ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាជន​ខ្មែរ​រាប់​ពាន់​នាក់​បាត់​បង់​ការងារ​ ​កាស៊ីណូ​មួយ​ចំនួន​ត្រូវ​បិទទ្វារ ដោយសារ​ការ​បិទ​ល្បែង​លើ​អ៊ីនធឺណិត


កាស៊ីណូ​មួយ​កន្លែង​នៅ​ខេត្ត​ព្រះសីហនុ ប្រទេស​កម្ពុជា។ ខេត្តដែលជា​ទី​ពេញ​និយម​នៃ​អ្នក​ទេសចរ​ បាន​ក្លាយ​ជា​ទីតាំង​កាស៊ីណូ​របស់​ជន​ជាតិ​ចិន។
កាស៊ីណូ​មួយ​កន្លែង​នៅ​ខេត្ត​ព្រះសីហនុ ប្រទេស​កម្ពុជា។ ខេត្តដែលជា​ទី​ពេញ​និយម​នៃ​អ្នក​ទេសចរ​ បាន​ក្លាយ​ជា​ទីតាំង​កាស៊ីណូ​របស់​ជន​ជាតិ​ចិន។

ប្រជាជន​ខ្មែរ​ជាង​៧​ពាន់​នាក់​ត្រូវ​បាត់បង់​ការងារ ​ហើយ​កាស៊ីណូ​រាប់​សិប​កន្លែង​ត្រូវ​បិទ​ទ្វារ ចាប់​តាំង​ពី​មាន​ការ​ហាមឃាត់​មិន​ឲ្យ​លេង​ល្បែងលើ​អ៊ីនធឺណិត​កាល​ពី​ខែ​សីហា​មក។ គេ​រំពឹង​ថា ការ​ខាតបង់​នឹងកើន​ឡើង​ច្រើន​ជាង​នេះ នៅ​ពេល​ដែល​រដ្ឋាភិបាល​ចាប់​ផ្ដើម​ធ្វើ​អធិការកិច្ច​ក្នុង​សប្ដាហ៍​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​មន្ត្រី​នៅ​ថ្ងៃ​អង្គារ​នេះ។ ​

ខេត្ត​ព្រះសីហនុ​ដែល​ជា​ខេត្ត​ជាប់​សមុទ្រ​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​កម្ពុជា​ បាន​លេច​ធ្លោជា​មជ្ឈមណ្ឌល​មួយ​សម្រាប់​លេង​ល្បែង​ស៊ីសង ហើយ​កាស៊ីណូ​រាប់​សិប​កន្លែង​នៅ​ទីនោះ​ដែល​ជា​របស់​ចិន មាន​ប្រតិបត្តិការ​លេង​ល្បែង​លើ​អ៊ីនធឺណិត។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ក្នុង​សប្ដាហ៍​នេះ​ថា ​លោក​នឹង​ហាម​ឃាត់​ការ​លេង​ល្បែង​ស៊ីសង​លើ​អ៊ីនធឺណិត​ជា​អចិន្ត្រៃយ៍។ លោក​ប្រកាស​ដូច្នេះ បន្ទាប់​ពី​ការ​ប្រកាស​ជា​លើក​ទីមួយ​ឲ្យ​ផ្អាក​ការ​លេង​ល្បែង​ស៊ីសង​តាម​អ៊ីនធឺណិត​កាល​ពី​ខែ​សីហា។ លោក ហ៊ុន សែន ថ្លែង​ថា ឧស្សាហកម្ម​នេះ​ត្រូវ​បាន​ឧក្រិដ្ឋជន​បរទេស​ប្រើប្រាស់​ដើម្បី​ជំរិត​ទារ​ប្រាក់។

ក្រុមមន្ត្រី​នឹង​ចាប់​ផ្ដើម​ធ្វើ​អធិការកិច្ច​នៅ​តាម​កាស៊ីណូ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា​នេះ​ត​ទៅ ដើម្បី​ឲ្យ​ប្រាកដ​ថា កាស៊ីណូ​ទាំង​នោះ​បាន​បិទ​ប្រតិបត្តិការ​លេងល្បែង​ស៊ីសង​តាម​អ៊ីនធឺណិត​របស់​ពួកគេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក រស់ ភារុន អគ្គនាយករង​នៃ​នាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​របស់​ក្រសួង​ហិរញ្ញវត្ថុ​ទៅ​កាន់​ទីភ្នាក់ងារ​ព័ត៌មាន Reuters៕

XS
SM
MD
LG