ជំនួយមនុស្សធម៌លើកទី១ បានទៅដល់ប្រទេសវ៉េណេស៊ុយអេឡាដែលពោរពេញដោយវិបត្តិ កាលពីថ្ងៃអង្គារ។
យន្តហោះមួយគ្រឿងដែលដឹកគ្រឿងផ្គត់ផ្គង់មកពីសហព័ន្ធកាកបាទក្រហមអន្តរជាតិនិងសង្គមអឌ្ឍចន្ទក្រហម បានចុះក្នុងរដ្ឋធានីការ៉ាកាស បន្ទាប់ពីក្រុមអង្គការនោះបានឈានដល់កិច្ចព្រមព្រៀងមួយកាលពីចុងខែមុន ជាមួយរដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Nicolas Maduro ដើម្បីផ្តល់ការជួយឧបត្ថម្ភ។ រូបភាពនៅលើ បណ្តាញព័ត៌មានសង្គមបានបង្ហាញពីក្រុមបុគ្គលិកពាក់អាវកាក់ពណ៌ខៀវ ដោយមានសញ្ញាសម្គាល់កាកបាទក្រហមនៅក្រោមប្រអប់ចេញពីយន្តហោះ។
មន្រ្តីម្នាក់របស់រដ្ឋាភិបាលបានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា ការដឹកជញ្ជូននោះ រួមមានគ្រឿងផ្គត់ផ្គង់បរិក្ខារពេទ្យសំខាន់ៗ។ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិបាននិយាយថា នៅទីបញ្ចប់ ខ្លួនសង្ឃឹមនឹងបានជួយមនុស្ស ៦សែន ៥ម៉ឺននាក់ ដែលត្រូវការជំនួយនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។
ប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក Maduro កាលពីដំបូងបានច្រានចោលការស្នើសុំផ្តល់ជំនួយមកពីសហរដ្ឋអាមេរិកនិងប្រទេសផ្សេងទៀត ទោះបីប្រទេសរបស់លោកបានស្ថិតនៅក្នុងភាពច្របូកច្របល់ ហើយទទួលរងផលប៉ះពាល់មកពីការមិនរីកចម្រើនសេដ្ឋកិច្ចជាង ៤ឆ្នាំក៏ដោយ រួមជាមួយការខ្វះខាតម្ហូបអាហារនិងថ្នាំសង្កូវយ៉ាងខ្លាំង។
លោកបានអះអាងថា ការស្នើផ្តល់ជំនួយរបស់អាមេរិកនោះជាលេសនៃការឈ្លានពានខាងយោធារបស់សហរដ្ឋអាមេរិក ហើយបានច្រានចោលការអះអាងថា ពលរដ្ឋរបស់លោកត្រូវការជំនួយឧបត្ថម្ភមកពីខាងក្រៅ។
អង្គការសហប្រជាជាតិប្រាប់ឲ្យដឹងថា មួយភាគបីនៃប្រជាពលរដ្ឋវ៉េណេស៊ុយអេឡា ៣០លាននាក់ ត្រូវការម្ហូបអាហារជាបន្ទាន់ និងថ្នាំសង្កូវ៕