ចៅក្រមសហព័ន្ធស.រ.អា.ម្នាក់បានសម្រេចថាច្បាប់ថែទាំសុខភាព Affordable Care Act ហៅកាត់ថា ACA ដែលគេស្គាល់ជាទូទៅថា Obamacare មិនត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញទេ។
កាលពីថ្ងៃសុក្រ លោក Reed O'Connor ចៅក្រមតុលាការតំបន់ស.រ.អា.ក្នុងរដ្ឋ Texas បានសម្រេចថាការផ្លាស់ប្តូរមួយនៅក្នុងច្បាប់ពន្ធដារកាលពីឆ្នាំទៅមិញដែលបានលប់ចោលការពិន័យដល់ការគ្មានការធានារ៉ាប់រងខាងការថែរក្សាសុខភាព បានទុកជាមោឃៈច្បាប់ ACA ទាំងស្រុង។
គេរំពឹងថាសេចក្តីសម្រេចនេះនឹងត្រូវតវ៉ាឡើងឧទ្ធរណ៍ដល់តុលាការកំពូលស.រ.អា.។ ច្បាប់ ACA នឹងឋិតនៅជាច្បាប់នៅក្នុងដំណើរការតវ៉ាឡើងឧទ្ធរណ៍នេះ។
ប្រធានាធិបតីស.រ.អា. Donald Trump បានសន្យានៅក្នុងការឃោសនាបោះឆ្នោតប្រធានាធិបតីរបស់លោកថាលោកនឹងលប់ចោលច្បាប់ ACA ដែលបានធ្វើឱ្យប្រជារាស្ត្រអាមេរិកាំងរាប់លាននាក់មានការធានារ៉ាប់រងខាងថែរក្សាសុខភាព។
កាលពីយប់ថ្ងៃសុក្រ ប្រធានាធិបតី Trump បានសរសេរតាម Twitter ថា «Wow ដោយគ្មានការងឿងឆ្ងល់ឡើយ Obamacare បានត្រូវសម្រេចថាមិនត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញដោយចៅក្រមម្នាក់មានការគោរពយ៉ាងខ្ពង់ខ្ពស់ក្នុងរដ្ឋតិចសាស។ នេះជាដំណឹងល្អសម្រាប់ប្រទេសអាមេរិក»!
លោក Chuck Schumer សមាជិកព្រឹទ្ធសភាស.រ.អា.ខាងគណបក្សប្រជាធិបតេយ្យបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សេចក្តីសម្រេចនេះហាក់ដូចជាត្រូវផ្អែកលើការនិយាយបង្ហាញហេតុផលខុសខាងផ្លូវច្បាប់ហើយខ្ញុំសង្ឃឹមថាវានឹងត្រូវប្រែក្រឡះ។ ជនជាតិអាមេរិកាំងដែលគិតគូរអំពីគ្រួសាររបស់ក្រុមអ្នកធ្វើការងារត្រូវតែធ្វើអ្វីៗទាំងអស់ដែលពួកគេអាចធ្វើបានដើម្បីកុំឱ្យសេចក្តីសម្រេចរបស់តុលាការតំបន់នេះក្លាយទៅជាច្បាប់»។ លោក Schumer បានមានប្រសាសន៍បន្ថែមថា «ប្រសិនបើច្បាប់អាក្រក់នេះត្រូវប្រព្រឹត្តតាមនៅក្នុងតុលាការជាន់ខ្ពស់ វានឹងក្លាយជាមហន្តរាយមួយសម្រាប់គ្រួសារអាមេរិកាំងរាប់សិបលាន ជាពិសេសសម្រាប់ក្រុមមនុស្សដែលមានជំងឺពីមុន»។
នៅមុនមានច្បាប់ ACA ប្រជារាស្ត្រអាមេរិកាំងដែលមានជំងឺពីមុន ប្រឈមនឹងការបង់ប្រាក់ច្រើនសម្រាប់ការធានារ៉ាប់រងខាងសុខភាពឬការគ្មានការធានារ៉ាប់រងខាងសុខភាពតែម្តង៕