ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រាយការណ៍​ពី​ការ​ទារ​ប្រាក់​ជា​ថ្នូរ​នឹង​ការ​ពន្លត់​អគ្គីភ័យ


រូបឯកសារ៖ សមត្ថកិច្ចកំពុង​ព្យាយាម​ពន្លត់អគ្គីភ័យ​នៅ​លើ​ដំបូល​អគារមួយ​នៅ​ក្បែរ​ផ្សារទួលទំពូង នៅរាជធានី​ភ្នំពេញ កាលពីថ្ងៃទី១៨ ខែមិនា ឆ្នាំ២០០៩។
រូបឯកសារ៖ សមត្ថកិច្ចកំពុង​ព្យាយាម​ពន្លត់អគ្គីភ័យ​នៅ​លើ​ដំបូល​អគារមួយ​នៅ​ក្បែរ​ផ្សារទួលទំពូង នៅរាជធានី​ភ្នំពេញ កាលពីថ្ងៃទី១៨ ខែមិនា ឆ្នាំ២០០៩។

ក្រសួង​មហាផ្ទៃ​ទើប​តែ​បញ្ចប់​សេចក្តី​ព្រាង​អនុក្រឹត្យ​ថ្មី​មួយ​ពាក់ព័ន្ធ​នឹង​ការ​បង្ការ​ និង​ពន្លត់​អគ្គីភ័យ​ បន្ថែម​ពី​លើ​ច្បាប់​ដែល​មាន​ស្រាប់។ ទន្ទឹម​នឹង​ការ​បញ្ចប់​សេចក្តី​ព្រាង​នោះ​ ​ក្រសួង​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​រាយ​ការណ៍​អំពី​ករណី​ជម្រិត​ទារប្រាក់​ពី​ពលរដ្ឋ​ក្នុង​ពេល​កំពុង​បាញ់​ពន្លត់​អគ្គីភ័យ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាត់​វិធានការ។

អ្នក​ឃ្លាំមើល​ស្ថាន​ការណ៍​សង្គម​លើក​ឡើង​ថា ​ការ​ផ្តល់​សេវា​ពន្លត់​អគ្គីភ័យ​នៅ​មាន​ភាព​ខ្វះខាត​ច្រើន​ ដែល​ចាំបាច់​ត្រូវ​បង្កើន​យន្តការ​ជាក់លាក់​ឲ្យ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត។​

ប្រធាន​នាយកដ្ឋាន​បង្ការ ​និង​ពន្លត់​អគ្គីភ័យ​នៃ​ក្រសួង​មហាផ្ទៃ​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​រាយ​ការណ៍​ពី​ករណី​សមត្ថកិច្ច​អគ្គីភ័យ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ ​ដែល​បង្ក​ឲ្យ​ខូច​ខាត​ធ្ងន់ធ្ងរ​ដល់​ទ្រព្យ​សម្បត្តិ​ប្រជា​ពលរដ្ឋ​ ឬ​ករណី​សមត្ថកិច្ចអគ្គីភ័យ​ជម្រិត​ទារ​ប្រាក់​ពី​ប្រជា​ពលរដ្ឋ​ក្នុង​ពេល​កំពុង​ពន្លត់​អគ្គីភ័យ។​

លោក នេត វន្ថា ​ប្រធាន​នាយក​ដ្ឋាន​បង្ការ ​និង​ពន្លត់​អគ្គីភ័យ​នៃ​ក្រសួង​មហាផ្ទៃ ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ ​កាលពី​ថ្ងៃ​ពុធ​ បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ​បាន​បញ្ចប់​កិច្ច​ប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្ដីពី​លក្ខខណ្ឌ ​និង​វិធានការ​ស្ដីពី​ការបង្ការ ​និង​ការ​ពន្លត់​អគ្គីភ័យ​ ក្នុង​គោលដៅ​ការពារ​អាយុ​ជីវិត​ ទ្រព្យ​សម្បត្តិ​បរិស្ថាន ​សន្តិសុខ​ សណ្តាប់​ធ្នាប់​សាធារណៈ ​និង​សុវត្ថិភាព​សង្គម។

