ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ផលិតករ​ចងក្រង​ខ្សែ​ភាពយន្ត​អំពី​លទ្ធិ​ប្រជាធិបតេយ្យ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា


រូបភាព​ឯកសារ៖ ប្រជាពលរដ្ឋ​ចូលរួម​ដើរ​ដង្ហែ​ក្បួនរបស់​សមាជ​ប្រជាជន​អាស៊ាន​ហៅកាត់ថា (AGPA) កាល​ពី​ឆ្នាំ២០១២នៅ​កម្ពុជា​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅកម្ពុជា។ (Courtesy Image)

កំណត់​និពន្ធ៖ ប្រជាជន​កម្ពុជា​កាន់​តែ​ច្រើន​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ចងក្រង​ឯកសារ​ស្តី​អំពី​ការ​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ និង​ដើម្បី​ពិភាក្សា​បញ្ហា​នយោបាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ នេះ​គឺជា​លទ្ធិ​ប្រជាធិបតេយ្យ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​ហៅថា (Cyber-Democracy) ដែល​បាន​ផុស​ចេញ​ជា​រូបរាង​ឡើង​ក្នុង​អំឡុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ តាមរយៈ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប និង​ប្រព័ន្ធ​អ៊ីនធឺណិត។ នេះ​បើ​យោង​តាមលោក​ស្រី Ellen Grant ជនជាតិ​អាមេរិក និង​ជាផលិតករ​ខ្សែ​ភាព​យន្ត​ឯកសារ​ ដែល​បាន​ចងក្រង​ខ្សែ​ភាពយន្ត​ឯកសារ​មួយ​ស្តី​អំពី​លទ្ធិ​ប្រជាធិបតេយ្យ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា។ លោកស្រី Ellen Grant បាន​ផ្តល់​បទ​សម្ភាសន៍​ឲ្យ​នាង ទែន សុខស្រីនិត នៃ​វីអូអេ តាម​ទូរស័ព្ទ​អំពី​ខ្សែ​ភាពយន្ត​ឯកសារ​នេះ។

VOA៖ ជា​បឋម តើ​ហេតុអ្វី​បាន​ជា​លោកស្រី​ទៅ​ប្រទេស​កម្ពុជា ហើយ​ចាប់​អារម្មណ៍​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​អំពី​កម្ពុជា?

លោក​ស្រី Ellen Grant គឺជា​ផលិតករ​ខ្សែភាព​យន្ត​ឯកសារ​នៅ​រដ្ឋ Washington ដែល​ថ្មីៗ​នេះ​លោក​ស្រី​បាន​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​មួយ​ស្តី​ពី​លទ្ធិ​ប្រជា​ធិបតេយ្យ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Cyber-democary)។ (រូបថត​ផ្តល់​ឲ្យ)
លោក​ស្រី Ellen Grant គឺជា​ផលិតករ​ខ្សែភាព​យន្ត​ឯកសារ​នៅ​រដ្ឋ Washington ដែល​ថ្មីៗ​នេះ​លោក​ស្រី​បាន​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​មួយ​ស្តី​ពី​លទ្ធិ​ប្រជា​ធិបតេយ្យ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Cyber-democary)។ (រូបថត​ផ្តល់​ឲ្យ)

Ellen Grant៖ តាម​ពិត​ទៅ ខ្ញុំ​ត្រូវ​បាន​អញ្ជើញ​ទៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ជួយ​ជនជាតិ​កាណាដា ម្នាក់​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​មួយ។ ក្នុង​អំឡុង​ពេល​នៅ​កម្ពុជា ខ្ញុំ​មាន​ឱកាស​ជួប និង​និយាយ​ជាមួយ​ប្រជាជន​ខ្មែរ​ជា​ច្រើន​នាក់ ដែល​បាន​ចូលរួម​នៅ​ក្នុង​ចលនា​លទ្ធិ​ប្រជា​ធិបតេយ្យ។ ខ្ញុំ​ពិតជា​ភ្ញាក់​ផ្អើល​នឹង​កិច្ច​ខំប្រឹងប្រែង និង​ភាព​ក្លាហ៊ាន​របស់​ពួក​គេ ដែល​ជំរុញ​ឲ្យ​ខ្ញុំ​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​មួយ​ស្តី​អំពី​ចលនា​លទ្ធិ​ប្រជា​ធិបតេយ្យ និង​សារៈសំខាន់​នៃ​ការ​ធ្វើ​ទំនាក់​ទំនង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

