​សរសេរ «យើង​ត្រូវការ​ $160» នៅ​ក្នុង​ការ​តវ៉ា​មួយ​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាលតិក (Caltex) មួយ​នៅ​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៤។ បុគ្គលិក​ក្រុមហ៊ុន​កាល់តិក​ទាមទារ​ឲ្យ​មាន​ការ​តំឡើង​ប្រាក់​បៀវត្ស​គោល​រហូត​ដល់​១៦០​ដុល្លារ។
ស្ត្រី​​ម្នាក់​បិទ​ sticker មួយ​នៅ​លើ​មុខ​ដែល​មាន​សរសេរ «យើង​ត្រូវការ​ $160» នៅ​ក្នុង​ការ​តវ៉ា​មួយ​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាលតិក (Caltex) មួយ​នៅ​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៤។ បុគ្គលិក​ក្រុមហ៊ុន​កាល់តិក​ទាមទារ​ឲ្យ​មាន​ការ​តំឡើង​ប្រាក់​បៀវត្ស​គោល​រហូត​ដល់​១៦០​ដុល្លារ។
តំណាង​បុគ្គលិក​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​ប្រមាណ​៣០​នាក់នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​យក​ញ្ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ដើម្បី​ស្វែងរក​ដំណោះស្រាយបន្ទាប់​ពីពួកគេ​បាន​ធ្វើ​កូដ​កម្ម​អស់​រយៈពេល​បួន​ថ្ងៃ​ដោយ​គ្មាន​ដំណោះស្រាយ។

ក្នុង​ញ្ញតិ្ត​របស់​ខ្លួន ក្រុម​បុគ្គលិក​ស្ថានីយ​កាល់តិច​បាន​ស្នើ​ឱ្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ជួយ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​នេះ​ផ្តល់​ប្រាក់​រង្វាន់​ប្រចាំ​ឆ្នាំ​ឬ​ប្រាក់​ខែ​ទី​១៣​ដល់​បុគ្គលិក​ខ្លួន និង​ដំឡើង​ប្រាក់​ខែ​គោល​ដល់​បុគ្គលិក​ផ្នែក​អនាម័យ ​បុគ្គលិក​ផ្នែកចាក់​ប្រេង និង​ផ្នែកប្តូរ​ប្រេង​ឱ្យ​បាន​១៦០​ដុល្លារ​និង​ដំឡើង​៥០​ដុល្លារ​ពី​លើ​ប្រាក់ខែ​១៣០​ដុល្លារ​ដល់​បុគ្គលិក​ផ្នែក​គិត​បញ្ជី។

លោក ស មូរ៉ា ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​និង​សេវា​កម្ពុជា ដែល​ជួយ​ជ្រោមជ្រែង​ការ​ទាមទារ​របស់​ក្រុម​បុគ្គលិក​ស្ថានីយ​កាល់តិច​ឱ្យ​ដឹង​ថា​ក្រុម​បាតុករ​ចង់​ឲ្យ​រដ្ឋា​ភិបាល​សហរដ្ឋ​អាមេរិក​អន្តរាគមន៍​ក្នុង​រឿង​នេះ។

លោក​បន្ត​ថា៖​ «ដោយ​សារ​ Chevron ​ជា​ក្រុមហ៊ុន​របស់​សហរដ្ឋ​អាមេរិក​ ហើយ​មក​ទល់​ពេល​នេះ​បង​ប្អូន​និយោជិត​នៅ​តែ​បន្ត​ធ្វើ​កូដកម្ម​ដើម្បី​ទាមទារ​ប្រាក់ខែ​សមរម្យ​នៅ​ឡើយ។ ដូច្នេះ​យើង​ចង់​ឱ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ហ្នឹង​ធ្វើ​អន្តរាគមន៍​ហើយ​ជួយ​ឱ្យ​ដោះស្រាយ​បញ្ហា​ពីរ​ចំណុច​ដែល​នៅ​សល់​ដល់​បងប្អូន​និយោជិត»។

ក្រុម​បុគ្គលិក​ក្រុមហ៊ុន​កាល់​តិច​ប្រមាណ​៣០០​នាក់​បាន​ធ្វើ​កូដកម្ម​នៅ​តាម​ស្ថានីយរៀង​ៗ​ខ្លួន​ចំនួន​១៨​ទូទាំង​ក្រុង​ភ្នំពេញចាប់​តាំង​ពី​ថ្ងៃ​ច័ន្ទមក​ម្ល៉េះ​ដោយ​ទាមទារ​ការ​ដំឡើង ​ប្រាក់ខែ​រហូត​ដល់​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​និង​ទាមទារ​ឱ្យ​មាន​ប្រាក់​ខែ​ទី១៣។

