ស្របពេលដែលរាសីចក្ររបស់ចិនឈានចូលដល់ឆ្នាំចរនៅថ្ងៃសុក្រខាងមុខនេះ អ្នកជំនាញហុងស៊ុយមកពីទីក្រុងហុងកុងមួយចំនួនបានធ្វើការទស្សន៍ទាយលើមេដឹកនាំពិភពលោកនានា។
ដោយកើតឆ្នាំ ១៩៤៦ ដែលត្រូវនឹងឆ្នាំចរ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នឹងជួបសំណាងអាក្រក់ ដោយសារតែឆ្នាំកំណើតរបស់លោកប៉ះគ្នាជាមួយនឹងឆ្នាំចរក្នុងឆ្នាំ ២០១៨ នេះ។ នេះបើយោងតាមការបញ្ជាក់របស់គ្រូទាយនានា។
ហុងស៊ុយដែលមានន័យថា «ខ្យល់ ទឹក» មានឥទ្ធិពលគ្របដណ្ដប់នៅតាមផ្នែកភាគច្រើននៃទ្វីបអាស៊ី ដែលប្រជាពលរដ្ឋបានសម្របជីវភាពរស់នៅរបស់ពួកគេតាម និងដាក់វត្ថុនានានៅតាមទីតាំងផ្សេងៗដោយប្រុងប្រយ័ត្ន ដូចជាកែវស្រា ឬក៏គ្រាប់គ្រីស្តាល់នៅក្នុងការិយាល័យធ្វើការ និងក្នុងផ្ទះជាដើម ដើម្បីឲ្យទទួលបានសំណាងល្អ និងលាភច្រើន។
ទស្សនវិជ្ជាបានបញ្ជាក់ថា រាល់ព្រឹត្តិការណ៍ទាំងអស់បានកើតឡើងដោយសារតុល្យភាពនៃធាតុទាំង ៥ ដែលបង្កើតចក្រវាលនេះឡើង ដែលនោះគឺធាតុលោហៈ ធាតុឈើ ធាតុទឹក ធាតុភ្លើង និងធាតុដី។
ឆ្នាំកំណើតរបស់លោក ត្រាំ គឺ «ឆ្នាំចរធាតុភ្លើង» ប៉ុន្តែឆ្នាំ ២០១៨ នេះ គឺ «ឆ្នាំចរធាតុដី» ដែលជាធាតុមិនស៊ីមេទ្រីគ្នា។
ធាតុភ្លើងនៃតារាងថ្ងៃខែឆ្នាំកំណើតផ្ទាល់ខ្លួនរបស់លោក ត្រាំ នឹងប៉ះពាល់ដល់សុខភាពរបស់លោក។ នេះបើតាមការបញ្ជាក់របស់គ្រូហុងស៊ុយអ្នកស្រី Thierry Chow។ គ្រូហុងស៊ុយនេះបានទាយទៀតថា ដោយសារធាតុភ្លើងតំណាងឲ្យការនិយាយស្ដី ពាក្យសម្ដីរបស់លោក ត្រាំ អាចនាំឲ្យមាន «បញ្ហាពិតប្រាកដ» និងផលប៉ះពាល់ជាក់ស្ដែងកើតឡើងបានផងដែរ។
គ្រូហុងស៊ុយរូបនេះបានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «ដោយសារមានធាតុភ្លើង និងធាតុដីច្រើនពេក នោះវានឹងបណ្ដាលឲ្យលោក ត្រាំ មានអតុល្យភាពនៅក្នុងសំណាងរបស់លោក»៕