VOA៖ តើ​ខ្សែ​ភាពយន្ត​ឯកសារ​នោះ​និយាយ​អំពី​អ្វី​ទៅ?

Ellen Grant៖ ខែ្ស​ភាពយន្ត​ឯកសារ​របស់​ខ្ញុំ​បង្ហាញ​ពី​ការ​វិវត្តន៍​នៃ​ការ​ខ្វែង​គំនិត​គ្នា​រវាង​រដ្ឋាភិបាល និង​ប្រជា​ពលរដ្ឋ​នៅ​កម្ពុជា និង​ពី​ការ​ព្យាយាម​របស់​រដ្ឋាភិបាល​ដែល​កាន់​អំណាច​ដ៏​យូរ​អង្វែង និង​ពុករលួយ​របស់​កម្ពុជា ក្នុង​ការ​គ្រប់គ្រង​ចលនា​លទ្ធិ​ប្រជា​ធិបតេយ្យ​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត។ នៅ​កម្ពុជា ប្រព័ន្ធ​អ៊ីនធឺណិត​បាន​ដើរ​តួនាទី​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ចលនា​លទ្ធិ​ប្រជា​ធិបតេយ្យ។ ប្រជា​ពលរដ្ឋ​កម្ពុជា​បាន​ចងក្រង​ទុក​ជា​ឯកសារ​រាល់​បញ្ហា​សង្គម ដូចជា បញ្ហា​រឹប​អូស​ដី​ធ្លី ប្រាក់​បៀរវត្សរ៍​ទាប និង​ការ​គាប​សង្កត់​លើ​សិទ្ធិ​បញ្ចេញ​មតិ ដែល​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ ដោយ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ ហើយ​ពួក​គេ​បង្ហោះ​ទិដ្ឋភាព​ទាំង​នោះ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។

VOA៖ ខ្សែ​ភាពយន្ត​ឯកសារ​របស់​លោកស្រី​មាន​ចំណង​ជើង​ថា «‍លទ្ធិ​ប្រជា​ធិបតេយ្យ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា»។ សូម​លោកស្រី​ពន្យល់​បន្តិច ថា​តើ​លទ្ធិ​ប្រជា​ធិបតេយ្យ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​មាន​ន័យ​យ៉ាង​ដូច​ម្តេច?

Ellen Grant៖ លទ្ធិ​ប្រជា​ធិបតេយ្យ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​សំដៅ​ទៅ​លើ​ការ​ចូលរួម​របស់​ប្រជា​ពលរដ្ឋ​តាម​មូលដ្ឋាន​ក្នុង​ការ​តាម​ដាន និង​ចូលរួម​ក្នុង​ការ​តវ៉ា ឬ​បាតុកម្ម​ផ្សេងៗ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​លើក​កម្ពស់ និង​ប្រមូល​ផ្តុំ​ការ​គាំទ្រ​សម្រាប់​កិច្ច​ខំ​ប្រឹងប្រែង​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​រងគ្រោះ។

VOA៖ថ្មីៗ​នេះ សមាជិក​រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​ច្បាប់​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​កម្ពុជា​ក៏​កំពុង​តែ​ព្រាង​ច្បាប់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ តើ​លោកស្រី​យល់​ថា​ប្រជាពលរដ្ឋ​កម្ពុជា​អាច​បន្ត​តស៊ូ​ដើម្បី​ការ​ផ្លាស់ប្តូរ ដែល​ពួក​គេ​ចង់​បាន​តាម​រយៈ​ការ​ចូលរួម​លទ្ធិ​ប្រជា​ធិបតេយ្យ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​យ៉ាង​ដូច​ម្តេច?

