ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រឿង​ពុករលួយ​របស់​ក្រុមនាយក​ប្រតិបត្តិ​នៃ​អង្គការ​ FIFA ​រាលដាល​គ្រប់ស្រទាប់


តារាងនៃបុគ្គលដែល​ពាក់ព័ន្ធនឹង​រឿង​អាស្រូវ​ក្នុង​អង្គការបាល់ទាល់ FIFA
តារាងនៃបុគ្គលដែល​ពាក់ព័ន្ធនឹង​រឿង​អាស្រូវ​ក្នុង​អង្គការបាល់ទាល់ FIFA

ភ័ស្តុតាង​ទាក់ទិន​នឹងពួក​អ្នក​កាន់កាប់កិច្ច​ការ​ប្រតិបត្តិ​នៃ​អង្គការ​ FIFA ​នៅ​ក្នុង​រឿង​អាស្រូវ​ពុក​រលួយ​ដ៏​យូរ​មួយ​បាន​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​ នៅ​ក្រោយ​ការ​ប្រកាស​នាំ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​ពេល​មុន​នេះ​ ក្នុង​សប្តាហ៍​ទី​មួយ​នៃ​ខែ​មិថុនា​ថា ​ប្រធាន​នៃអង្គការ​គ្រប់គ្រង​កីឡា​បាល់​ទាត់ពិភព​លោក​នេះ​នឹង​ចុះ​ចេញ​ពី​តំណែង។​

ការ​ចរចា​ប្តូរ​ចម្លើយ​ជា​មួយ​ការ​សម្រាល​ទោស​ និង​សេចក្តី​ថ្លែង​ការណ៍​សាធារណៈ​ដោយ​អតីត​មន្ត្រី​នៃ​អង្គការ​ FIFA​ គំរាម​កំហែង​ដែល​នាំ​ឱ្យ​មាន​ការ​បញ្ចេញ​ការ​សម្ងាត់​ដែល​បញ្ជាក់​ថា រឿង​អាស្រូវ​នេះ​អាច​មាន​ទាក់ទិន​ជាមួយ​ប្រធាន​អង្គការ​ FIFA ដែល​ចេញ​ពី​តំណែង​គឺ​លោក​ Sepp Blatter ​ផ្ទាល់តែ​ម្តង។

អតីត​អនុប្រធានអង្គការ​ FIFA ​ឈ្មោះ Jack Warner ​បាន​ចាប់​ផ្តើម​បញ្ចេញ​រឿង​អាស្រូវ​នេះ​កាល​ពី​ថ្ងៃពុធ ​ទី​៣​ ខែ​មិថុនា​ ដោយ​បាន​បដិសេធ​ថា​ លោក​មិនបាន​ធ្វើអ្វី​ខុស​ទេ។​

«ជា​ការណ៍​មិន​ពិត​ទេ។​ ប្រទេស Afrique ​ខាង​ត្បូង​មិន​បាន​សូក​ខ្ញុំ​១០​លាន​ដុល្លារ​ទេ។​ ពួកគេ​មិន​បាន​សូក​ប៉ាន់ខ្ញុំ​ឡើយ»។​

នៅ​ពេល​បន្ទាប់​មក ​ក្នុង​ថ្ងៃ​នោះ​ដែរ ​លោក​ Warner ​បា​ន​ចោទ​ប្រធាន​ចេញ​ពី​តំណែង​នៃ​អង្គការ FIFA។​

«លោក ​Blatter ​ដឹង​ថា ​ហេតុ​ដូចម្ដេច​បាន​ជា​លោក​ធ្លាក់។ ​ប្រសិន​បើ​មាន​មនុស្ស​ម្នាក់​ទៀត​ដែល​ដឹង​អំពី​រឿង​នេះ​ ខ្ញុំ​ដឹង​អ្នក​នោះ​ជា​នរណា»។​

លោក​ Warner ​ជា​មនុស្ស​ម្នាក់​ក្នុង​បណ្តា​មន្ត្រី​ FIFA ចំនួន​៩​នាក់​ និង​អ្នក​កាន់កាប់​កិច្ចការ​ប្រតិបត្តិ​សាជីវកម្ម​៥​នាក់​ ដែល​បាន​ត្រូវ​ចោទ​ប្រកាន់​ដោយ​ក្រសួង​យុត្តិធ៌ម​ស.រ.អ.​ពី​បទ​ប្រព្រឹត្ត​របរ​ទុច្ចរិត​ និង​ការ​លាង​ប្រាក់កាស​កខ្វក់។​ ការ​អះអាង​ថា​ ខ្លួន​លោក​ជា​មនុស្ស​ស្លូត​ត្រង់​គ្មាន​ទោសពៃរ៍​នេះ​ធ្វើ​ឡើង​ នៅ​ក្រោយ​ការ​ចេញ​ផ្សាយ​ឯកសារ​តុលាការ​ស.រ.អា.​ដែល​បាន​លាត​ត្រដាង​អំពី​ការ​សារភាព​កំហុស​ដោយ​ចុង​ចោទ​បន្ថែម​៦​នាក់​ទៀត។​

លោកស្រី​ Amy Tenney ​សាស្ត្រាចារ្យ​ច្បាប់​នៅ​ឯ​សាកល​វិទ្យាល័យ American​ University និយាយ​ថា ​ពួក​ជនទាំង​នេះ​មិន​ទំនង​ជា​មនុស្ស​ចុង​ក្រោយ​ដែល​ត្រូវ​ចោទ​ប្រកាន់​ទេ។​

«អ្វី​ដែលទំនង​ជា​នឹង​កើត​មានគឺ​ថា ​ពួក​ចុង​ចោទ​កម្រិត​ទាប​នឹង​ចាប់​ផ្តើម​សារភាពទោសកំហុស...»។​

លោកស្រី​ Tenny ​និយាយ​ថា ​អត្រា​នៃ​ការ​ឆ្លើយ​សារភាព​កំហុស​នៅ​ក្នុង​ការ​ចោទ​ប្រកាន់​ដោយ​សហ​ព័ន្ធ​មាន​ច្រើន​ជាង​៩៥​ភាគរយ។​ ការណ៍​នេះ​មាន​ន័យ​ថា​ ពួក​ចុង​ចោទ​មាន​ការ​ជំរុញ​ចិត្ត​ខ្លាំងឲ្យឆ្លើយ​សារភាព​ថា​ ​កំហុស​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​ទោស​ជាប់​គុក​រយៈពេល​យូរ។​

«ជា​ផ្នែក​នៃ​កិច្ច​ព្រមព្រៀង​សារភាព​កំហុស ​ពួក​គេ​នឹង​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​ ដោយ​ផ្តល់​ព័ត៌មាន​ដែល​នឹង​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​រក​កំហុស​ពួក​អ្នក​ធំៗ​ទៀត»។​

លោកស្រី​ Tenney ​ថ្លែង​ថា ​រហូត​មក​ដល់​ពេល​នេះ​ ទោះបីជា​លោក​ Blatter មិន​ទាន់​បាន​ត្រូវ​ចោទ​ប្រកាន់​ក៏​ដោយ​ ក៏​លោក​នៅ​តែ​ជា​ទីដៅ​មួយ​នៃ​ការ​ចោទ​ប្រកាន់។​

«លោក​អ្នក​អាច​ឃើញ​ពី​វិធី​ ដែល​រដ្ឋាភិបាល​បញ្ចូល​ទិដ្ឋភាព​ទាំង​អស់​នៃ​រឿង​ក្តី​នេះ ​គឺ​ធ្វើឱ្យ​ប្រាកដថា​ នៅ​ពេល​បន្ទាប់​មក​ ពួក​គេ​អាច​ចោទ​ប្រកាន់​ពួក​អ្នក​ធំៗ​ក្នុង​អង្គការ​ FIFA ​តែ​ម្តង»។​

នៅ​ពេល​ដែល​លោក​ Warner កំពុង​ឋិត​នៅ​ក្រៅ​ឃុំ ​ដោយ​មាន​ការ​បង់​ប្រាក់​ធានា​នៅ​ក្នុង​ប្រទេស ​Trinidad ​ដែល​ជា​ស្រុក​កំណើត​របស់​លោក​នោះ​ មាន​ចុង​ចោទ​៧​នាក់​កំពុង​ជាប់​ឃុំឃាំង​នៅ​ក្នុង​ប្រទេស​ស្វីស។​ គ្មាន​ជន​ជាប់​ចោទ​ណា​ម្នាក់​ទំនង​ជា​នឹង​មាន​ការ​ព្រមព្រៀង​ទទួល​សារភាព​ដើម្បី​ឱ្យ​រួច​ទោស​ទេ​ រហូត​ដល់​ពេល​ពួក​គេត្រូវ​ធ្វើ​បត្យាប័ន​មក​កាន់​ស.រ.អា.។​

ក៏​ប៉ុន្តែ​ លោក ​Jacob Frenkel ​អតីត​រដ្ឋ​អាជ្ញា​សហ​ព័ន្ធ​ផ្នែក​អំពើ​ពុក​រលួយ​ដែល​នៅ​ពេល​នេះ​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​មេធាវី​ Shulman, Rogers, Gandal, Pordy និង​ Ecker ​នៅ​ក្នុង​ក្រុង​ Potomac ​រដ្ឋ​ Maryland ​បាន​និយាយ​តាម Skype ​ជា​មួយ​វីអូអេ​ថា៖​

«ប្រសិន​បើ​ពួក​ចុង​ចោទ​ទាំង​នេះ​ជ្រើសរើស​ប្រយុទ្ធ​ប្រឆាំង​នឹង​បត្យាប័ន​ ​ នោះ​ដំណើរការ​នេះ​អាច​ចំណាយ​ពេល​ពី​៦​ខែ ​ទៅ​២​ឆ្នាំ ​ឬ​២​ឆ្នាំ​កន្លះ។ ​ហើយ​នៅ​ពេល​ដែល​ស.រ.អា.​មាន​ការ​ទុកចិត្ត ​ហើយ​សម្រេច​ថា​ ធ្វើ​បត្យាប័ន​ជន​ទាំង​នេះ​ក៏​ដោយ​ ក៏​ការណ៍នេះ​មិន​មែន​មាន​ន័យ​ថា​ វា​ជា​ការ​ព្រម​ព្រៀង​មួយ​ដែល​ធ្វើ​បាន​សម្រេច​ហើយ​នោះ​ទេ»។​

លោក​ Frenkel ​យល់ស្រប​ជាមួយ​លោក Tenney ​ថា​ មាន​ឱកាស​ច្រើន​ថា ​នឹង​មាន​បត្យាប័ន។​

«ខ្ញុំ​មាន​ជំនឿ​ថា ​រដ្ឋាភិបាល​ស.រ.អា.​ធ្វើ​ការ​ចោទ​ប្រកាន់ក្នុង​រឿង​ក្តី​នេះ​ដោយ​មាន​ការ​ប្រុងប្រយ័ត្ន​ ដើម្បី​បន្ថយ​ឱ្យ​នៅ​តិច​បំផុត​នូវ​ការ​ប្រថុយ​ប្រថាន​ក្នុង​ការ​ប្រើ​ច្បាប់​ប្រទេស​ស្វីស ​ឬ​ការ​លើកលែង​តាម​រយៈច្បាប់​ស្វីស​ ឬ​មួយ​ការ​លើកលែង​តាម​ច្បាប់​នៃ​ប្រទេស​ណាមួយ​ដែល​អាច​នាំ​ឱ្យ​មាន​ការ​ពិបាក​ច្រើន​ឡើងក្នុង​ការ​ធ្វើ ​បត្យាប័ន»។​

លោក​ Sepp Blatter ​ជា​មន្ត្រី​ FIFA ​ជាន់​ខ្ពស់បំផុត។​ ការ​ចរចា​ប្តូរ​ចម្លើយ​ដើម្បី​សម្រាល​ទោស​ដែល​បាន​ត្រូវ​ប្រើប្រាស់​ជា​អលជ្ជី​ដោយ​ពួក​រដ្ឋអាជ្ញា​សហ​ព័ន្ធ​ស.រ.អា.​ អាច​ធ្វើឱ្យ​លោក​ធ្លាក់​ពី​តំណែង​បាន។​

ប្រែ​សម្រួលដោយ លោក​ ឈឹម​ សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG