ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ប្រកាស​ឱ្យ​ពលរដ្ឋ​ត្រៀម​ទឹក​សម្រាប់​បាតុភូត​កម្ដៅ​អែលនីណូ​នៅ​ខែ​មេសា


វាលស្រែ​នៅ​តាម​បណ្តោយ​ផ្លូវ​ទៅកាន់​បន្ទាយ​ទាហាន​ក្នុង​ឃុំ​ត្រាំសសរ ស្រុកស្រីស្នំ ខេត្ត​សៀមរាប។ (Julia Wallace/VOA Khmer)

​រាជ​រដ្ឋាភិបាល​ក៏​បាន​ណែនាំ​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ​និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ត្រៀម​លក្ខណៈ​ជួយ​សង្គ្រោះ​ប្រជាពល​រដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​នា​នា​ ដូច​ជា​ខ្យល់​កន្រ្តាក់​ជាដើម។

​រាជ​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រៀម​ទឹក​ទុក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​សម្រាប់​រដូវ​ប្រាំង​ឆ្នាំ​២០១៩​ ​ដែល​នឹង​មាន​កើន​កម្តៅ​ខ្លាំងខុស​ពី​ធម្មតា​និង​ខ្សត់​ភ្លៀង។​

​តាម​សារាចរ​ណែនាំ​ស្តីពី​ការចាត់​វិធានការ​ថែរ​រក្សា​ទឹក​ទុក​ ​ចេញ​នៅ​ថ្ងៃទី១៧​ ​ខែមករា​ ​ឆ្នាំ​២០១៩​ ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បញ្ជាក់​ថា​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​កម្ពុជា​បាន​ព្យា​ករណ៍​ថា​កម្ពុជា​នឹង​រង​ឥទ្ធិពល​ពី​បាតុភូត​ ​អែលនីណូ​ ​ដោយ​ប្រយោល​ ​នា​រដូវ​ប្រាំង​ឆ្នាំ២០១៩​នេះ។​សារាចរ​ណែនាំ​ដដែល​បន្ត​ថា​ឥទ្ធិពល​នៃ​បាតុភូត​នេះ នឹង​បង្ក​ឲ្យ​អាកាស​ធាតុ​នៅ​កម្ពុ​ជា​នា​រដូវ​ប្រាំង​ ​ជា​ពិសេស​ក្នុង​ខែមេសា​និង​ឧសភា​ ​មាន​សភាព​ក្តៅ​ហួតហែង​ ​សីតុណ្ហភាព​អតិ​បរមា​ពេល​ខ្លះ​ហក់​ឡើង​ខ្ពស់​រហូត​ដល់​៤០ ទៅ​៤២​អង្សារ​មាន​ភ្លៀង​កក់​ខែ​ធ្លាក់​តិច​ ​មាន​បាតុភូត​ផ្គរ​ ​រន្ទះ​ ​និង​ខ្យល់​កន្រ្តាក់​កើត​ឡើង​ច្រើន​ ​រដូវ​វស្សា​យឺត​ជាង​បណ្តា​ឆ្នាំ​កន្លង​ទៅ-ល-។​

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ណែនាំ​ពលរដ្ឋ​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​សារាចរ​នោះ​តាម​ន័យ​ដើម​ថា៖

​«ការងារ​បង្ក​បង្កើន​ផល​ស្រូវ​ប្រាំង​ក្នុង​ឆ្នាំ​២០១៩​នេះ គឺ​អាច​ធ្វើ​បាន​តែ​១ដង​ប៉ុណ្ណោះ​ ​ដោយ​មិន​អាច​ធ្វើ​ស្រូ​វប្រាំង​លើក​ទី២​ ​បានទេ​ ​បើទោះ​បី​ជា​ទឹក​នៅ​តាម​បណ្តា​អាង​ដែល​បាន​រក្សា​ទុក និង​កន្លែង​មូយ​ចំនួន​ដែល​មាន​ទឹក​ជា​ធម្មជាតិ​ក៏ដោយ​ ​គួរ​គប្បី​រក្សា​ទឹក​ទុក​សម្រាប់​ការប្រើប្រាស់​ប្រចាំ​ថ្ងៃ​ ​និង​ការដាំ​ដំណាំ​រួម​ផ្សំ​ផ្សេង​ទៀត​ក្រៅ​ពី​ស្រូវ។​ ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ ​ត្រូវ​ចូល​រួម​ចាត់វិធាន​ការ​រក្សា​ទឹក​ទុក​ឲ្យ​បាន​ល្អ​ ​ដើម្បី​ផ្គត់ផ្គង់​សម្រាប់​តែ​ការប្រើប្រាស់​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ រហូត​ដល់​មាន​ភ្លៀង​ធ្លាក់​ជា​ធម្មតា​ឡើងវិញ»។​

ក្នុង​សារាចរ​នោះ​ ​រាជ​រដ្ឋាភិបាល​ក៏​បាន​ណែនាំ​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ​និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ត្រៀម​លក្ខណៈ​ជួយ​សង្គ្រោះ​ប្រជាពល​រដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​នា​នា​ ដូច​ជា​ខ្យល់​កន្រ្តាក់​ជាដើម៕​

XS
SM
MD
LG