ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទឹក​ជំនន់​កំពុង​​គ្រប​ដណ្តប់​ខេត្ត​ចំនួន​ប្រាំ​នៅ​កម្ពុជា


លោក គន់​ គីម​ (កណ្តាល) ជាអនុប្រធាន​ទី១​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ទួលសុវត្ថិភាព​តាឃីន​ ស្ថិត​នៅក្នុង​ឃុំបុស្សលាវ​ ជាឃុំ​ដែល​ងាយរងគ្រោះ​ដោយទឹកជំនន់​នៅ​ស្រុកចិត្របូរី​ ខេត្ត​ក្រចេះ។ (Facebook/ភាតរភាពយុទ្ធជន)

ខណៈដែល​​​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​មិន​ដាច់​ប៉ុន្មាន​ថ្ងៃ​មក​នេះ បាន​ធ្វើ​ឲ្យ​ទឹក​នៅ​តាម​អាង​ទន្លេ​មេគង្គ​​ឡើង​ខ្ពស់​បង្ក​ជា​ទឹក​ជំនន់​ជា​លើក​ទី​២​នៅ​ប្រទេស​កម្ពុជា​​ក្នុង​រយៈ​ពេល​ត្រឹម​តែ​មួយ​ខែ​ប៉ុណ្ណោះ។

យ៉ាង​ហោចណាស់​ខេត្ត​ចំនួនប្រាំ​ក្នុង​ប្រទេស​កម្ពុជា​រួម​មាន​ខេត្ត​ស្ទឹង​ត្រែង ក្រចេះ​ ​ខេត្ត​ត្បូងឃ្មុំ កំពង់ចាម​និង​ខេត្ត​ឧត្តរមានជ័យ កំពុង​ទទួល​រង​ជំនន់​ទឹក​ភ្លៀង​ ហើយ​អាជ្ញាធរ​បាន​ចាប់​ផ្តើម​ជម្លៀស​ប្រជាជន​មួយ​ចំនួន​ទៅ​កាន់​តំបន់​សុវត្ថិភាព។ នេះ​បើ​ផ្អែក​តាម​មន្ត្រី​ផ្លូវ​ការ​របស់​រដ្ឋា​ភិបាល។​

លោក ចាន់ យុត្ថា​ អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ បា្រប់​ VOA​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ជំនន់​ទឹកភ្លៀងនៅ​តាម​បណ្តាខេត្ត​ទាំង​នេះជា​ផ្នែក​មួយ​ដែល​បណ្តាល​មក​ពីទឹក​ជំនន់​ដែលកំពុង​តែ​វាយ​ប្រហារ​តាម​តំបន់​ទន្លេមេគង្គ​របស់​ប្រទេសថៃ​និង​ប្រទេស​ឡាវ។

«​អ៊ីចឹង​ទេ​ យើង​ឃើញថា​ ឥឡូវ​នេះ​ ខេត្ត​ទាំងពីរ​តំបន់​ទាំងពីរ​ របស់​ថៃ​និង​ឡាវ​ហ្នឹង​ គឺ​ខុង​ជាម​ និង​ប៉ាក់​សេ​ ក៏​កំពុង​តែ​មាន​ជំនន់​ធ្ងន់​ធ្ងរ​ ហើយ​ទឹកនោះ​ បាន​ហូរ​ធ្លាក់​មក​ខាង​ក្រោម​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​និង​កំពុង​គំរាម​កំហែង​ដល់​ខេត្ត​របស់​យើងនៅ​មេគង្គ​លើ​ មាន​ស្ទឹង​ត្រែង​ ក្រចេះ​ ដែល​អាច​មាន​ការ​ប្រឈម​ខ្លាំង»។

លោក ចាន់ យុត្ថា​ បាន​បន្ត​ថា​ ការ​ធ្លាក់​ភ្លៀង​ខ្លាំង​នៅ​តាម​តំបន់​ជួរ​ភ្នំ​ដងរែក​ ក៏​បាន​បង្ក​ឲ្យ​មាន​ការ​ជន់​លិច​នៅខេត្តមួយ​ចំនួន​ក្នុងតំបន់​នោះ​ដែរ។

«ចឹង​ជំនន់​ទឹក​ភ្លៀង​កើត​មាន​នៅ​ផ្នែក​ខ្លះ​នៃ​ខេត្ត​ព្រះវិហារ​ និង​ខេត្ត​ឧត្តរមានជ័យ​ មាន​ការ​ប៉ះពាល់​ដល់​លំនៅ​ដ្ឋាន​ដីស្រែ​ចម្ការ​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួន»។