លោក​ នេត វន្ថា ​ប្រាប់​ VOA​ នារសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​សេចក្តីព្រាង​អនុក្រឹត្យ​នេះ​នឹង​ជួយ​ទប់ស្កាត់​ និង​កាត់​បន្ថយ​ការ​កើត​មាន​ឡើង​នូវ​គ្រោះ​អគ្គីភ័យ ​បាន​ប្រសើរ​ជាង​មុន។​ លោក​បន្ថែម​ថា​ បច្ចុប្បន្ន​មាន​ម្ចាស់ទី​តាំង​ដែល​ប្រកប​អាជីវកម្មស្ថានីយ៍ប្រេង ​ឃ្លាំង​ស្ដុក​ប្រេង​ កន្លែង​ដែល​ផលិត​នូវ​ឧបករណ៍​ងាយ​បង្ក​ឲ្យទៅ​ជា​គ្រោះ​អគ្គីភ័យ​ជាច្រើន​ ​នៅ​មាន​ការ​ខ្វះខាត​ក្នុង​ការ​ត្រៀម​ខ្លួន​បង្ការ​ ទប់​ស្កាត់ ​និង​ពន្លត់​អគ្គីភ័យ​នៅឡើយ។ ​ដូច្នេះ​លោក​ថា ​អនុក្រឹត្យ​ ដែល​មាន​២៧​មាត្រា​នេះ​ នឹង​ចាប់​បង្ខំ​ឲ្យ​ម្ចាស់​ទីតាំង​ទាំង​នោះ​កែ​តម្រូវ​ និង​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​អគ្គីភ័យ​ឲ្យ​បាន​គ្រប់គ្រាន់។​

លោក​បញ្ជាក់​ថា៖​

«ក្នុង​នាម​ជំនាញ​អគ្គីភ័យ ​យើង​តម្រូវ​ឲ្យ​មាន​បំពេញ​បន្ថែម​ត្រួត​ពិនិត្យ​អាហ្នឹង។​ អីចឹង​ក្រោយ​ពេល​ចូល​ជាធរមាន​ទៅ​ ​ប្រសិន​ជា​ប្រជា​ពលរដ្ឋ ​ម្ចាស់​សំណង់ ​ម្ចាស់​អាផាតមិន​ សណ្ឋាគារ​ណា​មិន​អនុវត្ត​គឺ​យើង​មាន​លក្ខខណ្ឌ​បី​សំខាន់ ​ដូច​ជា​ទី១​គឺ​ត្រូវ​ព្រមាន​គាត់​ជា​លាយលក្ខណ៍​អក្សរ​ ទីពីរ​គឺ​ព្រមាន​គាត់​ផាក​ពិន័យ ​ទីបី​នឹង​បញ្ជូន​ទៅ​តុលាការ។​ អាហ្នឹង​គឺ​ដើម្បី​ចាប់​បង្ខំ​ឲ្យ​គាត់​ត្រូវ​តែមាន​ ប្រព័ន្ធ​ក្នុង​ការ​ពន្លត់​អគ្គីភ័យ​នេះ ​ក្នុង​ចំណុច​គោលដៅ​ដែល​អាច​ថា​ មាន​ហានិភ័យ​ខ្ពស់​លើ​អគ្គីភ័យ»។​

រូបឯកសារ៖ បុរស​ម្នាក់​ព្យាយាម​ជះ​ទឹក​ពន្លត់​ភ្លើង ដើម្បី​កុំ​ឲ្យ​ភ្លើង​ឆេះ​ដល់​ផ្ទះ​របស់​ខ្លួនកាលពីថ្ងៃទី៣ ខែមិនា ឆ្នាំ២០០៣។
រូបឯកសារ៖ បុរស​ម្នាក់​ព្យាយាម​ជះ​ទឹក​ពន្លត់​ភ្លើង ដើម្បី​កុំ​ឲ្យ​ភ្លើង​ឆេះ​ដល់​ផ្ទះ​របស់​ខ្លួនកាលពីថ្ងៃទី៣ ខែមិនា ឆ្នាំ២០០៣។

ជំពូកទី​៥ ​ដែល​ចែងពី​ទោស​បញ្ញត្តិ​ក្នុង​សេចក្តី​ព្រាង​អនុក្រឹត្យស្តី​ពី​លក្ខខណ្ឌ ​និង​វិធានការ​ស្ដីពី​ការបង្ការ ​និង​ការ​ពន្លត់​អគ្គីភ័យ​ ​ចែង​ថា ​ម្ចាស់​ទីតាំង​ ដែល​ប្រកប​អាជីវកម្ម​ ឬ​សេវាកម្ម​ដែល​ងាយ​បង្ក​ឲ្យ​ទៅ​ជា​គ្រោះ​អគ្គីភ័យ​ ហើយ​ដែល​មិន​គោរព​តាម​អនុក្រឹត្យ​នេះ​ នឹង​ត្រូវ​រង​ការ​ព្រមាន​ជា​លាយលក្ខណ៍​អក្សរ ​រង​ការ​ពិន័យ​ជាប្រាក់​ពី​១​លាន​ទៅ​១០​លាន​រៀល ​និង​ត្រូវ​ប្រឈម​ការ​ផ្អាក​ធ្វើ​អាជីវ​កម្ម​ជាដើម។ ​ជំពូក​នេះ​ក៏​បានចែង​ក្នុង​ករណី​ដែល​នីតិ​បុគ្គល​ និង​រូបវ័ន្ត​បុគ្គល​ដែល​ប្រព្រឹត្ត​បទល្មើស​ទាក់ទង​នឹង​ការ​បង្ក​ឲ្យ​មាន​អគ្គីភ័យ ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​តាមច្បាប់។​

