ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រឿង«មុន​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ»​ដឹក​នាំ​ដោយលោកស្រី ​Angelina Jolie​ ជួយ​ឲ្យ​កម្ពុជា​ល្បី​លើ​ឆាក​អន្តរ​ជាតិ


តារា​និង​អ្នក​ដឹក​នាំ​រឿង​ហូលីវូដ​ ដ៏ល្បីល្បាញ​ ​លោកស្រី Angelina Jolie​​​​ អង្គុយក្នុង វេទិការ​សន្និសីទ​សារព័ត៌មាន​ស្តីពីការ​ដាក់​បញ្ចាំងខ្សែភាពយន្ត​រឿង​ «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​»​នាខេត្តសៀមរាប​​ក្នុងថ្ងៃទី​ ១៨ខែកុម្ភៈឆ្នាំ២០១៧។​ (នៅ វណ្ណារិន/VOA)
តារា​និង​អ្នក​ដឹក​នាំ​រឿង​ហូលីវូដ​ ដ៏ល្បីល្បាញ​ ​លោកស្រី Angelina Jolie​​​​ អង្គុយក្នុង វេទិការ​សន្និសីទ​សារព័ត៌មាន​ស្តីពីការ​ដាក់​បញ្ចាំងខ្សែភាពយន្ត​រឿង​ «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​»​នាខេត្តសៀមរាប​​ក្នុងថ្ងៃទី​ ១៨ខែកុម្ភៈឆ្នាំ២០១៧។​ (នៅ វណ្ណារិន/VOA)

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការ​ដាក់​បញ្ចាំង​ខ្សែភាពយន្ត​នេះក្នុង​ខេត្ត​សៀមរាប​ ​លោក​ស្រី ​​Angelina Jolie​ ​បាន​បញ្ជាក់​ថា​ ការ​ផលិត​ខ្សែភាពយន្ត ​ដែល​យកតាម​សៀវភៅ​​របស់​អ្នក​និពន្ធ​ខ្មែរ​អាមេរិកាំង​​គឺ​លោកស្រី​​​ អ៊ឹង លួង ​ដែល​ជា​មិត្តសម្លាញ់​របស់​លោកស្រី​ ​Jolie​ ​ដើម្បី​បញ្ជាក់​ពី​ខ្សែជីវិត​និង​ការ​ជួប​ប្រទះ​របស់​ជន​ដែល​ងាយ​រង​គ្រោះ​នៅ​ក្នុង​សង្គ្រាម​​​ ​ហើយ​និង​សេចក្តី​ស្រលាញ់​និង​ការ​យក​ចិត្ត​ទុកដាក់​របស់​ក្រុម​គ្រួសារ​កម្ពុជា​ផង​ដែរ។​​

ខ្សែ​ភាពយន្ត​ ​«មុន​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ»​ត្រូវ​បាន​គេ​ដាក់​បញ្ចាំង​លើក​ដំបូង​បង្អស់​នៅ​កម្ពុជា​ កាល​ពី​ចុង​សប្តាហ៍​កន្លង​នៅ​ព្រះលាន​ជល់ដំរី​នា​ខេត្ត​សៀមរាប។​

ខ្សែ​ភាព​យន្ត​ស្តីពី​ជីវប្រវត្តិ​កុមារី​ម្នាក់​ក្នុង​របប​ខ្មែរ​ក្រហម​ដែល​គេ​ដឹង​ថា​បាន​កាប់​សម្លាប់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ជិត​២លាន​នាក់ ​ក្នុង​អំឡុងឆ្នាំ​ ​១៩៧៥ ដល់​១៩៧៩​ ​ត្រូវ​បាន​ដឹកនាំ​សម្តែងដោយ​តារា​ហូលីវូដ​ដ៏​ល្បី​គឺ​លោកស្រី ​Angelina Jolie​ ​និង​ផលិត​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​ទៅ​មិញ។​ ​តាម​រយៈ​ខ្សែភាព​យន្ត​នេះ​បាន​ធ្វើឲ្យលោស្រី​ ​Jolie​ ​មា​នទំនាក់​ទំនង​និង​យល់កាន់តែ​ច្បាស់​ពី​ប្រទេស​កម្ពុជា​ដែល​ជា​ស្រុក​កំណើត​របស់​កូន​ប្រុស​ចិញ្ចឹម​ដំបូង​បង្អស់​របស់​លោកស្រី។​