យោងតាមការព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​នៅថ្ងៃ​ព្រហស្បតិ៍នេះ បង្ហាញ​ថា​ទឹក​ទន្លេមេគង្គ​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង ក្រចេះ និង​ខេត្ត​កំពង់ចាម​នឹង​បន្ត​ឡើង​នៅ​ថ្ងៃទី​៦​និង​ទី​៧​ខែ​កញ្ញានេះ។

លោក ​កែវ វី​ អ្នកនាំពាក្យ គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​បដិសេធ​ផ្តល់​ព័ត៌មាននៅ​ពេល​ដែល​VOA​ ទាក់​ទង​រូប​លោក​តាម​ទូរស័ព្ទ។ លោក​បាន​បង្វែរ​ការ​ទាក់​ទង​ទៅ​កាន់​លោក​ គន់ គីម​ ដែល​ជា​អនុ​ប្រធាន​ទី១​នៃ​គណៈ​កម្មាធិការ​នេះ។

«ខាង​ VOA ​ទាក់ទង​ទៅ​ឯកឧត្តម​គន់​ គីម​ ព្រោះ​ចុះ​ទៅមើ​ល​ស្ថានភាព​អី​យ៉ាង​ម៉េចៗ»។

​ដោយ​ឡែកលោក គន់ គីម ដែល​ឡើង​ជំនួសលោក​ញឹម វ៉ាន់ដា ដែល​ត្រូវ​ដក​ចេញ​ពី​តំណែង​កាល​ពី​ខែ​មិថុនា មិន​ទាន់​អាច​ទាក់​ទង​បាន​ទេ។

ទោះជា​យ៉ាងណា​លោក ​គន់ គីម ​ត្រូវ​សារព័ត៌មាន​ក្នុង​ស្រុក​ស្រង់​សំដី​ថា «ទឹក​កំពុង​ជន់​លិច​នៅ​ក្នុង​ឃុំ​បុស្សលាវ ស្រុកចិត្របុរី បណ្តាល​ឱ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ប្រមាណ​ ១,៩៨៦​គ្រួសារ​ និង​សត្វ​ពាហនៈជាងពីរពាន់ក្បាល។ ក្នុងនោះ​គោ​ក្របី​ជិត​មួយ​ពាន់​ក្បាល​ និង​ប្រជាពលរដ្ឋ​ជាង​ ១០០នាក់​ ត្រូវ​បាន​ជម្លៀស​មក​ទីទួល​សុវត្ថិភាពរួចហើយ ហើយ​នឹង​បន្ត​ជម្លៀស​ទៀត​បើ​ទឹក​នៅ​តែ​បន្តឡើង»។

កាល​ពី​ថ្ងៃពុធ​ម្សិលមិញ​នេះ​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ​បានចេញ​សារាចរណ៍​ណែនាំមួយ​ឲ្យក្រសួង​ ស្ថាប័ន​ពាក់​ព័ន្ធ​និង​អាជ្ញាធរ​ដែន​ដី​ទាំង​អស់​ឲ្យ«ចាត់​វិធាន​ការ​ចាំបាច់​នានា​ ត្រៀម​ទប់ទល់​នឹង​គ្រោះ​ទឹក​ជំនន់​ កាត់​បន្ថយ​ឲ្យ​បាន​ជា​អតិបរមា​នូវ​ការ​លំបាក​ និង​ការ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​ និង​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ»។

​គួរ​រំឭកថានេះ​គឺ​ជា​គ្រោះ​ទឹក​ជំនន់​លើក​ទី​២​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ។ ​កាល​ពី​ខែសីហា គ្រោះ​ទឹកជំនន់​បាន​រាតត្បាត​នៅក្នុង​ខេត្តចំនួន​ប្រាំមួយ​ដូចជា​ខេត្ត​រតនគិរី ​ព្រះសីហនុ​ កំពត​ កែប កោះកុង និង​មណ្ឌល​គិរី។ ​ជន​រងគ្រោះ​ចំនួន​បី​នាក់​បាន​ស្លាប់ ហើយ​ប្រជាពល​រដ្ឋ​សរុប​ចំនួន​ជាង​៦០០០​គ្រួសារ​បាន​ទទួល​រង​ផល​ប៉ះពាល់៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG