លោកឱក សេរីសុភ័ក្រអ្នកឯកទេសខាងផ្នែកអភិបាលកិច្ចបានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃច័ន្ទថា៖
«នៅក្នុងរយៈពេល១០០ថ្ងៃបើសិននិយាយពីស្ថានការណ៍នយោបាយគឺមិនមានដំណើរការទៅមុខទេបញ្ហាជាប់គាំងគឺមានសភាពគួរឱ្យបារម្ភហើយនៅ តែជាប់គាំងដដែលមិនឃើញ ថាមានសញ្ញាអ្វី មួយថានឹងដោះស្រាយរួចក្នុងពេលឆាប់ៗខាងមុខនោះទេ»។
រដ្ឋាភិបាលអណត្តិទីប្រាំនេះត្រូវបានសភាជាតិដែលមានតែគណបក្សប្រជាជនកម្ពុជាអនុម័តបង្កើតនៅថ្ងៃទី២៤ខែកញ្ញាដោយមានលោកហ៊ុន សែនបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី ក្នុងខណៈពេលដែលគណបក្សសង្គ្រោះជាតិបានធ្វើពហិការមិនចូលរួមប្រជុំដោយសារតែចោទប្រកាន់ថាការបោះឆ្នោតជាតិមានភាពមិនប្រក្រតី។
លោកសុភ័ក្របានធ្វើការកត់សម្គាល់ទៀតថា លោកសង្កេតឃើញមានឆន្ទៈនយោបាយមួយដុំចោះៗផងហើយនិងជារចនាសម្ព័ន្ធផង។
«មួយដុំចោះៗគឺខាងអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើការក្នុងរឿងអភិបាលកិច្ចបានចាប់មន្ត្រី តូចតាចខ្លះៗនៅក្នុងផ្នែកពន្ធដា នៅក្នុងផ្នែកផ្សេងៗទៀតជាដើម។ ហើយការកែទម្រង់ដែលមានលក្ខណៈជារចនាសម្ព័ន្ធគួរឱ្យកត់សម្គាល់នោះគឺបញ្ហាការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលមានការចាប់ប្រើប្រាស់ប្រព័ន្ធធនាគារសម្រាប់បើកប្រាក់ខែឱ្យមន្ត្រីរាជការដែលនឹងចាប់ផ្តើមនៅដើមឆ្នាំ២០១៤នេះ»។
រាជរដ្ឋាភិបាលបានបញ្ជាក់ថារយៈពេល១០០ថ្ងៃដំបូងនេះគឺកម្ពុជាទទួលបានជោគជ័យខ្លាំងខាងផ្នែកអន្តរជាតិនិងរៀបចំមូលដ្ឋានល្អសម្រាប់ដំណើរការល្អក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីបានគូសបង្ហាញថាការ«កែទម្រង់ស៊ីជម្រៅ»តាមរយៈ ការរៀបចំនូវរចនាសម្ព័ន្ធរបស់អង្គការរដ្ឋនាពេលបច្ចុប្បន្ននេះគឺដើម្បីធានានូវការផ្តល់សេវាកម្មប្រកបដោយប្រសិទ្ធភាពនិងគុណភាពទៅដល់ប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា៖ «យើងពង្រឹងបន្ថែមទៀតទាំងការខិតខំប្រមូលចំណូលរដ្ឋក៏ដូចជាការកម្រិតនៃការខ្ជះខ្ជាយរបស់រដ្ឋដើម្បីរក្សានូវប្រសិទ្ធភាពដល់សេវាកម្មរដ្ឋបាល»។
លោកផៃ ស៊ីផានបានបន្ថែមថាជោគជ័យមួយទៀតគឺ ការធានាទំនុកចិត្តពីបរទេសតាមរយៈដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីទៅកាន់បរទេសដូចជាទៅប្រទេសជប៉ុននាដើមខែធ្នូជាដើម។
លោកបានបញ្ជាក់ថា៖«រាជរដ្ឋាភិបាលទទួលអំណរសាទរពីប្រទេសជប៉ុនដោយក្លាយជាភាគីដៃគូក្នុងកិច្ចសហប្រតិបត្តិការរាល់យុទ្ធសាស្រ្តរាល់គ្រប់វិស័យទាំងអស់ ដូចដែលយើងបានធ្វើជាមួយនឹងប្រទេសចិន»។
រដ្ឋាភិបាលកម្ពជាក៏សម្តែងមោទនភាពរបស់ខ្លួនចំពោះការរក្សាសណ្តាប់ធ្នាប់សង្គមនិងកំណើនសេដ្ឋកិច្ចបានក្នុងខណៈពេលដែលមានបាតុកម្មជាប្រចាំរបស់គណបក្សសង្គ្រោះជាតិដែលតវ៉ាទាមទារឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចុះចេញពីតំណែងនិងរៀបចំការបោះឆ្នោតជាតិឡើងវិញក៏ដោយ។
ប៉ុន្តែអ្នកវិភាគមើលឃើញថាគេត្រូវរង់ចាំមើលដោយប្រយ័ត្នប្រយែងលើបញ្ហានេះ។
«ការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះនៅក្នុងរឿងការប្រមូលពន្ធដាគឺមានភាពសុក្រិតមែនគឺបានកើតមានអញ្ចឹងមែនក៏ ប៉ុន្តែទន្ទឹមគ្នានេះដែរប្រជាពលរដ្ឋរបស់យើងជាពិសេសអ្នកដែលមានជីវភាពក្សត់ខ្សោយទទួលនូវផលវិបាកយ៉ាងគំហុកដោយសារទំនិញ ក្នុងការអនុវត្តការប្រមូលពន្ធឱ្យមានប្រសិទ្ធភាពនេះ»។
លោកសុភ័ក្របានបញ្ជាក់ថាកម្រិតនៃអតិផរណានេះនៅកន្លែងខ្លះមានរហូតដល់២០ទៅ៣០ភាគរយ។
លោកបានព្រមានថា៖ «ដូច្នេះយើងត្រូវតែចាំមើលបន្តិចទៀតថាតើស្ថានការណ៍នេះអាចមកនៅគ្រប់គ្រងបានឬអត់ប្រសិនបើជានៅ អញ្ចឹង នោះបញ្ហាអតិផរណានេះនឹងក្លាយទៅជានាំឱ្យប្រជាពលរដ្ឋមិនសប្បាយចិត្តហើយអាចក្លាយទៅជាវិបត្តិសង្គមហើយវាអាចក្លាយទៅជាវិបត្តិនយោបាយដែលកំពុងតែធ្ងន់ធ្ងរនោះ ហើយនាពេលសព្វថ្ងៃ»។
រដ្ឋាភិបាលថ្មី នេះក៏ ត្រូវបានគេមើលឃើញថាមានក្បាលធំបើទោះបីជារដ្ឋាភិបាលឯកបក្សក៏ដោយប៉ុន្តែតម្រូវការដើម្បី បំពេញចិត្តក្រុមផ្សេងៗក្នុងគណបក្សកាន់អំណាចធ្វើឱ្យមានការយោគយល់តែងតាំងមន្ត្រីច្រើនដដែលក្នុងគណៈរដ្ឋមន្ត្រី៕