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការ​ដាក់​បញ្ចាំង​ខ្សែភាពយន្ត​នេះក្នុង​ខេត្ត​សៀមរាប​ ​លោក​ស្រី Angelina Jolie​ ​បាន​បញ្ជាក់​ថា​ ការ​ផលិត​ខ្សែភាពយន្ត ​ដែល​យកតាម​សៀវភៅរបស់​អ្នក​និពន្ធ​ខ្មែរ​អាមេរិកាំងគឺ​លោកស្រី​ អ៊ឹង លួង ​ដែល​ជា​មិត្តសម្លាញ់​របស់​លោកស្រី​ ​Jolie​ ​ដើម្បី​បញ្ជាក់​ពី​ខ្សែជីវិត​និង​ការ​ជួប​ប្រទះ​របស់​ជន​ដែល​ងាយ​រង​គ្រោះ​នៅ​ក្នុង​សង្គ្រាម​ ​ហើយ​និង​សេចក្តី​ស្រលាញ់​និង​ការ​យក​ចិត្ត​ទុកដាក់​របស់​ក្រុម​គ្រួសារ​កម្ពុជា​ផង​ដែរ។

​«ខ្ញុំ​គ្រាន់​តែ​ចង់​បង្ហាញ​ ​សាច់រឿង​នេះ​តាម​រយៈ​ក្រសែរ​ភ្នែក​របស់​កុមារ​ម្នាក់​ដែល​អាច​ធ្វើ​ឲ្យ​ខ្ញុំ​មានបទ​ពិសោធន៍​ឆ្លង​កាត់​រឿងរាវ​នេះ​[សម័យ​ខ្មែរក្រហម]​ ​តាម​ទស្សនៈ​ផ្សេង​មួយ​ទៀត។​ ខ្ញុំ​មិន​ចង់​ផ្តោត​ទៅ​លើ​សង្គ្រាម​តែ​មួយ​នោះ​ទេ ​ក៏ប៉ុន្តែ​ក៏​ផ្តោត​ទៅ​លើ​សេចក្តី​ស្រឡាញ់​របស់​ក្រុម​គ្រួសារ​និង​ភាព​ស្រស់ស្អាត​របស់​ប្រទេស​នេះ។​ ​ជា​ការ​ពិតខ្ញុំ​ចង់​យល់​ឲ្យ​បាន​ច្បាស់​ពី​អ្វី​ដែល​ឪពុកម្តាយ​បង្កើត​របស់​កូន​ចិញ្ចឹម​ខ្ញុំ​ធ្លាប់​ឆ្លង​កាត់ ​ហើយ​ខ្ញុំ​ក៏​ចង់​យល់​ពី​ប្រទេស​នេះ​ឲ្យ​កាន់​តែ​ច្បាស់​ផង​ដែរ។​ ​លើស​ពី​នេះ​ទៀត​ ខ្ញុំ​ក៏​សង្ឃឹម​នឹង​អាច​ផ្តល់​សេចក្តី​គោរព​ដល់​អ្នក​ដែល​នៅ​រស់រាន​ពី​របប​នេះ​ ​ក៏​ដូច​ជា​រឿងរ៉ាវ​របស់​មិត្ត​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​និង​គ្រួសារ​នាង»។​

​ភាពយន្តរឿង​«មុន​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ»​ ​ដែល​ឧបត្ថម្ភទុន​ដោយ​ក្រុមហ៊ុន​ខ្សែ​ភាព​យន្ត​អនឡាញ Netflix​ ​ត្រូវ​បាន​ផលិត​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​ទៅ​មិញ​ ​ដោយ​ផ្អែក​លើ​សៀវភៅ​ជីវ​ប្រវត្តិ​របស់​ខ្មែរ​អាមេរិកកាំង​មួយ​រូប​គឺ​លោក​ស្រី​ ​អ៊ឹង លួង​ ​ដែលបានបាត់បង់​សមាជិក​គ្រួសារ​និង​ឪពុក​បង្កើត​ក្នុង​សម័យ​ខ្មែរ​ក្រហម។ ​ខ្សែ​ភាពយន្ត​នេះ​ត្រូវ​បាន​ផលិត​ដោយលោក​ ​ប៉ាន់ រិទ្ធី ​និងលោកស្រី ​Angelina Jolie​ ​ដោយ​ប្រើប្រាស់​តារា​សម្តែង​និង​អ្នក​បច្ចេក​ទេស​ជនជាតិ​ខ្មែរ​ជាង​៣.៥០០​នាក់។​

លោក​ស្រី ​អ៊ឹង លួង​ ​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​មុន​ពេល​ដាក់​បញ្ចាំង​ខ្សែភាព​យន្ត​នោះ​ថា ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​នៃ​ការផលិត​ខ្សែភាព​នេះ​ឡើង​នឹងអាច​ឆ្លុះ​បញ្ជាំង​ពី​ថតភាព​ ​និង​បញ្ហា​ដែល​ក្រុម​គ្រួសារ​ខ្មែរ​ធ្លាប់​បាន​ឆ្លង​កាត់​ក្នុង​សម័យ​សង្គ្រាម។

លោក​ស្រី​ អ៊ឹង លួង​ ​បញ្ជាក់​ថា៖​ ​«ខ្ញុំ​មាន​មោទនភាព​យ៉ាង​ខ្លាំង​ ​ចំពោះ​ខ្សែ​ភាពយន្ត​នេះ​ ​ហើយ​ខ្ញុំ​មើល​ឃើញរឿង​នេះ​ ​ថាជា​រឿង​របស់​យើង​ទាំង​អស់​គ្នា​ ​ដែល​មាន​រ៉ាយរ៉ាប់ក្នុង​រឿង​នេះ។​ ​វា​ត្រូវ​បាន​ចាប់​ផ្តើម​ពី​រឿងរ៉ាវរបស់​គ្រួសារខ្ញុំ​ក៏​ពិត​មែន​ ​ក៏​ប៉ុន្តែ​អ្នក​គ្រប់គ្នា​ដែល​ជំពាក់​ពាក់ពិន​ក្នុង​នោះ​ ​ពួក​គេក្លាយ​ជា​ផ្នែក​មួយ​នៃ​រឿង​របស់​ពួក​យើង​ ​ហើយ​យើង​ជា​ផ្នែក​នៃ​រឿងរ៉ាវ​ជីវិត​របស់​ពួក​គេ។​ តាំង​ពី​អ្នក​ផាត់មុខ​ដែល​ប្រឹងប្រែង​ផាត់មុខ​ឲ្យ​យើង​មើល​ទៅ​ដូច​ជា​ពិតៗ​ ​ទាំង​អ្នក​រៀបចំ​ភ្លើង​អ្នក​សម្តែង​ បង​ ប៉ាន់​ រិទ្ធី​ ​និង​ការ​ប្រឹង​ប្រែង​របស់​គាត់​រាប់​ទសវត្សរ៍​ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​រឿងរ៉ាវ​សម័យ​ខ្មែរ​ក្រហម»។

អ្នកស្រី​ Loung Ung អ្នកនិពន្ធ​នៃ​ខ្សែភាពយន្ត «មុនដំបូង​ខ្មែរក្រហមសម្លាប់ប៉ារបស់​ខ្ញុំ»​ អង្គុយ​នៅ​ក្នុងវេទិការ​សន្និសីទ​សារព័ត៌មាន​ស្តីពីការ​ដាក់​បញ្ចាំងខ្សែភាពយន្ត​រឿង​ «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​»​នាខេត្តសៀមរាបក្នុងថ្ងៃទី​ ១៨ខែកុម្ភៈឆ្នាំ២០១៧។​ (នៅ វណ្ណារិន/VOA)
អ្នកស្រី​ Loung Ung អ្នកនិពន្ធ​នៃ​ខ្សែភាពយន្ត «មុនដំបូង​ខ្មែរក្រហមសម្លាប់ប៉ារបស់​ខ្ញុំ»​ អង្គុយ​នៅ​ក្នុងវេទិការ​សន្និសីទ​សារព័ត៌មាន​ស្តីពីការ​ដាក់​បញ្ចាំងខ្សែភាពយន្ត​រឿង​ «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​»​នាខេត្តសៀមរាបក្នុងថ្ងៃទី​ ១៨ខែកុម្ភៈឆ្នាំ២០១៧។​ (នៅ វណ្ណារិន/VOA)

