ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​ក្នុង​ប្រទេស​កូឡុំប៊ី​បន្ត​កើនឡើង


បុរស​ម្នាក់​ស្វែងរក​របស់របរ​របស់​គាត់​បន្ទាប់​ពី​ភ្លៀង​យ៉ាង​ខ្លាំង​មួយ​នៅ​ក្នុង​ក្រុង Mocoa ប្រទេស​កូឡុំប៊ី កាលពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧។
បុរស​ម្នាក់​ស្វែងរក​របស់របរ​របស់​គាត់​បន្ទាប់​ពី​ភ្លៀង​យ៉ាង​ខ្លាំង​មួយ​នៅ​ក្នុង​ក្រុង Mocoa ប្រទេស​កូឡុំប៊ី កាលពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧។

ចំនួន​អ្នក​ស្លាប់​បន្ត​កើន​ឡើង​នៅ​ភាគ​និរតី​ប្រទេស​កូឡុំប៊ី បន្ទាប់ពី​ជំនន់​ទឹក​ដ៏​ធំ​ដែល​ហូរ​មកពី​ទន្លេ ៣ បាន​ហូរ​បោក​បក់​កាត់​ទីក្រុង​តូច​មួយ នៅ​ពេល​ដែល​អ្នក​រស់នៅ​ក្នុង​ទីក្រុង​នោះ​កំពុងតែ​សម្រាន្ត​លង់លក់។ ទឹកជំនន់​នេះ​បាន​បំផ្លាញ​ផ្ទះ​សម្បែង និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា និង​ថែម​ទាំង​បាន​ធ្វើ​ឲ្យ​មនុស្ស​ជិត ២៥០ នាក់ ស្លាប់​បាត់បង់​ជីវិត​ទៀត​ផង។

ប្រធានាធិបតី​កូឡុំប៊ី​លោក Juan Manuel Santos បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Mocoa ដែល​ជា​ទីក្រុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​នេះ និង​បាន​ប្រកាស​ថា នេះ​ជា​ស្ថានការណ៍​មហន្តរាយ​សាធារណៈ​មួយ។ លោក​បាន​សន្យា​ថា នឹង​ផ្ដល់​ជំនួយ​ដល់​ជន​រងគ្រោះ​ដោយសារ​គ្រោះ​មហន្តរាយ​នេះ។

លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «យើង​នឹង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ជួយ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ដែល​បាត់បង់​សាច់ញាតិ​របស់​ខ្លួន ក៏​ដូចជា​ជួយ​ដល់​ជន​រងគ្រោះ​ដែល​បាន​បាត់បង់​ផ្ទះ​សម្បែង​របស់​ខ្លួន​ផង​ដែរ។ នេះ​ជា​ស្ថានការណ៍​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺចាប់»។

ហេតុការណ៍​នេះ​បាន​កើតឡើង ដោយសារ​តែ​ព្យុះ​ភ្លៀង​ដែល​បាន​ធ្លាក់​យ៉ាង​ខ្លាំង​ជោកជាំ ក្នុង​បរិមាណ​ដ៏​ច្រើន​និង​លឿន​ជា​ទី​បំផុត កាល​ពី​ពាក់​កណ្ដាល​យប់​ថ្ងៃ​សុក្រ និង​ឈាន​ចូល​ព្រឹក​ថ្ងៃ​សៅរ៍​ម្សិលមិញ នៅ​ក្នុង​ទីក្រុង Mocoa ដែល​មាន​ប្រជាជន​ប្រមាណ ៤ ម៉ឺន​នាក់​រស់នៅ។ ទីក្រុង​នេះ​ស្ថិត​នៅ​ជិត​ព្រំដែន​ភាគ​ខាង​ត្បូង​ប្រទេស​ជាប់​នឹង​ប្រទេស​អេក្វាទ័រ។

មន្ត្រី​អង្គការ​កាកបាទ​ក្រហម​បាន​និយាយ​ថា មនុស្ស​ចំនួន ៤ រយ​នាក់​បាន​រង​របួស​ដោយសារ​គ្រោះ​មហន្តរាយ​ទឹកជំនន់​នេះ ហើយ​យ៉ាង​ហោច​ណាស់ មនុស្ស ២ រយ​នាក់​ផ្សេង​ទៀត បាន​បាត់​ខ្លួន៕

XS
SM
MD
LG