ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ចៅក្រម​សហព័ន្ធ​សហរដ្ឋ​អាមេរិក​នឹង​បើក​កិច្ច​ប្រជុំ​បន្ទាន់​ទាក់ទិន​នឹង​សំណុំ​រឿង​លោក Roger Stone


រូប​ឯកសារ៖ លោក Roger Stone (រូប​ឆ្វេង)​ ចាកចេញ​ពី​តុលាការ​សហព័ន្ធ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូប​ឯកសារ៖ លោក Roger Stone (រូប​ឆ្វេង)​ ចាកចេញ​ពី​តុលាការ​សហព័ន្ធ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

សមាគម​ចៅក្រម​សហព័ន្ធ​ជាតិ​សហរដ្ឋ​អាមេរិក​នឹង​បើក​កិច្ច​ប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃ​ពុធ​ស្អែក បន្ទាប់ពី​មន្ត្រី​ក្រសួង​យុត្តិធម៌​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​សំណុំ​រឿង​ដែល​ពាក់ព័ន្ធ​នឹង​លោក Roger Stone ដែល​ជា​មិត្តភ័ក្ដិ និង​ជា​មនុស្ស​ជំនិត​របស់​លោក​ប្រធានាធិបតី Donald Trump។

ប្រធាន​សមាគម​ចៅក្រម​សហព័ន្ធ​ឯករាជ្យ​អ្នកស្រី Cynthia Rufe បាន​ប្រាប់ VOA ថា ក្រុម​ចៅក្រម​មាន «ការ​ព្រួយ​បារម្ភ​អំពី​ការ​វាយ​ប្រហារ​លើ​ចៅក្រម​ម្នាក់ៗ» ហើយ​នេះ​គឺ​ជា​បញ្ហា​ចម្បង​ដែល​នឹង​ត្រូវ​ពិភាក្សា​នៅ​ក្នុង​ការ​ប្រជុំ​បន្ទាន់​នោះ។

ក្រសួង​យុត្តិធម៌​បាន​ធ្វើ​ឲ្យ​សហគមន៍​នយោបាយ និង​ច្បាប់​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​សប្ដាហ៍​មុន នៅ​ពេល​ដែល​ក្រសួង​នេះ​ប្រឆាំង​នឹង​រដ្ឋអាជ្ញា​របស់​ខ្លួន និង​បាន​ស្នើ​ឲ្យ​មាន​ការ​ដាក់​ទោស​ស្រាល​ជាង​មុន​ដល់​លោក Roger Stone។ លោក Roger Stone ត្រូវ​បាន​តុលាការ​កាត់ទោស​ថា​បាន​កុហក​សភា ជ្រៀតជ្រែក​សាក្សី និង​រារាំង​ដល់​ដំណើរការ​យុត្តិធម៌​នៃ​ការ​ស៊ើប​អង្កេត​អំពី​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

រដ្ឋអាជ្ញា​នៃ​សំណុំ​រឿង​នេះ​បាន​ស្នើ​ឲ្យ​ដាក់​ទោស​ជាប់​ពន្ធនាគារ​ដល់​លោក Stone ពី ៧ ទៅ ៩ ឆ្នាំ ដែល​ជា​ទោស​ដែល​ផ្អែក​លើ​គោលការណ៍​ដាក់​ទោស​សម្រាប់​បទ​ឧក្រិដ្ឋ​ដូច​នេះ។

ប៉ុន្តែ ក្រសួង​យុត្តិធម៌​បាន​ស្នើ​ឲ្យ​មាន​ការ​ដាក់​ទោស​ស្រាល​ជាង​នេះ បន្ទាប់ពី​លោក Trump ត្អូញត្អែរ​នៅ​ក្នុង​សារ​តាម Twitter របស់​លោក​ថា ការ​ដាក់​ទោស​ជាប់​ពន្ធនាគារ​ពី ៧ ទៅ ៩ ឆ្នាំ​នេះ គឺ​ជា​ទោស «ហួស​ប្រមាណ» និង «អយុត្តិធម៌»។

រដ្ឋអាជ្ញា ៣ នាក់​នៅ​ក្នុង​សំណុំ​រឿង​របស់​លោក Stone នេះ បាន​លាលែង​ចេញ​ពី​សំណុំ​រឿង​នេះ ហើយ​រដ្ឋអាជ្ញា​ម្នាក់​ទៀត​លាលែង​ពី​តំណែង​នៃ​ក្រសួង​យុត្តិធម៌​តែ​ម្ដង។

លោក Stone នឹង​ត្រូវ​កាត់ទោស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ ហើយ​ករណី​នេះ​គឺ​អាស្រ័យ​លើ​អ្នកស្រី​ចៅក្រម Amy Berman Jackson ជា​អ្នក​សម្រេច​ថា​តើ​លោក Stone គួរ​ជាប់​ពន្ធនាគារ​រយៈពេល​ប៉ុន្មាន៕

XS
SM
MD
LG