កន្លង​មក​ប្រជា​ពលរដ្ឋ​តែងតែ​ត្អូញ​ត្អែរ​អំពី​ការ​អនុវត្ត​ការងារ​របស់​មន្រ្តី​ពន្លត់​អគ្គីភ័យ​ដែល​ខ្វះ​ការ​ទទួល​ខុស​ត្រូវ ​និង​មិន​យកចិត្ត​ទុក​ដាក់ ​ព្រមទាំង​ទារ​ប្រាក់​ពី​ប្រជា​ពលរដ្ឋ​ជា​ថ្នូរ​នឹង​ការ​បាញ់​ពន្លត់​អគ្គីភ័យ​ជាដើម។

ពាក់ព័ន្ធ​នឹង​ចំណុច​នេះ ​លោក ​នេត វន្ថា ​បញ្ជាក់​ថា ​ការ​បាញ់​ពន្លត់​អគ្គីភ័យ​មិន​តម្រូវ​ឲ្យ​ប្រជា​ពលរដ្ឋ​បង់​ប្រាក់​នោះ​ទេ។ ​ហេតុនេះ​ លោក​ថា ​ប្រសិនជា​មាន​ករណី​មន្រ្តី​អគ្គីភ័យ​រូបណា​ទារ​ប្រាក់​ពី​ប្រជា​ពលរដ្ឋ​ជា​ថ្នូរ​នឹង​ការ​បាញ់​ពន្លត់​អគ្គីភ័យ​ ​ប្រជា​ពលរដ្ឋត្រូវ​រាយ​ការណ៍ ​ឬ​ប្តឹង​ទៅ​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ ​ដើម្បី​ចាត់​វិធាន​ការ។​

លោក​មាន​ប្រសាសន៍​ថា៖

«មន្រ្តី​អគ្គីភ័យ​ក៏​ជា​មន្រ្តី​រាជការ​សាធារណៈ ​មិនមែន​ជា​មន្រ្តី​ឯកជន​ទេ ​អីចឹង ​ដូច្នេះប្រជា​ពលរដ្ឋ​រូបណា​ក៏ដោយ​មិនមាន​ជាប់​កាតព្វកិច្ច​ត្រូវ​បង់​ថ្លៃ​សេវា ​នៅ​ពេល​ដែល​ភ្លើង​ឆេះ​ទេ។ ហើយ​មន្រ្តី​អគ្គីភ័យ​ក៏​មិន​ត្រូវ​ទាមទារ​លុយ​ដែរ។​ សូម​បញ្ជាក់​ឲ្យ​ច្បាស់​តែម្តង។​ បើ​មាន​យន្ត​ការ​បែប​ហ្នឹង​ ​សូមឲ្យ​ប្រើប្រាស់​យន្តការ​ដែល​ខ្ញុំ​បាន​រៀបរាប់​ខាងលើ​ គឺ​ប្តឹង​មក​ ឲ្យ​បាន​ទាន់​ពេល​វេលា​ ដើម្បី​បក​អាក្រាត​ជន​ដែល​ខិលខូច​ តែង​តែ​បង្ក ​ឬ​មួយ​ក៏​ធ្វើ​ឲ្យ​ខូចខាត​ដល់​ឥទ្ធិពល​កង​កម្លាំង​នគរបាល​ជាតិ​នេះ»។​