​ខ្សែភាព​យន្ត​ហូលីវូដ​ដែល​ផលិត​ដោយ​ផលិតករ​និង​តារា​សម្តែង​ខ្មែរ​នេះ​ត្រូវ​បាន​គេ​បញ្ចាំង​ជាលើក​ទី១​ក្នុង​ប្រទេស​កម្ពុជា​ ​គឺ​នៅក្នុង​ខេត្ត​សៀមរាប រាជធានី​ភ្នំពេញ​ ​និង​នៅខេត្ត​បាត់​ដំបង ​ដែលជាទីដែល​ភាពយន្ត​នេះ​ត្រូវ​បាន​គេ​ថតផង​ដែរ។

ក្រៅ​ពី​ជួយឲ្យ​ផ្នែក​ភាព​យន្ត​កម្ពុជា​មាន​ឈ្មោះ​ក្នុង​ឆាក​អន្តរជាតិ​និង​ជួយ​ដល់​សេដ្ឋ​កិច្ច​ខ្មែរ​ ​អ្នក​ជំនាញ​ផ្នែក​ប្រវត្តិសាស្ត្រ​និង​សិល្បករ​យល់​ស្របគ្នា​ថា​ ​ការ​ផលិត​ភាពយន្ត​រឿង​ ​«មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ»​ នេះឡើង ​គឺ​អាច​ជួយ​ឲ្យ​ពិភពលោក​បាន​ដឹង​ពី​ការពិត​ ​និង​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​គ្រួសារ​ខ្មែរ​នាសម័យ​នោះ។​ ​លើស​ពី​នេះ​ទៀត​ ​ខ្សែភាពយន្ត​នេះ​នឹង​អាច​ជួយ​ផ្សះផ្សារ​របួស​ផ្លូវ​ចិត្ត​ដល់​ជន​រងគ្រោះ​ក្នុង​របប​នេះ​ផង​ដែរ។

​លោក ប៉ាន់ រិទ្ធី​ សហផលិតករ​នៃ​ភាព​យន្ត​រឿង​ ​«មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ»។​

«ការ​ថត​ភាពយន្ត​ ​សរសេរ​សៀវភៅ​ ​និង​ការ​និពន្ធ​បទ​ចម្រៀង​ជា​វិធី​ផ្សេងៗ​សម្រាប់សម្តែង​អារម្មណ៍​ដើម្បី​យល់​ពី​ប្រវត្តិសាស្ត្រ។​ ​ហើយ​យើង​មាន​សំណាង​ណាស់​ដោយ​សារ​នៅ​ប្រទេស​កម្ពុជាយើង​ ​យើង​ប្រើ​សិល្បៈ​យ៉ាង​ច្រើន​នៅ​ក្នុង​ដំណើរការ​ធ្វើ​ឲ្យ​សះ​ផ្លូវ​ចិត្ត។ ​អ្នក​ដឹង​ហើយ​ថា ​ខ្មែរ​យើង​ពិត​ជា​ពូកែ​ខាង​សិល្បៈ។​ ​ដូច្នេះ​ការ​ផលិត​ភាពយន្ត ​ការ​ច្រៀង​ចម្រៀង​ ​ហើយ​វិធី​ណា​ទាំង​អស់​ ដែល​អ្នក​អាច​សម្តែង​អារម្មណ៍​ផ្ទាល់​ខ្លួន​បាន​ ជា​រឿង​ល្អ។​ ​យើង​ត្រូវ​តែ​និយាយ​អំពី​រឿងរ៉ាវ​ទាំង​នេះ​ ​ហើយ​វា​ជា​រឿង​របស់​អ្នក​រាល់​គ្នា។​ ​នេះ​ជា​រឿង​ចាំ​បាច់»។