កាល​ពី​ថ្ងៃ​អង្គារ​តំណាង​ក្រុមហ៊ុន​និង​និយោជិត​បាន​ជួប​ចរចា​គ្នា​ម្តង​មក​ហើយ​ប៉ុន្តែ​បាន​បរាជ័យ​ទៅ​វិញ នៅ​ពេល​ដែល​ក្រុមហ៊ុន​ស្នើ​សុំ​រក្សា​ពេល​២​ទៅ​៣​ខែ​ដើម្បី​ស្រាវជ្រាវ​ពី​លទ្ធភាព​ដំឡើង​ប្រាក់​ខែ​នេះ ប៉ុន្តែ​ក្រុម​បុគ្គលិក​នៅ​តែ​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ភ្លាមៗ។

លោក John Simmons អ្នក​នាំ​ពាក្យស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​តាម​សារ​អេឡិកត្រូនិក​យ៉ាង​ដូច្នេះ​ថា​៖ «ខណៈ​ដែល​ស្ថានទូត​សហរដ្ឋ​អាមេរិក​មិន​ពាក់ព័ន្ធ​នឹង​កិច្ច​សន្យា​ចរចា​រវាង​ភាគី​និយោជិតនិង​និយោជក​របស់​ពួកគេ​ក៏​ដោយ ប៉ុន្តែ​យើង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​នូវ​សិទ្ធិ​កម្មករ​ទាំង​អស់​ក្នុង​ការចរចា​ដោយ​ស្រប​ច្បាប់​និង​សន្តិវិធី​សម្រាប់​ប្រាក់​បៀវត្សរ៍​សមរម្យ​និង​លក្ខខណ្ឌ​ការងារ​មាន​សុវត្ថិភាព»។

ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន​ Chevron​ ដែល​ជា​ក្រុមហ៊ុនផលិត​ប្រេង​ឥន្ធនៈ​និង​ឧស្ម័ន​ដ៏​ធំ​បំផុត​មួយ​លំដាប់​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក។ កាល​ពី​ឆ្នាំ​២០១៣ ក្រុមហ៊ុន​នេះ​រក​ចំណូល​បាន​ជាង​២២០​ពាន់​លាន​ដុល្លារ​អាមេរិកពី​ការ​លក់​និង​ចែក​ចាយ​ប្រេង​ឥន្ធនៈ។ នេះ​បើ​តាម​គេហទំព័រ​របស់​ក្រុមហ៊ុន​នេះ។

លោកស្រី តាន់ ចាន់ឡេក អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​ Chevron ​ប្រចាំ​កម្ពុជា​ថ្លែង​ប្រាប់​វីអូអេ​តាម​សារ​អេឡិកត្រូនិក​ថា​ អាទិភាព​របស់​ខ្លួន​នៅ​ពេល​នេះ​គឺ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​សុឆន្ទៈ​និង​បន្ត​ប្រតិបត្តិការ​ការងារ​របស់​ខ្លួនដើម្បី​កាត់​បន្ថយ​ការ​លំបាក​ដល់​សាធារណជន។

យ៉ាង​ណា​ក៏​ដោយ មក​ទល់ថ្ងៃ​ព្រហស្បតិ៍​នេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​ទាំង​អស់​ក្នុង​ក្រុង​ភ្នំពេញ​នៅ​មិន​ទាន់​បើក​ទ្វារ​ដំណើរការ​នៅ​ឡើយ​ដោយ​សារ​គ្មាន​បុគ្គលិក​ធ្វើការ​ហើយ​មក​ទល់​ពេល​នេះ កិច្ច​ចរចា​រវាង​ភាគី​និយោជិតនិង​និយោជក​ស្ថានីយ​កាល់​តិច​នៅ​តែ​ស្ថិត​ក្នុង​ភាព​ជាប់​គាំង​នៅ​ឡើយ ស្រប​ពេល​ដែល​កិច្ច​ចរចា​គ្រោង​នឹង​ចាប់​ផ្តើម​ជា​ថ្មី​នៅ​ថ្ងៃ​ទី​២០​ខែ​ឧសភា​សប្ដាហ៍​ក្រោយ៕
XS
SM
MD
LG