មាត្រា​២៧​នៃ​ច្បាប់​ស្តីពី​ការ​បង្ការ​ និង​ការ​ពន្លត់​អគ្គីភ័យ ​ដែល​បាន​ចូល​ជាធរមាន​កាលពី​ឆ្នាំ​២០១៣​ ចែង​ថា ​មន្រ្តី​សមត្ថកិច្ច​អគ្គីភ័យ​ដែល​ខ្វះ​ការ​ទទួល​ខុសត្រូវ ​មិន​បំពេញ​ភារកិច្ច ​ឬ​បំពេញ​ភារកិច្ច​ដោយ​មិន​ត្រឹមត្រូវ​ក្នុង​ការ​ពន្លត់​អគ្គីភ័យ​ បង្ក​ឲ្យ​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ទ្រព្យ​សម្បត្តិ ​ដែល​ជា​កម្មសិទ្ធិ​របស់​អ្នកដទៃ​ ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦ខែ ​ទៅ​២​ឆ្នាំ ​និង​ពិន័យ​ជាប្រាក់​ពី​១​លាន​រៀល​ទៅ​៤​លាន​រៀល។​

លោក ​សន ជ័យ​ ​នាយក​ប្រតិបត្តិនៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា ​សាទរ​ចំពោះ​ការ​បង្កើត​អនុក្រឹត្យ​បន្ថែម ​និង​ការ​ប្រកាស​ឲ្យ​ប្រជា​ពលរដ្ឋ​រាយ​ការណ៍​អំពី​ភាព​មិន​ប្រក្រតី​ពាក់ព័ន្ធ​នឹង​ការ​ពន្លត់​អគ្គីភ័យ។​ ទោះជាយ៉ាងណា​ ​លោក​ថា ​ការ​ផ្តល់​សេវា​ពន្លត់​អគ្គីភ័យ​ហាក់​មាន​ភាព​ខ្វះខាត​ច្រើន ទាំង​ធនធាន ​និង​បច្ចេកទេស ​ជាពិសេស​ការ​អនុវត្ត​ច្បាប់​មិនទាន់​រឹងមាំ។ ​លោក​អះអាង​ថា​ រដ្ឋាភិបាល​ចាំបាច់​ត្រូវ​បង្កើន​យន្តការ​ជាក់លាក់ ​ដើម្បី​ធានា​ដល់​ប្រសិទ្ធ​ភាព​នៃ​ការ​ផ្តល់​សេវា​ពន្លត់​អគ្គីភ័យ។​

លោក​បញ្ជាក់​ថា៖​

«ប្រជា​ពលរដ្ឋ​នៅ​តែ​លើក​ឡើង​អំ​ពី​ភាព​មិន​ប្រក្រតី​ហ្នឹង ​បាន​ន័យ​ថា ​ទោះបីជា​មិន​មាន​ការ​ទារលុយ​ក៏​មាន​ហេតុផល​ផ្សេងៗ ​ដូចជា​ថា​ ​រថយន្ត​មិន​អាច​ចូល​បាន​ ឬក៏​រថយន្ត​ទៅ​យឺត ​ទៅ​ដល់​ហើយ​មិន​ទាន់​បាញ់ ​ដោយសារ​តែខ្វះ​មធ្យោបាយ​ទាញ​ទុយោ ​ទាញ​អី​ហ្នឹង ​នាំ​ឲ្យ​មាន​ការ​យឺតយ៉ាវ ​ហើយ​ទី​បញ្ចប់​ផ្ទះ​ឆេះអស់។​ វា​ជា​រូបភាព​ថ្មីមួយ​ក្រៅ​តែ​ពី​ការ​ទារ​លុយ​ដោយ​ត្រង់ៗ​ ដែល​វា​ជា​បាតុភាព​ចាស់។​ ​អីចឹង​ ​ភាព​អសកម្ម​ហ្នឹង​មាន​រូបភាព​ច្រើន​ណាស់។ ​អីចឹង​ទាល់​តែ​មាន​យន្តការ​ ធ្វើ​ម៉េច​ឲ្យ​សេវា​ហ្នឹង​សកម្ម»។​

បើតាម​ប្រធាន​នាយកដ្ឋាន​បង្ការ ​និង​ពន្លត់​អគ្គីភ័យ​នៃ​ក្រសួង​មហាផ្ទៃ ​ សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពីលក្ខ​ខណ្ឌ ​និង​វិធានការ​ស្ដីពី​ការ​បង្ការ ​និង​ការ​ពន្លត់​អគ្គីភ័យ​ដែល​មាន​៧​ជំពូក ​និង​២៧​មាត្រា ហើយ​ដែល​ទើបតែ​បញ្ចប់​នេះ​ ​នឹង​ត្រូវ​បញ្ជូន​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​ចុះ​ហត្ថលេខា​ និង​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​នា​ពេល​ខាង​មុខ៕​

XS
SM
MD
LG