លោក​ ប៉ាន់ រិទ្ធី អ្នក​ផលិត​ខ្សែ​ភាព​យន្ត «​មុនដំបូង​ខ្មែរក្រហមសម្លាប់​ប៉ា​ខ្ញុំ» ចូល​រួម​ក្នុង​សន្និសីទ​សារព័តមាន​កាល​ពី​ថ្ងៃទី​១៨ កុម្ភៈ ២០១៧ ខេត្ត​សៀមរាម ប្រទេស​កម្ពុជា។ (នៅ វណ្ណារិន/VOA)
លោក​ ប៉ាន់ រិទ្ធី អ្នក​ផលិត​ខ្សែ​ភាព​យន្ត «​មុនដំបូង​ខ្មែរក្រហមសម្លាប់​ប៉ា​ខ្ញុំ» ចូល​រួម​ក្នុង​សន្និសីទ​សារព័តមាន​កាល​ពី​ថ្ងៃទី​១៨ កុម្ភៈ ២០១៧ ខេត្ត​សៀមរាម ប្រទេស​កម្ពុជា។ (នៅ វណ្ណារិន/VOA)

​ស្របគ្នា​នោះ​ដែរ​ ​លោក​ ​John Swain​ ​អតីត​អ្នក​សារព័ត៌មាន​ក្នុង​សម័យ​សង្គ្រាម​មុនរបប​ខ្មែរ​ក្រហម​ ​ដែល​ខ្សែជីវិតពិត​របស់​គាត់​ ​និង​អតីត​អ្នក​សារព័ត៌មាន​ខ្មែរ​មួយ​រូប​ ​ត្រូវ​បាន​គេ​យក​ទៅ​ថត​ជា​រឿង​ ​

«វាលពិឃាត»​ដ៏ល្បីល្បាញ។​ ​លោក​យល់​ស្រប​ដែរ​ថា ​ខ្សែភាពយន្តថ្មី​រឿង«មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​» ​ដែល​មាន​ភាព​ខុស​ប្លែក​ពី​ខ្សែ​រឿង​របស់​លោក​នោះ​ ​នឹង​អាច​ជួយ​រ៉ាយ​រ៉ាប់​រឿង​ពិត​បន្ថែម​ទៀត​ ​អំពី​អ្វី​ដែល​ធ្លាប់​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា។​ ​លោក​សង្ឃឹម​ថា​ វា​នឹង​ជួយ​ផ្សះផ្សារ​របួសផ្លូវចិត្ត​របស់​ជន​រង​គ្រោះ​ខ្មែរ។

​«ខ្ញុំ​មាន​ក្តី​សង្ឃឹម​យ៉ាងមុតមាំ​ ​ហើយ​ខ្ញុំ​គិត​ថា​ ​អ្នក​រួម​ចំណែក​ទាំង​អស់​នៅ​ក្នុង​ការ​ថត​ខ្សែ​ភាពយន្ត​នេះ​ក៏​យល់​ដូច​គ្នា​ដែរ​ថា​ ​វា​ជា​ដំណើរការ​នៃ​ការ​ផ្សះផ្សារ​សម្រាប់​ប្រជាជន​កម្ពុជា​ ​ជា​ដំណើរការ​នៃ​ការ​រៀនសូត្រ​អំពី​ខ្លួន​ឯង​របស់​ប្រជាជន​កម្ពុជា។​ អ្នក​ដឹង​ហើយ​ថា​ ​មាន​រឿង​ដ៏​ឃោរឃៅ​ដែល​បាន​កើត​ឡើង​នៅ​សម័យ​ខ្មែរក្រហម​ គឺ​មាន​ជន​រង​គ្រោះ​និង​មាន​ជន​ល្មើស ហើយ​ពេល​ខ្លះ​ពួក​គេ​ជា​មនុស្ស​តែ​មួយ។ ហើយ​ក្នុង​ការ​បង្ហាញ​ជា​វប្បធម៌ វា​ជា​លំបាក​ក្នុង​ការ​និយាយ​និង​ពិភាក្សា​អំពី​រឿង​នេះ ក៏​ដូច​ជា​ពិបាកសរសេរ​អំពីរឿង​នេះ។ មាន​ជនជាតិ​ខ្មែរ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​មាន​ភាព​ក្លាហាន​ហ៊ាន​ពិភាក្សា​ស៊ីជម្រៅ​អំពី​រឿង​នេះ»។

