ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្រ្តី​និង​ជនជាតិ​អាហ្វ្រិក​ដំបូង ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក


លោកស្រី Ngozi Okonjo-Iweala ត្រូវ​បាន​ជ្រើសរើស​ជា​អគ្គនាយិកា​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក កាលពី​ថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។
លោកស្រី Ngozi Okonjo-Iweala ត្រូវ​បាន​ជ្រើសរើស​ជា​អគ្គនាយិកា​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក កាលពី​ថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

នៅ​ក្នុង​ចំណាត់ការ​ជា​ប្រវត្តិសាស្រ្ត​មួយ​ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (World Trade Organization) បាន​ជ្រើស​តាំង​ស្រ្តី​និង​ជនជាតិ​អាហ្វ្រិក​ដំបូង​គេ​បង្អស់​ដើម្បី​ដឹក​នាំ​អង្គការ​ពិភពលោក​មួយ​នេះ។

អ្នក​ជំនាញ​សេដ្ឋកិច្ច​ជនជាតិ​នីហ្សេរីយ៉ា​លោកស្រី Ngozi Okonjo-Iweala អាយុ ៦៦​ឆ្នាំ ត្រូវ​បាន​ជ្រើសរើសជា​អគ្គនាយិកា​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​កាល​ពី​ថ្ងៃ​ចន្ទ ទី១៥ ខែ​កុម្ភៈ ឆ្នាំ២០២១ ដោយ​តំណាងពី​ប្រទេស​ចំនួន ១៦៤​ ដែល​ជា​សមាជិក​របស់​អង្គការ​នេះ។

លោកស្រី Okonjo-Iweala បាន​និយាយ​នៅ​អំឡុងពេល​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ លោកស្រី ​ពិត​ជា​ចង់​ចាប់​ផ្តើម​ធ្វើ​ការ​កែទម្រង់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​ធ្វើ​បច្ចុប្បន្នភាព​លើ​គោលការណ៍​ផ្សេងៗ​ដើម្បី​សម្រប​នឹង​បញ្ហានៅ​សតវត្សរ៍​ទី២១។

លោកស្រី​បាន​ថ្លែង​ថា៖ ​«​ខ្ញុំ មាន​ក្តី​សោមនស្ស​ចំពោះ​ជំនឿ​ទុកចិត្ត​ដែល​អ្នក​មាន​មក​លើ​រូប​ខ្ញុំ មិន​មែន​គ្រាន់​តែ​ដោយ​សារ​ខ្ញុំ​ជា​ស្រ្តី ​និង​ជា​ជនជាតិ​អាហ្វ្រិក​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​មក​លើ​ចំណេះដឹង​ និង​បទពិសោធន៍​របស់​ខ្ញុំ។ ហើយ​ដូច​អ្នក​ខ្លះ​បាន​លើក​ឡើង​រួច​ហើយ​ គឺ​គួប​ផ្សំ​សេចក្តីក្លាហាន​ និង​ឆន្ទៈ​នៅ​ក្នុង​ការ​ធ្វើការ​ជាមួយ​អ្នក​ទាំងអស់​គ្នា​ដើម្បី​ធ្វើ​កំណែទម្រង់​ធំៗ​ដែល​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ត្រូវ​ការ​ដើម្បី​រៀបចំ​គោលជំហរ​របស់​ខ្លួន​ឡើង​វិញ​សម្រាប់​ពេល​អនាគត»។

លោកស្រី​បាន​បន្ត​ថា ​ការងារ​អាទិភាព​របស់​លោកស្រី​ គឺ​ផ្តោត​លើ​បញ្ហា​ជំងឺ​កូវីដ១៩ រួម​មាន​ការ​ធ្វើការ​ជាមួយ​កម្មវិធី COVAX និងវិធានការណ៍​ពន្លឿន​របស់​អង្គការ​សុខភាព​ពិភពលោក ACT Accelerator ដើម្បី​ពន្លឿន​ការ​ផ្គត់ផ្គង់​ និង​ការចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​នៅ​តាម​ណ្តា​ប្រទេសក្រីក្រ​នានា។ ​

លោកស្រី​បាន​ថ្លែង​ទៀត​ថា៖ «យើង​ក៏​ជំរុញ​ការងារ​ស្រាវជ្រាវ ​ដែល​នេះ​ជា​អ្វី​ខ្ញុំ​ហៅ​ថា​ជា​មធ្យោបាយ​ទី​បី​ ដែល​វ៉ាក់សាំង​អាច​ត្រូវ​បាន​ផលិតនៅ​តាម​បណ្តា​ប្រទេស​ជា​ច្រើន​ថែម​ទៀត ​ខណៈ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​ថា​ យើង​លើក​ទឹក​ចិត្ត​ដល់​ការ​ស្រាវជ្រាវ និង​ការ​ច្នៃ​ប្រឌិត​ណា​ ដែល​ផ្សារ​ភ្ជាប់​ទៅ​នឹង​កម្មសិទ្ធិ​បញ្ញា​។ នេះ​ គឺ​ជា​ការងារ​ដែល​យើង​ត្រូវ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់»។

ការ​ជ្រើសតាំង​លោកស្រី Okonjo-Iweala ជា​ប្រធាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ត្រូវ​បាន​ពន្យារពេល​អស់ជាច្រើន​ខែ ដោយ​សារ​អតីតប្រធានាធិបតី​អាមេរិក​លោក Donald Trump មិន​គាំទ្រ​បេក្ខភាព​របស់​លោកស្រី​ ដោយ​អះអាង​ថា​ លោកស្រី​ខ្វះ​បទពិសោធន៍​ផ្នែក​ពាណិជ្ជកម្ម​ផ្ទាល់ ​បើ​ប្រៀប​ជាមួយ​នឹង​បេក្ខជន​ដទៃ​ទៀត។ ​

រដ្ឋបាល​លោក​ប្រធានាធិបតី Joe Biden បាន​ទម្លាក់​ចោល​ការ​បដិសេធ​របស់​សហរដ្ឋអាមេរិក​ និង​បាន​ត្រួស​ត្រាយ​ផ្លូវ​ឲ្យ​លោកស្រី Okonjo-Iweala ​ទទួល​បាន​ការងារ​ជា​ប្រធាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​មួយ​នេះ។

អ្នកជំនាញ​សេដ្ឋកិច្ច​ជនជាតិ​នីហ្សេរីយ៉ារូបនេះ ​ធ្លាប់​បម្រើការ​ជាបុគ្គលិក​អស់​រយៈពេល​ ២៥​ឆ្នាំ​នៅ​ធនាគារ​ពិភពលោក ​ជា​កន្លែង​ដែល​លោកស្រី​ជួយ​ជ្រោមជ្រែង​ដើម្បី​បុព្វហេតុ​កំណើន​សេដ្ឋកិច្ច​នៅតាម​បណ្តា​ប្រទេស​ក្រីក្រ។ បន្ទាប់​មក លោកស្រី​បាន​ទទួល​តំណែង​ធំ​បំផុត​ទី​ពីរ​នៅ​ធនាគារ​ពិភពលោក ដែល​សម្រាប់​តំណែង​នេះ​ លោកស្រី​ត្រូវទទូល​បន្ទុក​លើ​ការ​ផ្តល់​ហិរញ្ញប្បទាន​ចំនួន ៨១​ពាន់​លាន​ដុល្លារ​សម្រាប់ទ្វីប​អាហ្វ្រិក អាស៊ី​ខាង​ត្បូង អឺរ៉ុប និង​អាស៊ីភាគ​កណ្តាល។

នៅ​ឆ្នាំ ២០១២ លោកស្រីបាន​ទទួល​បរាជ័យ​នៅ​ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ទទួល​បានតំណែង​កំពូល​នៅ​ធនាគារ​ពិភពលោក ​ដោយ​សារ​តែ​ទម្លាប់​ពី​មុន​មកធនាគារ​ពិភពលោក​តែងតែ​ត្រូវ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ជនជាតិ​អាមេរិកាំង។

លោកស្រី​ Okonjo-Iweala ក៏​ធ្លាប់​បាន​បម្រើការ​ជា​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​នីហ្សេរីយ៉ា​ផង​ដែរ និង​បាន​ជួយ​សម្របសម្រួល​កិច្ចព្រមព្រៀង​នៅ​ឆ្នាំ​២០០៥ ដើម្បី​លុបចោល​បំណុល​រាប់ពាន់​លាន​ដុល្លារ​របស់​ប្រទេស​នីហ្សេរីយ៉ា​ជាមួយ​នឹងក្រុម​បណ្តា​ប្រទេស​ផ្តល់​ឥណទាន​ Paris Club។

លោកស្រី​ទទួល​បាន​បរិញ្ញាប័ត្រ​ផ្នែក​សេដ្ឋកិច្ច​ពី​សាកលវិទ្យាល័យ​ Harvard និងសញ្ញាប័ត្រ​ថ្នាក់​បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់​ពី​សាកលវិទ្យាល័យ Massachusetts Institute of Technology (MIT)។ ​

ប្រធានាធិបតី​នីហ្សេរីយ៉ា​លោក Muhammadu Buhari​ បាន​និយាយ​ថា ការ​បោះឆ្នោត​ជ្រើសតាំង​លោកស្រី Okonjo-Iweala ដើម្បី​ដឹកនាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នាំ​មក​នូវ «ក្តី​សប្បាយ​រីករាយ និង​កិត្តិយស​កាន់​តែ​ច្រើន​សម្រាប់​ប្រទេស​នីហ្សេរីយ៉ា»។

លោកស្រី Okonjo-Iweala បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​ថា អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ កំពុង​ប្រឈមនឹង​បញ្ហា​ជា​ច្រើន ​និង​ជា​បញ្ហា​ស្មុគស្មាញ​ ប៉ុន្តែ​មិនមែន​មិន​អាច​ដោះ​ស្រាយ​បាន​នោះ​ទេ។

បន្ថែម​ពី​លើ​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​ជុំវិញ​ការ​រាតត្បាត​វីរុស​កូរ៉ូណា ប្រធាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ថ្មី​រូប​នេះ​ ត្រូវដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​ ដែល​កើត​ឡើង​ជា​យូរ​មក​ហើយដែល​បាន​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​មួយ​ចំនួនខ្វែង​គំនិត​គ្នា​ រួម​មានជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន ក៏ដូចជា ​សម្ពាធ​លើ​ការ​កែទម្រង់​ច្បាប់​ពាណិជ្ជកម្ម​ជា​ដើម៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG