ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មហា​សន្និបាត​គណបក្ស​សាធារណរដ្ឋ​គូស​បញ្ជាក់​ច្បាប់​និង​សណ្តាប់​ធ្នាប់​ ហើយ​មើល​ស្រាល​វិបត្តិ​កូវីដ១៩​


រូបឯកសារ៖ លោកប្រធានាធិបតី Donald Trump និងសាច់ញ្ញាតិ មើលការបាញ់កាំជ្រួចនៅវិមាន Washington Monument ពីសេតវិមាន បន្ទាប់ពីសុន្ទរកថារបស់លោក Trump នៅមហាសន្និបាតគណបក្សសាធារណរដ្ឋ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។

មហា​សន្និបាត​ជាតិ​នៃ​គណបក្ស​សាធារណរដ្ឋ​បាន​និយាយ​អំពី​ប្តី​ប្រពន្ធ​ស្បែក​ស​ពីរ​នាក់​ជា​អ្នក​មាន​ធនធាន​ច្រើន​ដែល​បាន​ត្រូវ​គេ​ថត​រូប​ឃើញ​ពួកគេ​ឈរ​នៅ​ខាង​ក្រៅ​ផ្ទះ​ពួក​គេ​នៅ​ក្នុង​ទីក្រុង​ St. Louis​ ភ្ជង់​កាំភ្លើង​ដាក់​ពួក​បាតុករ​នៃ​ចលនា​ជីវិត​ពួក​ជន​ស្បែក​ខ្មៅ​សំខាន់​ Black Lives Matter​ ដែល​ដើរ​កាត់​ក្លោង​ទ្វារ​សហគមន៍​ពួក​គេ​កាល​ពី​ខែ​មិថុនា។ ​លោក ​Mark McCloskey ​ដែល​ជា​អ្នក​គាំទ្រ​លោក​Trump​និយាយ​ថា៖​

«គ្មាន​នរណា​ម្នាក់​ក្នុង​ហ្វូង​មនុស្ស​គ្មាន​សណ្តាប់​ធ្នាប់​ដែល​យើង​បាន​ឃើញ​នៅ​ផ្ទះ​របស់​យើង​នេះ​ បាន​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​ទេ។​ តើ​លោក​អ្នក​ដឹង​ទេ​ នរណា​បាន​ត្រូវ​ចោទ​ប្រកាន់ ​គឺ​ពួក​យើង។ ​ អាជ្ញាធរ​បាន​ចោទ​ប្រកាន់​យើង​ពី​បទឧក្រិដ្ឋ​ ដែល​យើង​ហ៊ាន​ការពារ​ផ្ទះ​របស់​យើង»។​

រដ្ឋ​អាជ្ញា​បាន​ចោទ​ប្រកាន់​ប្តី​ប្រពន្ធ​ពីរ​នាក់​នេះ​ពី​បទ​ប្រើ​កាំភ្លើង​ដោយ​ខុស​ច្បាប់។​ ហេតុការណ៍​នេះ​បាន​គូស​បញ្ជាក់​អំពី​ការ​អះអាង​របស់​ពួក​អ្នក​ឃោសនា​បោះឆ្នោត​ឱ្យ​លោក ​Trump​ ដែល​ថា ​បាតុកម្ម​ទាមទារ​យុត្តិធម​៌ខាង​ពូជសាសន៍​កំពុង​រាលដាល ​ហើយ​ជា​ការ​គំរាម​កំហែង​កើន​ឡើង​ដល់​សុវត្ថិភាព​សាធារណៈ​ផង​ដែរ។​

ក្នុង​អាទិត្យ​ទី​បួន​នៃ​ខែ​សីហា​ បាតុកម្ម​ហិង្សា​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ក្រុង​ Kenosha ​រដ្ឋ​ Wisconsin ​ នៅ​ក្រោយ​ប៉ូលិស​ស្បែក​ស​បាន​បាញ់​បុរស​ស្បែក​ខ្មៅ​ម្នាក់​នៅ​ជិត​កូន​បុរស​នោះ កាល​ពី​ថ្ងៃ​អាទិត្យ​ទី១៦​សីហា។​

ពួក​បាតុករ​បាន​លួច​ទំនិញ​ និង​បាន​ដុត​កន្លែង​ជំនួញ​នៅ​កណ្តាល​ទីក្រុង។ កាលពី​ថ្ងៃ​ពុធ​ទី​២៦​សីហា​ ​មនុស្ស​បី​នាក់​បាន​ត្រូវ​បាញ់​ហើយ​ពីរ​នាក់​បាន​ស្លាប់។​

លោក​ Joe Biden ​(ចូ បៃដិន) ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​បាន​អំពាវនាវ​ឱ្យ​មាន​កំណែ​ទម្រង់​ប៉ូលិស​ដើម្បី​បញ្ចប់​អ្វី​ដែល​លោក​និយាយ​ថា ​ជា​ការ​រើសអើង​ពូជសាសន៍​ជា​ប្រព័ន្ធ។ លោក​ក៏​បាន​បរិហារ​រិះគន់​បាតកម្ម​ឃោរឃៅ​ហើយ​ជំទាស់​នឹង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​បន្ថយ​មូលនិធិ​សម្រាប់​ប៉ូលិស។​

យ៉ាង​ណា​ក៏ដោយ​ ក៏​ពួក​វាគ្មិន​នៅ​ក្នុង​មហា​សន្និបាត​គណបក្ស​សាធារណរដ្ឋ​បាន​ចោទ​ប្រកាន់​លោក​ Biden ​និង​គណបក្ស​លោក​ថា​ កាន់ជើង​ពួក​ជ្រុល​និយម​ហិង្សា​ ​ហើយ​ថា​ ប្រឆាំង​ពួក​ប៉ូលិស​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ​លោក​មាន​ការ​គាំទ្រ​ពី​ក្រុម​ជនជាតិ​អាមេរិកាំង​ស្បែក​ខ្មៅ។ ​

អ្នកស្រី​ Kimberly Guilfoyle ​ដែល​ជា​មន្ត្រី​ធ្វើការ​ឃោសនា​បោះឆ្នោត​ឱ្យ​លោក ​Trump ​បាន​និយាយ​ថា៖​

«ពួក​ប្រជា​ធិបតេយ្យ​នឹង​ដក​ប្រាក់កាស​រុះរើ​ និង​បំផ្លាញ​ក្រុម​អ្នក​ពង្រឹង​ច្បាប់​នៃ​ប្រទេស​អាមេរិក។​ នៅ​ពេល​លោក​អ្នក​មាន​បញ្ហាហើយ​ត្រូវការ​ប៉ូលិស សូម​កុំ​ពឹងពាក់​លើ​ពួក​ប្រជា​ធិបតេយ្យ»។​

ច្បាប់​និង​សណ្តាប់​ធ្នាប់​ជា​បញ្ហា​មួយ​ដែល​បាន​ធ្វើ​ឱ្យ​ពួក​សាធារណរដ្ឋ​ឈ្នះឆ្នោត។ ​លោក​ Richard Nixon​ បាន​ឈ្នះ​ឆ្នោត​ប្រធានាធិបតី​កាល​ពី​ឆ្នាំ​១៩៦៨។ ​ជ័យជម្នះ​នេះ មួយ​ផ្នែក​ដោយ​លោក​បាន​សន្យា​ការពារ​សុវត្ថិភាព​សាធារណៈ​នៅ​ពេល​បាតុកម្ម​ខាង​ពូជ​សាសន៍​ និង​ប្រឆាំង​នឹង​សង្គ្រាម​វៀតណាម​បាន​កើត​មាន​នៅ​ទូទាំង​ប្រទេស។​

ក៏​ប៉ុន្តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ពួក​សេរី​និយម​ និង​ក្រុម​ប្រជា​ធិបតេយ្យ​និយាយ​ថា​លោក​ Trump​ មិន​អាច​គេច​ផុត​ពី​ការ​ទទួល​ខុស​ត្រូវ​ដល់​ភាព​តានតឹង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​បាន​ទេ។ ​ អ្នកស្រី​ Lanae Erickson ​ដែល​ជា​អ្នកវិភាគ​នយោបាយ​នៃ​អង្គការ ​Third Way ​បាន​និយាយ​ថា៖​

«លោក ​Trump ​ជា​ប្រធានាធិបតី​កំពុង​កាន់​តំណែង។​ ដូច្នេះ​ប្រសិន​បើ​មាន​ចលាចល​នៅ​ពេល​នេះ​ គេ​ត្រូវ​បន្ទោស​លោក។ ​ លោក​មិនមែន​ជា​អ្នក​នឹង​ដោះស្រាយ​បញ្ហា​នេះ​បាន​ទេ»។​

