ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​​ការ​ប្រយុទ្ធ​គ្នា​​ខ្លាំង​​​នៅ​ជិត​ទីក្រុង​កៀវ​និង​​ទីក្រុង​ឯទៀតៗ​​នៃ​ប្រទេស​អ៊ុយក្រែន


ផ្សែង​​ពី​ការ​បាញ់​ផ្លោង​ហុយឡើង ​ខណៈ​ដែល​កម្រងផ្កា​ត្រូវ​បាន​គេ​ដាក់​នៅ​ទី​បញ្ចុះសព​ក្នុង​ក្រុង Vasylkiv ភាគ​និរតី​នៃ​ទីក្រុង Kyiv ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២។ (AP)
ផ្សែង​​ពី​ការ​បាញ់​ផ្លោង​ហុយឡើង ​ខណៈ​ដែល​កម្រងផ្កា​ត្រូវ​បាន​គេ​ដាក់​នៅ​ទី​បញ្ចុះសព​ក្នុង​ក្រុង Vasylkiv ភាគ​និរតី​នៃ​ទីក្រុង Kyiv ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២។ (AP)

កាល​ពី​ថ្ងៃ​សៅរ៍​ មានការប្រយុទ្ធ​គ្នាដ៏​ខ្លាំង​នៅប៉ែក​និរតីនៃ​រដ្ឋធានី​កៀវនៃ​ប្រទេស​អ៊ុយក្រែននិង​នៅ​ក្នុង​ក្រុងមួយ​ចំនួន​ទៀត​នៅពេល​ដែលក្រុមទាហាន​រុស្សី​បាន​ប្រមូល​គ្នានៅ​ចម្ងាយ២៥គ.ម.ពី​រដ្ឋធានី។

គេបានឮស្នូរស៊ីរ៉ែន​ក្នុង​ក្រុង​មួយ​ចំនួនកាល​ពីពេល​យប់​ដែល​ព្រមាន​អ្នក​ក្រុង​អំពី​ការ វាយ​ប្រហារ​តាម​អាកាស។

ក្រសួងការពារ​ប្រទេសរុស្សី​បាន​បញ្ជាក់​ដែរ​ថា​ ពួក​គេបាន​បំផ្លាញមូលដ្ឋាន​កង​ទ័ព​អាកាស​មួយនៅ​ជិត​ក្រុង Vasylkiv។ គេ​ក៏​បាននិយាយ​ដែរ​ថា ឃ្លាំង​គ្រាប់រំសេវ​មួយ​នៅ​ជិត​ទី​នោះក៏ត្រូវ​បានបំផ្លាញ​ដែរ។

ក្រសួងការបរទេសអ៊ុយក្រែន បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​សៅរ៍​កងកម្លាំង​រុស្សី​បាន​បាញ់​ផ្តក់​លើព្រះវិហារអ៊ីស្លាម​មួយ​ក្នុងក្រុង Mariupolដែល​មានមនុស្ស៨០នាក់ទៅ​ជ្រកនៅ​ទីនោះ។ គេ​បាននិយាយថា មនុស្សខ្លះក្នុង​វិហារ​អ៊ីស្លាមនេះជាអ្នក​មក​ពី​ប្រទេសតួក គី។

ផ្លូវ​របៀង​មនុស្សធម៌មួយ​ចំនួន​មាន​គម្រោងបើក​នៅ​ថ្ងៃ​សៅរ៍​ដើម្បីផ្តល់ឱ្យ​ពួក​អ្នកស្រុក​នូវច្រកសុវត្ថិភាពចេញ​ពី​អំពើ​ហិង្សាក្នុង​ក្រុង​កៀវ ក្រុងSumy និង​តំបន់ឯ​ទៀតៗ។

លោកស្រី Iryna Vereshchuk ឧបនាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន បានមានប្រសាសន៍​ក្នុង​សុន្ទរកថា​មួយតាម​វីដេអូ​ថា«ខ្ញុំ​សង្ឃឹម​ថា ថ្ងៃ​នេះ​នឹង​មាន​ដំណើរការ​ល្អ ផ្លូវ​ដែល​ត្រូវ​បាន​គ្រោង​ទុកនឹងបើក ហើយ​រុស្ស៊ី នឹង​ធ្វើតាម​កាតព្វកិច្ច​ខ្លួនដើម្បីធ្វើឱ្យ​មាន​ការ​ឈប់​បាញ់​គ្នា»។

រុស្ស៊ី​បានពង្រីក​សង្គ្រាមរបស់​ខ្លួនក្នុងប្រទេស​អ៊ុយក្រែនដោយ​វាយប្រហារ​លើ​តំបន់​ខាង​លិចអ៊ុយក្រែន​ហើយ​ហាក់ដូច​ជាប្រមូល​ទាហាន​ជា​ថ្មីនៅ​ជិត​រដ្ឋធានី​កៀវ នៅពេល​ដែល​សហរដ្ឋ​អាមេរិក​និង​ក្រុម​សម្ព័ន្ធ​មិត្តបង្កើន​ការ​ដាក់ទណ្ឌកម្មលើ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ។

មន្ត្រីស.រ.អ.ជាន់ខ្ពស់​ម្នាក់​ខាង​ការ​ពារ​ប្រទេស​ដែល​និយាយក្នុងលក្ខខ័ណ្ឌ​មិន​ឱ្យ​គេ​បញ្ចេញឈ្មោះដើម្បី​ពិភាក្សា​អំពីការ​ស៊ើបការណ៍សម្ងាត់ បាន​បញ្ជាក់​ថា រុស្ស៊ីបានចាប់​ផ្តើម​វាយ​ប្រហារ​កន្លែង​នានាក្នុង​ផ្នែក​ខាង​លិចនៃ​ប្រទេស​អ៊ុយក្រែន​ដោយវាយ​ប្រហារ​លើ​វាល​យន្តហោះ​នៅ​តំបន់ Lutsk និងIvano-Frankivskកាល​ពីថ្ងៃ​សុក្រ​ដែល​ជាផ្នែក​មួយ​នៃការ​បាញ់​មីស៊ីលជាង៨០០គ្រាប់​ចាប់តាំង​ពី​ការចាប់ផ្តើម​ការលុកលុយ​នេះ​មក៕

អ្នក​យកព័ត៌មាន​សន្តិសុខ​ជាតិ​របស់​វីអូអេ​លោក Jeff Seldin និង​អ្នក​យកព័ត៌មាន​ខាង​ការទូត​ជាន់​ខ្ពស់​អ្នក​ស្រីCindy Saine បាន​រួមចំណែក​ដល់​សេចក្តីរាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន AP AFP និង Reuters។

XS
SM
MD
LG