ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​ជំនាញ​កម្ពុជា៖ កសិករ​ត្រូវ​ពង្រឹង​គុណភាព​និង​សុវត្ថិភាព​កសិផល ​ទើប​អាច​នាំ​ទៅ​ប្រទេស​ចិន​បាន


រូបឯកសារ៖ កសិករកំពុងប្រមូលគ្រាប់ពោត នៅខេត្តកណ្តាល កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៣។
រូបឯកសារ៖ កសិករកំពុងប្រមូលគ្រាប់ពោត នៅខេត្តកណ្តាល កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៣។

មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​កសិកម្ម​អះអាង​ថា កម្ពុជា​ត្រូវ​ធានា​ថា​កសិផល​មាន​គុណ​ភាព​ និង​សុវត្ថិភាព​ត្រឹម​ត្រូវ​ ដើម្បី​អាច​នាំ​ចេញ​ទៅ​ប្រទេស​ចិន​បាន​ នៅ​ពេល​ដែល​ប្រទេស​ទាំង​ពីរ​បើក​ទីផ្សារ​ពាណិជ្ជ​កម្ម​សេរី​ ដែល​កិច្ច​ព្រម​ព្រៀង​នឹង​ចុះ​ហត្ថលេខា​នៅ​ពេល​ខាង​មុខ។​

លោក​ ងិន ឆាយ​ ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​កសិកម្ម​ នៃ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ​ បាន​ថ្លែង​បែប​នេះ​ នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ ​ស្តីពី​ «វិធាន​ការ​ជំរុញ​ផលិត​ផល​កសិកម្ម​ទៅ​កាន់​ទីផ្សារ​ពិភពលោក» ​ដែល​ធ្វើ​ឡើង ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

លោក ​ងិន ឆាយ​ មាន​ប្រសាសន៍​ថា​ ពាណិជ្ជ​កម្ម​សេរី​ជាមួយ​ប្រទេស​ចិន​នឹង​អាច​ឲ្យ​កម្ពុជា​នាំ​កសិផល​ជា​ច្រើន​ទៅ​ប្រទេស​ចិន។ ​ប៉ុន្តែ​ ការងារ​ចម្បង​គឺ​ត្រូវ​ពង្រឹង​គុណភាព​ឲ្យ​បាន​ល្អ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ ​យើង​ត្រូវ​ពង្រឹង​សមត្ថភាព​របស់​យើង​នៅ​ក្នុង​ការ​ដាំ​ដុះ​របស់​យើង​ឲ្យ​មាន​ថ្លៃ​ដើម​ទាប ​ដែល​អាច​ប្រកួត​ប្រជែង​បាន។ កសិផល​របស់​យើង​មាន​គុណភាព​មាន​សុវត្ថិភាព​ហើយ​និង​ជា​ពិសេស​អាច​មាន​អនុលោម​ទៅ​តាម​លក្ខណៈ​ភូតគាម​អនាម័យ​នៃ​ប្រទេស​នាំ​ចូល​ទាំង​នោះ»។​

បើ​តាម​លោក ​ងិន ឆាយ​ ​ប្រទេស​កម្ពុជា​ត្រូវ​កំណត់​ដំណាំ​ជា​អាទិភាព​ និង​មាន​សក្តា​នុពល ​ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​ចិន ​ដែល​លោក​រៀប​រាប់​ដូច​ជា ​អង្ករ​ ស្វាយ​ ផ្លែ​មៀន​ប៉ៃលិន ​ដូង​ក្រអូប​ ពោត​ ក្រហម​ទុរេន​ ផ្លែ​ស្រកានាគ​ខ្នុរ​និង​ទឹក​មាត់​ត្រចៀក​ជាដើម។​

លោក​ឲ្យ​ដឹង​ថា អង្ករ​ស​របស់​កម្ពុជា​ពិបាក​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​អន្តរជាតិ។​ ដូច្នេះ ​កម្ពុជា​នឹង​ផ្តោត​លើ​អង្ករ​សែន​ក្រអូប​និង​អង្ករ​ផ្កា​រំដួល​វិញ។​

លោក ​ងិន ឆាយ​ បន្ត​ថា ​ប្រជា​កសិករ​កម្ពុជា​ដែល​មាន​ដី​តូច​តាច​ត្រូវ​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​និង​ភ្ជាប់​ទំនាក់​ទំនង​ទៅ​អ្នក​ប្រមូល​ទិញ​ ដើម្បី​ធានា​ថា ពួកគេ​អាច​ទទួល​ផល​ពី​នេះ​បាន។​ លោក​លើក​ឡើង​ពី​បញ្ហា​ដែល​កម្ពុជា​កំពុង​ប្រឈម​ គឺ​នៅ​ខ្វះ​ខាត​ឧបករណ៍​សម្លាប់​មេរោគ​ផង​ដែរ។​

លោក​បន្ថែម​ថា៖​ «អ៊ីចឹង​យើង​ត្រូវតែ​ចង​ក្រង​កសិករ​តូចៗ​ ឬ​មួយ​អ្នក​មាន​ដី​មធ្យម​ជា​ក្រុម​ ជា​បណ្តុំ​ហើយ​ផ្សារ​ភ្ជាប់​ជាមួយ​អ្នក​វិនិយោគ​ផ្នែក​បង្កើត​ឧបករណ៍​សម្លាប់​មេរោគ»។​

កសិកម្ម​កម្ពុជា​ត្រូវ​បាន​មើល​ឃើញ​ថា ​មិន​ដំណើរ​ការ​ល្អ​ ដោយសារ​កង្វះ​ទឹក​ បញ្ហា​អាកាសធាតុ​ ការ​ចំណាយ​ថ្លៃ​ដើម​ខ្ពស់​ និង​ទីផ្សារ​មិន​មាន​លំនឹង។​ ចំណែក​ការ​ធ្វើ​ស្រែ​ដែល​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​ប្រកប​របរ​នេះ​នៅ​តែ​មាន​បញ្ហា ដោយ​សារ​កង្វះ​ប្រព័ន្ធ​ទឹក​សម្រាប់​កសិករ។​

ទាក់​ទង​នឹង​បញ្ហា​ទឹក​នេះ​ លោក ​ងិន ឆាយ ​ទទួល​ស្គាល់​ថា ​ប្រព័ន្ធ​ទឹក​មិន​ទាន់​បាន​ស្រោច​ស្រព​តំបន់​ទាំង​អស់​នៅ​កម្ពុជា​ទេ​ ជា​ពិសេសសម្រាប់​ដំណាំ​ស្រូវ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«យើង​ដឹង​ទាំង​អស់​គ្នា។​ យើង​តែង​តែ​ជួប​ប្រទះ​បញ្ហា​ខ្វះ​ទឹក។​ អា​នេះ​គឺ​ជា​ការណ៍​ពិត។​ ហើយ​នៅ​ពេល​ដែល​យើង​លើក​ឡើង​បញ្ហា​ខ្វះ​ទឹក​ បញ្ហា​ប្រព័ន្ធ​ស្រោច​ស្រព​មិន​គ្រប់​គ្រាន់​នេះ​ យើង​មិន​មែន​ទៅ​វាយ​ប្រហារ​ក្រសួង​ធនធាន​ទឹក​ទេ។ ​អា​នេះ​គ្រាន់​តែ​ជា​ការណ៍​ពិត​ថាក្រសួង​ធនធាន​ទឹក​ក៏​បាន​ខិតខំ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ជា​ច្រើន»។​

អ្នក​ធ្វើការ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ ចាប់​ត្រីប្រា​ ស្រុកពាមរក៍​ ខេត្តព្រៃវែង កាល​ពី​ថ្ងៃទី​២២​ ខែ​កក្កដា​ ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)
អ្នក​ធ្វើការ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ ចាប់​ត្រីប្រា​ ស្រុកពាមរក៍​ ខេត្តព្រៃវែង កាល​ពី​ថ្ងៃទី​២២​ ខែ​កក្កដា​ ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

ទាក់​ទង​នឹង​ទីផ្សារ​ត្រី​វិញ​ លោក​ អេង ជាសាន​ ប្រតិភូ​រាជ​រដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​ ថ្លែង​ក្នុង​សន្និសីទ​នោះ​ថា​ កម្ពុជា​កំពុង​តែ​ចរចា​សម្រាប់​ទីផ្សារ​ត្រីប្រា​ទៅ​ប្រទេស​ចិន​ ដោយសារ​ប្រជា​ពលរដ្ឋ​កម្ពុជា​ចិញ្ចឹម​ត្រី​ប្រភេទ​នេះ​ច្រើន។​ លោក​បន្ត​ថា​ នៅ​ពេល​នេះ​ ​ប្រទេស​ចិន​អនុញ្ញាត​ការ​នាំ​ចេញ​ផលិត​ផល​តែ​៤​មុខ​ប៉ុណ្ណោះ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ជា​ដំបូង​គេ​បាន​អនុញ្ញាត​នូវ​ផលិត​ផល​តែ​៤​មុខ​ទេ​ ដូចជា​ត្រី​ដំរី​ ពួក​ប្រភេទ​បង្កង​ បង្កង​កណ្តូប​អី​យើង​ហ្នឹង។ ទីបី​ ពពួក​ខ្យង​ខ្ចៅ​ និង​ទីបួន​ប្រភេទ​ដូច​ជា​អន្ទង់។​ ប៉ុន្តែ​បើ​យើង​និយាយ​ជា​រួម​ ប្រភេទ​អស់​ហ្នឹង​ជា​ប្រភេទ​ដែល​មាន​តម្លៃ​ថ្លៃ​ ហើយ​និង​គុណភាព​ខ្ពស់»។​

កាល​ពី​ឆ្នាំ ​២០១៩ ​កម្ពុជា​នាំ​ចេញ​ទៅ​ចិន​ប្រមាណ​ ១​ពាន់​លាន​ដុល្លារ​ ហើយ​ចិន​នាំ​ចូល​មក​កម្ពុជា​វិញ​ប្រមាណ ​៧​ពាន់​លាន​ដុល្លារ​អាមេរិក​ ហើយ​ប្រទេស​ទាំង​ពីរ​គ្រោង​បង្កើន​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​ដល់​កម្រិត​ ១០​ពាន់​លាន​ដុល្លារ​ ត្រឹម​ឆ្នាំ​ ២០២៣​ ខាង​មុខ។​

លោក​បណ្ឌិត ​យ៉ង សាំងកុមារ​ អ្នក​ជំនាញ​ខាង​កសិកម្ម​ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ មាន​ប្រសាសន៍​ថា​ ​កម្ពុជា​ត្រូវ​មើល​សក្តានុពល​នៃ​ផលិត​ផល​អ្វី​ដែល​នាំ​ចេញ​ទៅ​ប្រទេស​ចិន​បាន​ នៅ​ពេល​នេះ​ហើយ​ផលិត​ផល​ទាំង​នោះ​មាន​ច្រើន ​ដូច​ជា​អង្ករ​ស្វាយ​ចន្ទី​ និង​ដំឡូង​មី​ជា​ដើម។​

អ្នក​នយោបាយ​ដែល​មាន​ជំនាញ​ខាង​កសិកម្ម​រូប​នេះ​លើក​ឡើង​ទៀត​ថា​ ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​ធ្វើ​កសិកម្ម​តូច​តាច​អាច​ទទួល​បាន​ប្រយោជន៍​ពី​កិច្ច​ព្រម​ព្រៀង​នេះ ​រាជ​រដ្ឋាភិបាល​ត្រូវ​ណែនាំ​បណ្តុះ​បណ្តាល​ និង​ចង​បណ្តាញ​ពួក​គេ​ដើម្បី​ធានា​ថា​ ផលិត​ផល​របស់​ពួក​គេ​តិច​តួច​ត្រូវ​បាន​ប្រមូល​ ហើយ​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​បាន។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ប៉ុន្តែ​សំខាន់​អ្នក​ណា​នាំ​ធ្វើ​ការងារ​ហ្នឹង?​ តើ​មេ​ឃុំ​អភិបាល​ស្រុក​ អភិបាល​ខេត្ត​គាត់​គិត​រឿង​ហ្នឹង​ឬ​អត់?​ ​បើ​គាត់​អត់​គិត​រឿង​ហ្នឹង​ រឿង​ហ្នឹង​នៅ​តែ​អ៊ីចឹង។​ អ៊ីចឹង​ហើយ​បាន​វា​ត្រូវ​ការ​ការ​ដឹក​នាំ​មួយ​ ដើម្បី​ពង្រឹង​កសិករ​តូច​តាច​នៅ​តាម​តំបន់​មូលដ្ឋាន​ផលិត​ ហើយ​ចូល​មក​ទីផ្សារ​តាម​មូលដ្ឋាន​ហ្នឹង»។​

លោក​ ងិន ឆាយ​ អគ្គនាយក​ខាង​កសិកម្ម​មាន​ប្រសាសន៍​ថា ​កន្លង​ទៅ ​រាជ​រដ្ឋាភិបាល​បាន​ផ្សព្វផ្សាយ​និង​បណ្តុះ​បណ្តាល​ដល់​ប្រជា​ពលរដ្ឋ​ច្រើន ​តែ​លោក​ថា ​វា​មិន​អាច​ធ្វើ​ឲ្យ​បាន​អស់​នោះ​ទេ។

លោក​បញ្ជាក់​ថា៖​ «ប៉ុន្តែ​សួរ​បណ្តុះ​បណ្តាល​បាន​ទាំង​អស់​ទេ?​ មិន​ទេ​ មិន​បាន​អស់​ទេ។​ ក៏​ប៉ុន្តែ​យើង​សង្ឃឹម​ថា​កសិករ​ដែល​បាន​បណ្តុះ​បណ្តាល​នោះ​ គាត់​នឹង​យក​បច្ចេកទេស​ទាំង​នេះ​យក​ទៅ​អនុវត្ត​ជា​គំរូ​ល្អ​ ហើយ​កសិករ​ដែល​នៅ​ក្បែរ​អាច​រៀន​សូត្រ​ធ្វើ​ទៅ​តាម​អ្វី​ដែល​កសិករ​បាន​រៀន»។

បើ​តាម​លោក ​ងិន ឆាយ ​រាជ​រដ្ឋាភិបាល​ក៏​កំពុង​រៀបចំ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ភូតគាម​អនាម័យ​ផង​ដែរ​ដើម្បី​ពង្រឹង​ការ​អនុវត្ត​ និង​ការ​ត្រួត​ពិនិត្យ​ឲ្យ​កាន់​តែ​មាន​សុវត្ថិភាព​សម្រាប់​កសិផល​កម្ពុជា៕

XS
SM
MD
LG