លោក​ Trump​ ក៏​ត្រូវ​បាន​រិះគន់​ដែរ​អំពី​ការ​ប្រើ​ក្រុម​អ្នក​ពង្រឹង​ច្បាប់​របស់​លោក។ ​

កាល​ពី​ខែ​មិថុនា ​ក្រុម​មន្ត្រី​សហព័ន្ធ​បាន​ប្រើ​កំប៉ុង​បាញ់​សារធាតុ​ធ្វើ​ពី​ប្រេង​ និង​ម្រេច​ធ្វើ​ឱ្យ​ផ្សារ​ភ្នែក​ដើម្បី​បង្ខំ​បណ្តេញ​ក្រុម​បាតុករ​សន្តិវិធី​នៅ​ខាងក្រៅ​សេតវិមាន។​ មិន​យូរ​ប៉ុន្មាន បន្ទាប់​មក​លោក​ Trump ​បាន​ដើរ​ទៅ​កាន់​វិហារ​គ្រឹស្ត​សាសនា​មួយ​ដោយ​ឆ្លង​ផ្លូវ​ដើម្បី​ថត​រូប​ ដោយ​លោក​កាន់​សៀវភៅ​គម្ពីរសាសនាគ្រឹស្ត​លើក​ឡើង​លើ។​

ប្រធានាធិបតី​រូប​នេះ​ក៏​បាន​បញ្ជូន​កង​កម្លាំង​សហព័ន្ធ​ទៅ​កាន់​ក្រុង​ឯ​ទៀតៗ​ក្នុង​ស.រ.អា.​ដែល​នៅ​ទី​ទាំង​នោះ​ពួក​ប៉ូលិស​បាន​ប៉ះ​ទង្គិច​ជា​មួយ​ពួក​បាតុករ។​

លោក​ Matt Grossman ​ដែល​ជា​អ្នក​វិភាគ​និយាយ​ថាការ​គូស​បញ្ជាក់​ជា​ថ្មី​របស់​លោក​ Trump​ អំពី​ច្បាប់​និង​សណ្តាប់​ធ្នាប់​ជះឥទ្ធិពល​មិនល្អ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក​ក្នុង​ការ​ស្វែងរក​ការ​គាំទ្រ​ពី​ពលរដ្ឋអាមេកាំង​ ដោយ​លោក​បាន​អួត​អំពី​វិធានការ​សេដ្ឋកិច្ច​របស់​លោក​និង​កំណែ​ទម្រង់​យុត្តិធ៌ម​ទាក់ទិន​នឹង​ឧក្រិដ្ឋកម្ម។​ លោក​ Matt Grossman ​ដែល​ជា​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ឯ​សាកល​វិទ្យាល័យ​រដ្ឋ​ Michigan​ បាន​និយាយ​ថា៖

«ដូច្នេះ​ការ​ធ្វើ​ដូច្នេះ​ជាការ​វិល​ទៅ​កាន់​វិធានការ​ជា​ទម្លាប់​តឹង​រ៉ឹង​លើ​ឧក្រិដ្ឋកម្ម​ ដោយ​បោះបង់​គោល​ជំហរ​សំខាន់»។​

ខណៈ​ក្រុម​ប្រជា​ធិបតេយ្យ​និយាយ​ថា​ ការ​គូស​បញ្ជាក់​របស់​លោក​ Trump​ លើ​ច្បាប់​និង​សណ្តាប់​ធ្នាប់​គឺ​ជា​ការ​ព្យាយាម​បង្វែរ​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​អំពី​បរាជ័យ​របស់​រដ្ឋបាល​លោក​ក្នុង​ការ​ទប់ទល់​នឹង​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩នោះ​ ​ពួក​អ្នក​គាំទ្រ​លោក​និយាយ​បង្ហាញ​ហេតុផល​ថា​ ការ​គូស​បញ្ជាក់​នេះ​ឆ្លុះ​បញ្ចាំង​ការ​ខ្វាយខ្វល់​ច្រើន​ឡើងៗ​របស់​សាធារណជន​អំពី​ចលាចល​ខាង​ពូជសាសន៍​នៅ​ក្នុង​ប្រទេស៕​

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ​

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG