ប្រធានអង្គការពាណិជ្ជកម្មពិភពលោក Roberto Azevedo បានថ្លែងថា លោកនឹងចុះចេញពីតំណែងមួយឆ្នាំមុនការគ្រោងកំណត់ នៅខែសីហាខាងមុខ ដែលជាវិធានការណ៍នាំឲ្យមានការភ្ញាក់ផ្អើលមួយ ខណៈដែលអង្គការពាណិជ្ជកម្មនេះ កំពុងតែព្យាយាមទប់ទល់នឹងភាពតានតឹងក្នុងពិភពលោក និងព្យាយាមឆ្លើយតបចំពោះការរាតត្បាតជំងឺកូវីដ១៩។
លោក Roberto Azevedo ដែលមានសញ្ជាតិប្រេស៊ីលនិងមានអាយុ៦២ឆ្នាំរូបនេះ កាន់តំណែងជាអគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោក តាំងពីឆ្នាំ ២០១៣ មក ហើយកំពុងតែកាន់តំណែងក្នុងអាណត្តិទី២ ដែលត្រូវបញ្ចប់នៅចុងខែសីហាឆ្នាំ២០២១។
លោក Azevedo បានថ្លែងថា លោកបានសម្រេចចិត្តដោយខ្លួនឯង ក្រោយពីបានពិភាក្សាជាមួយគ្រួសារលោក ហើយថាការសម្រេចចិត្តរបស់លោក មិនពាក់ព័ន្ធនឹងមូលហេតុសុខភាព ឬ ការចង់កាន់តំណែងនយោបាយណាមួយជាក់លាក់ទេ។
នៅក្នុងសារមួយទៅកាន់សមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក លោក Azevedo បានថ្លែងថា លោកគិតថាការសម្រេចចិត្តរបស់លោក គឺដើម្បីផលប្រយោជន៍របស់អង្គការនេះ។
ពេលអ្នកសារព័ត៌មានសួរអំពីការលាចេញពីតំណែងរបស់លោក Azevedo លោកត្រាំបានថ្លែងថា លោកមិនជំទាស់ទេ ហើយលោកបានប្រាប់អ្នកសារព័ត៌មានថា អង្គការនេះអាក្រក់ណាស់។ លោកថា អង្គការ WTO ចាត់ទុកប្រទេសចិនជាប្រទេសកំពុងអភិវឌ្ឍន៍។ ហេតុដូច្នេះចិនទទួលបានផលប្រយោជន៍យ៉ាងច្រើនដែលសរអាមិនបានទទួល៕