ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​ក្រុម​រដ្ឋអាជ្ញា​អាមេរិក​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ចុះចេញ​ពី​តំណែង


លោក William Barr អញ្ជើញ​ចូលរួម​ក្នុង​ការ​ថ្លែង​សុន្ទរកថា​ប្រចាំ State of the Union របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នៅ​វិមាន​សភា Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០។
លោក William Barr អញ្ជើញ​ចូលរួម​ក្នុង​ការ​ថ្លែង​សុន្ទរកថា​ប្រចាំ State of the Union របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នៅ​វិមាន​សភា Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០។

អតីត​ក្រុម​រដ្ឋអាជ្ញា​និង​ក្រុម​មន្ត្រី​ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក​ជាង​១.១០០​នាក់​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ស្នើ​ឲ្យ​លោក William Barr រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ចុះចេញ​ពី​តំណែង​ បន្ទាប់​ពី​លោក​បាន​ធ្វើ​អន្តរាគមន៍​ឲ្យ​កាត់បន្ថយ​រយៈពេល​ជាប់​ទោស​របស់​លោក Roger Stone ពី​បទ​ពុករលួយ​នយោបាយ។ លោកStone គឺ​ជា​មនុស្សជំនិត​រយៈពេល​យូរ​របស់​លោកប្រធានាធិបតី ដូណាល់ ត្រាំ។

រដ្ឋអាជ្ញា​សហព័ន្ធ​ចំនួន​បួន​នាក់​នៃ​ក្រសួង​យុត្តិធម៌​ដែល​គ្រប់គ្រង​ដោយ​លោក Barr បាន​ផ្ដល់​អនុសាសន៍​ឲ្យ​កាត់ទោស​លោក Stone ក្នុង​សប្ដាហ៍​នេះ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៩​ឆ្នាំ​ បន្ទាប់​ពី​លោក​ត្រូវ​បាន​ចោទប្រកាន់​ជាផ្លូវការ​ចំពោះ​បទ​ចោទ​ចំនួន​៧​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ។ បទ​ចោទ​ទាំង​នោះ​រួម​មាន​ទាំង​ការ​កុហក​សភា ​និង​ការ​អុកឡុក​សាក្សី ដែល​ពាក់ព័ន្ធ​នឹង​ការ​ស៊ើបអង្កេត​រយៈពេល​យូរ​លើ​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦​ផង​ដែរ។

ប៉ុន្តែ​លោក Barr និង​ក្រុម​មន្ត្រី​កំពូល​នៃ​ក្រសួង​យុត្តិធម៌​បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល​ចំពោះ​រយៈពេល​ដែល​ស្នើ​ឲ្យ​កាត់ទោស​លោក Stone។ លោក Barr បាន​ធ្វើ​អន្តរាគមន៍ ហើយ​ក្រោយ​មក​ក្រសួង​យុត្តិធម៌​បាន​ឲ្យ​ដឹង​ថា អនុសាសន៍​ពី​ដំបូង​ឡើយ​«អាច​ត្រូវ​បាន​ពិចារណា​ថា​លើសលប់​ និង​មិន​អាច​ធានា​បាន​ទេ‍» ប៉ុន្តែ​ទុក​ឲ្យ​ចៅក្រម​ជា​អ្នក​សម្រេច​លើ​ករណី​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ។

អតីត​ក្រុម​រដ្ឋអាជ្ញា​និង​មន្ត្រី​ក្រសួង​យុត្តិធម៌ បាន​សរសេរ​នៅ​ក្នុង​លិខិត​បើក​ចំហ​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ «យើង​ម្នាក់ៗ​សូម​ធ្វើការ​ថ្កោលទោស​ធ្ងន់ៗ​ចំពោះ​ការ​អន្តរាគមន៍​របស់​លោក​ប្រធានាធិបតី ត្រាំ និង​លោក​រដ្ឋមន្ត្រី Barr ទៅ​ក្នុង​កិច្ចការ​រដ្ឋបាល​ចៅក្រម‍»៕

XS
SM
MD
LG