​ជា​មួយគ្នា​នោះ​ដែរ​លោក​ស្រី​ ​Elizabeth Becker​ ​អ្នកនិពន្ធ​សៀវភៅ​និង​ជាអតីត​អ្នក​សារព័ត៌មាន​អាមេរិកាំង​ប្រចាំ​កម្ពុជា​ក្នុង​សម័យ​សង្គ្រាម​លន់ នល់ ​បាន​ប្រាប់ ​VOA ​មុន​ពេលសន្និសីទសារព័ត៌មាន​ពី​ការ​ដាក់​បញ្ចាំង​ខ្សែភាពយន្តប្រវត្តិសាស្ត្រនេះ​ថា​ ការថតរឿង​រ៉ាវនឹងដាក់​បញ្ចាំង​រឿងរ៉ាវ​ដែល​កើត​ឡើង​កាល​ជាង​ពី៤០​ឆ្នាំ​មុន ​គឺ​មិន​ទាន់​ហួស​ពេល​នោះ​ទេ ​ព្រោះថា​វា​មាន​សារៈ​សំខាន់នឹង​ជួយ​ដល់​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ប្រជាជន​ដែល​ធ្លាប់ឆ្លង​កាត់​ភាព​រន្ធត់​ទាំង​នោះ។

​«រឿង​នេះ​មាន​ប្រយោជន៍​ចំពោះ​ប្រទេស​កម្ពុជា គឺ​ទី​១​ វា​ជា​រឿងរ៉ាវ​ដែល​ត្រូវ​តាក់តែង​បាន​យ៉ាង​ប្រណីត​ ​ហើយ​រឿងរ៉ាវ​ទាំង​ឡាយ​ណា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ការ​ពិត​នឹង​ជួយ​ដល់​ប្រទេស​កម្ពុជា។​ ​បើ​និយាយ​ពី​ផ្នែក​សិល្បៈ​វិញ កម្ពុជា​ជា​ប្រទេស​ដែល​ពូកែ​ខាង​សិល្បៈ​ស្រាប់។​ ​ប៉ុន្តែ តាម​រយៈ​សិល្បៈ ​ប្រសិន​បើ​អ្នក​បង្ហាញ​ពីរឿង​នេះ​កាន់​តែ​ច្រើន​ ​អ្នក​នឹង​កាន់​តែ​យល់​ខ្លាំង​ឡើង​អំពី​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​អ្នក។​ ​នេះ​ជា​រឿង​សំខាន់​ណាស់​ ​ហើយ​មិន​មាន​គេ​ថត​រឿង​នេះ​បាន​ច្រើន​ទេ។​ ​រឿង​នេះ​គ្រាន់​តែ​ជា​ភាពយន្ត​ខ្នាត​ធំទី​៣​ប៉ុណ្ណោះ​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា​ ​ហេតុ​នេះ​ហើយ​បាន​រឿង​នេះ​សំខាន់។​ ​ហើយ​ខ្ញុំ​គិត​ថា​ ​វា​នឹង​ដល់​ក្នុង​អារម្មណ៍​ទស្សនិកជន​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន»។

លោកស្រី ​Elizabeth Becker​ អ្នក​កាសែត​អាមេរិក​ដ៏​ល្បី​មួយ​រូប​និង​ជា​អ្នក​និពន្ធ​ (រូបកណ្តាល)​ និង​ ​លោក​John Swain​ (រូបខាងឆ្វេង) អ្នក​កាសែត​ជនជាតិ​អង់គ្លេស​ដ៏​ល្បី​ក្នុង​សម័យ​លន់ ណុល​និង​ជា​អ្នក​តួអង្គ​សំខាន់​ក្នុងរឿង​«វាលពិឃាត»​ឈរ​និយាយ​ជា​មួយ​អ្នក​សារព័ត៌មានមុនពេល​សន្និសីទ​សារ​ព័ត៌ មាន​ស្តីពីការ​ដាក់​បញ្ចាំងខ្សែភាពយន្ត​រឿង​ «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​»​នា​ខេត្ត​សៀមរាបក្នុង​ថ្ងៃទី​១៨ខែ​កុម្ភៈឆ្នាំ២០១៧។​(នៅ វណ្ណារិន/VOA)​
លោកស្រី ​Elizabeth Becker​ អ្នក​កាសែត​អាមេរិក​ដ៏​ល្បី​មួយ​រូប​និង​ជា​អ្នក​និពន្ធ​ (រូបកណ្តាល)​ និង​ ​លោក​John Swain​ (រូបខាងឆ្វេង) អ្នក​កាសែត​ជនជាតិ​អង់គ្លេស​ដ៏​ល្បី​ក្នុង​សម័យ​លន់ ណុល​និង​ជា​អ្នក​តួអង្គ​សំខាន់​ក្នុងរឿង​«វាលពិឃាត»​ឈរ​និយាយ​ជា​មួយ​អ្នក​សារព័ត៌មានមុនពេល​សន្និសីទ​សារ​ព័ត៌ មាន​ស្តីពីការ​ដាក់​បញ្ចាំងខ្សែភាពយន្ត​រឿង​ «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​»​នា​ខេត្ត​សៀមរាបក្នុង​ថ្ងៃទី​១៨ខែ​កុម្ភៈឆ្នាំ២០១៧។​(នៅ វណ្ណារិន/VOA)​

