នៅក្នុងខ្សែភាពយន្តឯកសារ The Killing Fields of Dr. Haing S. Ngor បទចម្រៀងមួយដែលមានចំណងជើងថា«ដូចផ្កាកុលាប» ត្រូវបាននិពន្ធ និងច្រៀងដោយអ្នកចម្រៀងអាមេរិកាំងដើមកំណើតខ្មែរ ហ៊ុយ បូច័ន្ទ និងលោក Arlen Hart។ បទចម្រៀងនេះបានផ្សារភ្ជាប់ទៅនឹងជីវិតសេ្នហារវាងលោក ហុំាង ង៉ោ និងភរិយារបស់លោក ដែលបានស្លាប់នៅក្នុងរបបខ្មែរក្រហម។
នៅក្នុងបទសម្ភាសន៍ជាមួយ VOA អ្នកនាង ហ៊ុយ បូច័ន្ទ បានឲ្យដឹងថា បទចម្រៀង «ដូចផ្កាកុលាប» នេះត្រូវបាននិពន្ធសម្រាប់វ៉ុលចម្រៀងទី១របស់អ្នកនាង ដែលចេញផ្សាយកាលពីឆ្នាំ២០១៤។ ក៏ប៉ុន្តែ ក្រោយពីបានទស្សនាខ្សែភាពយន្តស្តីពីជីវិតរបស់លោក ហុំាង ង៉ោ ហើយនិងបាននិយាយជាមួយអ្នកនិពន្ធខ្សែភាពយន្តនោះរួចមក បទចម្រៀងរបស់អ្នកនាងត្រូវបានជ្រើសយកទៅបញ្ចូលនៅក្នុងខ្សែភាពយន្តនោះ។
អ្នកនាង ហ៊ុយ បូច័ន្ទ បាននិយាយថា បទចម្រៀងនេះនិយាយអំពីការតស៊ូឡើងវិញរបស់មនុស្ស។
«នេះគឺប្រៀបបាននឹងរឿងរ៉ាវ ដែលលោក ហុំាង ង៉ោ បានឆ្លងកាត់។ លោកបានតំណាងឲ្យការតស៊ូឡើងវិញនេះ។ ហើយលោកមានប្រវត្តិសេ្នហាដ៏អស្ចារ្យមួយជាមួយនឹងភរិយារបស់លោក ហើយក៏ជាគ្រូពេទ្យដ៏ល្អម្នាក់»។
ខ្សែភាពយន្ត The Killing Fields of Dr. Haing S. Ngor ឬបកប្រែជាភាសាខ្មែរថា «វាលពិឃាតវេជ្ជបណ្ឌិត ហុំាង ង៉ោ» ត្រូវបានផលិតដោយលោក Arthur Dong ហើយត្រូវបានចាក់ផ្សាយជាសាធារណៈតាំងពីឆ្នាំ២០១៥ ដែលមានរូបលោក ហុំាង ង៉ោ សំដែងនៅក្នុងខ្សែភាពយន្តនោះផងដែរ មុនពេលដែលលោកត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីឆ្នាំ១៩៩៦។
លោក ហុំាង ង៉ោ គឺជាពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរដំបូងគេបង្អស់ ដែលបានទទួលពានរង្វាន់ Oscar សម្រាប់តួនាទីជាតួសំដែងរងកាលពីឆ្នាំ១៩៨៥ ដែលលោកបានសំដែងនៅក្នុងខ្សែភាពយន្តឯកសារដ៏ល្បីល្បាញមួយដែលមានចំណងជើងថា «វាលពិឃាត» ឬ The Killing Fields។
អ្នកនាង ហ៊ុយ បូច័ន្ទ បានបកស្រាយអត្ថន័យនៃបទចម្រៀង«ដូចផ្កាកុលាប» ទៅនឹងខ្សែជីវិតរបស់លោក ហុំាង ង៉ោ ថា៖