Ellen Grant៖ ខ្ញុំ​យល់​ថា ការ​បន្ត​ធ្វើ​ឲ្យ​ប្រព័ន្ធ​អ៊ីនធឺណិត​មាន​សេរីភាព​សម្រាប់​ដំណើរ​លទ្ធិ​ប្រជា​ធិបតេយ្យ​គឺ​មាន​សារៈសំខាន់។ ហើយ​ខ្ញុំ​សង្ឃឹម​ថា ខ្សែ​ភាពយន្ត​ឯកសារ​នេះនឹង​ជួយ​លើក​កម្ពស់​ឲ្យ​មាន​ការ​យល់ដឹង​អំពី​ស្ថានភាព​ជាក់ស្តែង​នៃ​សង្គម​កម្ពុជា ដែល​ពោរពេញ​ដោយ​បញ្ហា ហើយ​និង​អំពី​ការ​ចាំបាច់​នៃ​ការ​គាំទ្រ​ចលនា​លទ្ធិ​ប្រជា​ធិបតេយ្យ​ ដោយ​ជួយ​ដោះស្រាយ​ភាព​អយុត្តិធម៌ និង​ការ​គាប​សង្កត់​លើ​សិទ្ធិ​បញ្ចេញ​មតិ និង​ការ​ជួប​ជុំ​គ្នា​នៅ​តាម​ទីកន្លែង​នានា​នៅ​កម្ពុជា។ ហើយ​ខ្ញុំ​ក៏​យល់​ថា ការ​គាំទ្រ និង​ការ​ដាក់​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ក៏​នឹង​ដើរ​តួនាទី​ដ៏​សំខាន់​ផង​ដែរ។

VOA៖ តើ​សេរីភាព​ទទួល​បាន​ព័ត៌មាន និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ឋិត​ក្នុង​ស្ថានភាព​យ៉ាង​ដូច​ម្តេច បើ​ធៀប​នឹង​ប្រទេស​ផ្សេងៗ​នៅ​តំបន់​អាស៊ីអាគេ្នយ៍?

Ellen Grant៖ ការ​ប្រើ​អំណាច​ជិះ​ជាន់ និង​ការ​គាប​សង្កត់​គឺ​ជា​បញ្ហា​កើត​មាន​នៅ​កម្ពុជា។ យើង​មិន​អាច​ប្រៀប​ធៀប​ការ​ប្រើ​អំណាច​ជិះជាន់​នៅ​ប្រទេស​មួយ​ទៅ​នឹង​ប្រទេស​មួយ​ទៀត​បាន​ទេ។ បើ​សិទ្ធិ​បញ្ចេញ​មតិ ឬ​សិទ្ធិ​ជួបជុំ​គ្នា​នៅ​ប្រទេស​មួយ​ត្រូវ​បាន​រឹត​ត្បិត​ នោះ​យើង​ត្រូវ​តែ​និយាយ​ថា មាន​ការ​រឹតត្បិត។ ជា​ការ​ពិត​ណាស់ សិទ្ធិ​បញ្ចេញ​មតិ និង​សិទ្ធិ​ជួបជុំ​គ្នា​កំពុង​តែ​មាន​បញ្ហា​នៅ​តាម​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ដូច្នេះ អ្វី​ដែល​កើត​ឡើង​នៅ​កម្ពុជា​គឺ​ច្បាស់​ជា​ពាក់ព័ន្ធ​នឹង​ប្រទេស​ឯទៀត​នៅ​ក្នុង​តំបន់​នេះ និង​ជុំវិញ​ពិភពលោក​ផង​ដែរ។

VOA៖ លោកស្រី​បាន​និយាយ​ថា ការ​ទទួល​បាន​ព័ត៌មាន​គឺជា​ការ​តស៊ូ​ដើម្បី​ការ​ផ្លាស់ប្តូរ​នៅ​កម្ពុជា។ តើ​លោកស្រី​សំដៅ​ទៅ​លើ​អ្វី​ក្នុង​ន័យ​នេះ?