​យ៉ាង​ណា​ក៏​ដោយ​លោក​ Jonathan Friedland​ ប្រធាន​ផ្នែក​ទំនាក់​ទំនង​របស់ក្រុមហ៊ុន​ Netflix​ យល់​ថា​ខ្សែភាពយន្តស្តីពីជីវិតក្នុង​របប​ខ្មែរ​ក្រហម​ ​គឺ​វា​មានសារៈ​សំខាន់​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ឲ្យ​ក្មេង​កម្ពុជា​ជំនាន់​ក្រោយ​បាន​ដឹង​ពី​អ្វី​ដែល​ឪពុក​ម្តាយ​នឹង​អ្នក​ជំនាន់​មុន​បាន​ឆ្លង​កាត់។​

លោក​បន្ថែម​ថា៖«ខ្ញុំ​យល់​ថា​ វា​ក៏​សំខាន់​ដូច​គ្នា​សម្រាប់​ ​ពិភពលោក​ទាំង​មូល​ ​ក្នុង​ការ​ដឹង​នូវ​អ្វី​ដែល​ ​បាន​កើត​ឡើង​នៅ​ទី​នេះ​ ​ពីព្រោះ​ថា​ ​យើង​រស់​នៅ​ក្នុង​ពិភពលោក​ដែល​ជា​រឿយៗ​ ​ការ​សម្រេច​ចិត្ត​របស់​ថ្នាក់​ដឹកនាំ​អាច​ជះ​ឥទ្ធិពល​ដ៏​អាក្រក់​ដល់​កុមារ​និង​ក្រុមគ្រួសារ​ ​ដូច​អ្វី​ដែលលោស្រី​ ​Angelina​ បាន​និយាយ។​ ហើយ​រាល់​ពេល​ដែល​អ្នកមាន​ឱកាស​ក្នុង​ការ​រំឭក​ដល់​មនុស្ស​ទាំង​នោះ​ អំពី​ការ​ពិត​នៃទំហំ​នៃ​ការ​ខាត​បង់​ជីវិត​មនុស្ស​ក្នុង​សង្គ្រាម​ និង​ការ​សម្រេច​ចិត្ត​ខុស​ក្នុង​នយោបាយ ​យើង​គួរ​តែ​ធ្វើ​ការ​រំឭក​ ​ពីព្រោះ​ថា ​វាជារឿង​ដ៏​រន្ធត់​ណាស់​ដែល​មានមនុស្សដែល​ត្រូវ​រង​ការ​ឈឺ​ចាប់​បែប​នេះ»។

លោក Jonathan Friedland នាយក​ផ្នែក​ទំនាក់​ទំនង​របស់​បុស្តិ៍ទូរទស្សន៍​ Netflix​ កំពុង​ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA បន្ទាប់​ពីសន្និសីទកាសែត​សម្ភោធខ្សែភាព​យន្ត «មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ារបស់ខ្ញុំ» កាល​ពី​ថ្ងៃទី​១៨ កុម្ភៈ ២០១៧ នៅ​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា។(កាន់ វិច្ឆិកា/VOA)
លោក Jonathan Friedland នាយក​ផ្នែក​ទំនាក់​ទំនង​របស់​បុស្តិ៍ទូរទស្សន៍​ Netflix​ កំពុង​ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA បន្ទាប់​ពីសន្និសីទកាសែត​សម្ភោធខ្សែភាព​យន្ត «មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ារបស់ខ្ញុំ» កាល​ពី​ថ្ងៃទី​១៨ កុម្ភៈ ២០១៧ នៅ​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា។(កាន់ វិច្ឆិកា/VOA)