«នៅពេលដែលខ្ញុំច្រៀងឃ្លាមួយថា ស្ងប់ស្ងាត់ដូចទឹកសមុទ្រ តើអ្នកដឹងទេ ហើយក្លិនផ្អែមដូចផ្កាកុលាប វាសំដៅទៅលើអារម្មណ៍ដែលមាននៅក្នុងចិត្តរបស់យើង ដែលធ្វើឲ្យយើងស្ងប់ ក្រោយពេលឆ្លងផុតរឿងសោកសៅ ដូចដែលលោក ហុំាង ង៉ោ បានឆ្លងកាត់ក្នុងអំឡុងរបបខ្មែរក្រហម»។
អ្នកនិពន្ធបទចម្រៀងអាមេរិកាំងដើមកំណើតខ្មែររូបនេះមានកិត្តិយស ដែលបទចម្រៀងរបស់អ្នកនាងត្រូវបានបញ្ចូលក្នុងខ្សែភាពយន្តស្តីពីខ្សែជីវិតរបស់លោក ហុំាង ង៉ោ។
«ខ្សែភាពយន្តនេះរៀបរាប់ពីប្រវត្តិសាស្ត្រដ៏សំខាន់មួយ ហើយបានផ្តល់មេរៀនជីវិតដ៏មានប្រយោជន៍ដែលផ្តោតលើក្តីសង្ឃឹម និងវប្បធម៌។ ហើយសំខាន់ជាងនេះ ខ្សែភាពយន្តនេះនិយាយអំពីបុរសម្នាក់ ដែលបានបេ្តជ្ញាចិត្តតំណាងឲ្យខ្មែរ និងជាពិសេសគឺតំណាងឲ្យសិទ្ធិមនុស្សជុំវិញពិភពលោក»។
អ្នកនាង ហ៊ុយ បូច័ន្ទ បានចាប់ផ្តើមច្រៀងតាំងពីខ្លួននៅក្មេង ហើយទេពកោសល្យរបស់អ្នកនាងកាន់តែប្រសើរឡើង នៅពេលដែលអ្នកនាងចូលច្រៀងឲ្យក្រុមតន្ត្រីរ៉ុកខ្មែររបស់ឪពុកអ្នកនាង។ ក៏ប៉ុន្តែ ក្រោយពេលដែលឪពុករបស់អ្នកនាងបានស្លាប់កាលពីឆ្នាំ២០០៦ អ្នកនាង ហ៊ុយ បូច័ន្ទ បានព្យាយាមតស៊ូឡើងវិញ ហើយពង្រឹងទេពកោសល្យរបស់អ្នកនាង រហូតឈានដល់និពន្ធបទចម្រៀងដោយខ្លួនឯង។
ក្នុងនាមជាពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ អ្នកស្រី ហ៊ុយ បូច័ន្ទ ចាត់ទុកបទចម្រៀងរបស់អ្នកនាងថា បង្ហាញពី«បទពិសោធន៍របស់ពលរដ្ឋអាមេរិកាំងដែលមានដើមកំណើតពីពូជសាសន៍ផ្សេងៗ» ជាពិសេសខ្មែរអាមេរិកាំង ដែលពួកគេភាគច្រើនព្យាយាមស្វែងយល់ពីអត្តសញ្ញាណពិតប្រាកដរបស់ខ្លួន។
«បទចម្រៀងរបស់ខ្ញុំភាគច្រើនត្រូវបាននិពន្ធឡើង ដោយសាររឿងរ៉ាវតស៊ូជាច្រើនរបស់បងប្អូនពលរដ្ឋខ្មែរអាមេរិកាំងយើង និងដំណើរជីវិតរបស់ពួកយើងរហូតមកដល់ពេលនេះ។ ហើយបទចម្រៀងរបស់ខ្ញុំក៏ព្យាយាមលើកទឹកចិត្តដល់យុវជនឲ្យស្វែងរកសំឡេងរបស់ខ្លួន»។
សម្រាប់អ្នកនាង ហ៊ុយ បូច័ន្ទ ការនិពន្ធបទចម្រៀងគឺជាមធ្យោបាយមួយ ដែលអាចផ្សារភ្ជាប់រូបនាងទៅកាន់ពលរដ្ឋខ្មែរអាមេរិកាំង ដែលអ្នកនាងយល់ថា នៅតែស្វែងយល់ពីអត្តសញ្ញាណរបស់ខ្លួនជាខ្មែរអាមេរិកាំង៕