Ellen Grant៖ ក្នុង​អំឡុង​ពេល​នេះ នៅ​កម្ពុជា​ ម្ខាង​យើង​ឃើញ​មាន​សារព័ត៌មាន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល ដែល​ដើរ​តួនាទី​សំខាន់​សម្រាប់​គណបក្ស​កាន់​អំណាច និង​ក្រុម​អ្នក​មាន​អំណាច។ ក្រុម​នេះ​ខំ​បង្ហាញ និង​បង្កើត​ស្ថានភាព​មួយ ឬ​អ្វី​មួយ ដែល​ពួក​គេ​ហៅ​ថាការ​ពិត​មួយ​ ហើយ​អ្វី​ដែល​ប្រឆាំង​ការ​ពិត​នោះ​ត្រូវតែ​មាន​ការ​ឆ្លើយ​តប។ ប្រព័ន្ធ​អ៊ីនធឺណិត​នឹង​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ទាក់ទង​គ្នា​យ៉ាង​ទូលំ​ទូលាយ។ ផ្នែក​មួយ​នៃ​ខ្សែ​ភាពយន្ត​ឯកសារ​នេះ​ក៏​បាន​បង្ហាញ​ដែរ​ថា នៅ​តំបន់​ជនបទ​ដែល​មិន​មាន​ប្រព័ន្ធ​អ៊ីនធឺណិត​ប្រើប្រាស់ ការ​សួរ​នាំ​ពី​ស្ថានភាព​អ្វី​មួយ​គឺ​កើត​ឡើង​តាម​រយៈ​ការ​ឮ​តៗ​គ្នា។ ក៏​ប៉ុន្តែ សេវា​ប្រព័ន្ធ​អ៊ីនធឺណិត​មាន​លក្ខណៈ​ធំទូលាយ​ទាំង​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។ ដូច្នេះ ការ​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត​គឺ​មាន​ន័យ​ថា ការ​ត្រួត​ពិនិត្យ​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន។

VOA៖​ តើ​ខ្សែ​ភាព​យន្ត​របស់​លោកស្រី​គ្រោង​នឹង​ចាក់​បញ្ចាំង​ជា​សាធារណៈ​នៅ​ពេល​ណា​ដែរ?

Ellen Grant៖ ខ្ញុំ​បាន​ចូល​រួម​ក្នុង​កម្មវិធី​ខ្សែ​ភាពយន្ត​មួយ​ចំនួន ហើយ​តាម​រយៈ​ការ​ចូលរួម​នេះ ខ្ញុំ​មិន​ទាន់​អាច​ផ្សព្វផ្សាយ​ខ្សែ​ភាព​យន្ត​ឯកសារ​នេះ​ជា​សាធារណៈ​នៅ​ឡើយ​ទេ លុះ​ត្រាតែ​គណៈ​កម្មាការ​ធ្វើ​ការ​វាយ​តម្លៃ​ចប់។ ការ​ចាក់​បញ្ចាំង​លើក​ដំបូង​បង្អស់​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង Long Beach រដ្ឋ​កាលីហ្វ័រញ៉ា នៅ​ថ្ងៃទី២៤ ខែ​តុលា​ខាង​មុខ​នេះ។ ខ្ញុំ​សង្ឃឹម​យ៉ាង​មោះមុត​ថា យើង​នឹង​អាច​ស្វែង​រក​មនុស្ស​មក​ជួយ​បកប្រែ ហើយ​អាន​ខ្លឹមសារ​នៃ​ខ្សែ​ភាពយន្ត​ឯកសារ​នេះ​ជា​ភាសា​ខ្មែរ​បាន​ក្នុង​ពេល​ខាង​មុខ​នេះ៕

XS
SM
MD
LG