របប​កម្ពុជាប្រជា​ធិបតេយ្យ​ឬ​ខ្មែរ​ក្រហម​ ​ដែល​ចាប់​ផ្តើម​ពីខែ​មេសា​ឆ្នាំ១៩៧៥​ ​ដល់​ខែ​មករា​ឆ្នាំ​១៩៧៩​ ​ហើយ​បាន​សម្លាប់​ប្រជា​ពល​រដ្ឋ​កម្ពុជា​យ៉ាង​ហោច​ណាស់​ចំនួន​១លាន​៧សែន​នាក់​។​ ​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​ត្រូវ​បាន​ស្លាប់​ដោយ​ការ​បង្អត់់​បាយ​ ​ការ​ធ្វើ​ទារុណកម្ម​ ​ការ​ធ្វើ​ការងារ​ហួស​កម្លាំង​ ​ជំងឺ​និង​ការ​កាប់​សម្លាប់​ជា​ដើម។​ ​សព្វថ្ងៃ​នេះ​ ​មាន​តែ​មេដឹកនាំ​ខ្មែរ​ក្រហម​ធំៗពីរ​រូប​ប៉ុណ្ណោះ​ដែល​ស្ថិត​ក្រោម​ការ​កាត់​ទោស​របស់​សាលាក្តី​ខ្មែរក្រហម​ឬ​ ​ECCC​ ​គឺ​ ​នួន ជា​ ​បងធំ​ទី២​ ​ក្នុង​របប​ខ្មែរ​ក្រហម​ ​និង ​ខៀវ សំផន​ ​ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ឬ​របប​ខ្មែរ​ក្រហម​ដែល​មាន​វ័យជរា។

​យ៉ាង​ណា​ក៏​ដោយការ​ដាក់​បញ្ចាំង​រឿង​ «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​»​ ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ត្រូវ​បញ្ចប់​នា​សប្តាហ៍​នេះ​ ​ក្នុង​ខេត្ត​បាត់ដំបង​ ​មុន​នឹង​រឿង​ដ៏​រន្ធត់នេះ​ត្រូវ​គេធ្វើការ​បញ្ជាំង​ជា​ទូទាំង​ពិភាព​លោក​តាម​គេហទំព័ររបស់​ក្រុមហ៊ុន​ភាពយន្ត Netflix ​នៅ​ចុង​ឆ្នាំ​នេះ។​

​លោក​ ​Jonathan​ ​ប្រធាន​ផ្នែក​ទំនាក់​ទំនង​របស់ក្រុមហ៊ុន​ ​Netflix​ ​បញ្ជាក់​ប្រាប់​ ​VOA​ ​បន្ថែម​ថា ​ការ​បញ្ចាំង​ខ្សែភាពយន្តនេះ​ជា​លើក​ទីមួយក្នុង​ប្រទេស​កម្ពុជា​ ​គឺ​តាមការ​ស្នើរសុំរបស់លោកស្រី​ ​Angelina Jolie​ ​ហើយ​វា​មាន​លក្ខណៈ​ពិសេស​ដោយ​មាន​ការ​ចូល​រួមពីព្រះ​មហាក្សត្រ​ខ្មែរ​និង​ព្រះ​រាជមាតា​របស់​ព្រះអង្គ មុន​ពេល​ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅលើ​គេហទំព័រ​ភាពយន្ត​របស់​ខ្លួន។​

ក្នុង​ការ​ដាក់​បញ្ចាំង​នោះ​ ​អ្នកសារព័ត៌មានត្រូវ​គេ​ហាម​ឃាត់មិន​អនុញ្ញាត​ឲ្យ​ថតរូប​ ​ឬ​វីដេអូ​នោះ​ទេ៕​

XS
SM
MD
LG