តំណាងអង្គការយូណេស្កូក្នុងប្រទេសកម្ពុជាដែលជាស្ថាប័នរបស់អង្គការសហប្រជាជាតិបានអំពាវនាវឱ្យទម្លាក់ចោលបទចោទលើអ្នកកាសែត លោក ម៉ិច ដារ៉ា និងអំពាវនាវឱ្យរដ្ឋាភិបាលធានាសេរីភាពសារព័ត៌មាន និងសុវត្ថិភាពរបស់អ្នកសារព័ត៌មាន តាមរយៈការបង្កើតយន្តការច្បាប់ដែលការពារអ្នកសារព័ត៌មាន។
ការណ៍ថ្លែងបែបនេះនៅក្នុងពិធីអបអរខួបលើកទី១០នៃការបញ្ចប់និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាន ដែលធ្វើឡើងនៅថ្ងៃសុក្រ ក្នុងរាជធានីភ្នំពេញ។
លោក សាដា អ៊ូម៉ា អាឡាម (Sardar Umar Alam) តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ថ្លែងថា សារព័ត៌មានសេរីជាមូលដ្ឋានមួយសម្រាប់សិទ្ធិមនុស្ស ប្រជាធិបតេយ្យនិងនីតិរដ្ឋ។ លោកថា អ្នកសារព័ត៌មាននៅជុំវិញពិភពលោកត្រូវបានហាមឃាត់មិនឱ្យធ្វើការងាររបស់ពួកគេ ហើយជាញឹកញាប់ប្រឈមនឹងហានិភ័យ ហិង្សា និងការសម្លាប់ ដោយសារតែបេសកកម្មរបស់ពួកគេក្នុងការបង្ហាញការណ៍ពិតទៅកាន់សាធារណជន និងធ្វើឱ្យអ្នកមានអំណាចទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ។
នៅក្នុងករណីចាប់ខ្លួនលោក ម៉ិច ដារ៉ា លោក សាដា អ៊ូម៉ា អាឡាម ក៏បានជំរុញឱ្យមានការទម្លាក់បទចោទលើលោក ដារ៉ាផងដែរ ក្រោយលោកត្រូវបានដោះលែងជាបណ្តោះអាសន្ន ហើយត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
លោកថ្លែងថា៖ «ដោយសារតែមានកិច្ចប្រឹងប្រែងរួមគ្នាយ៉ាងសន្ធឹកសន្ធាប់ពីគ្រប់ភាគីទាំងអស់ យើងសប្បាយចិត្តដែលឃើញលោក ម៉ិច ដារ៉ា ត្រូវបានដោះលែងពីពន្ធនាគារនាពេលនេះ ហើយយើងនឹងបន្តអំពាវនាវឱ្យមានការទម្លាក់បទចោទប្រឆាំងនឹងរូបលោក»។
លោក សាដា អ៊ូម៉ា អាឡាម ក៏បានអំពាវនាវឱ្យមានស្ថាប័នឯករាជ្យមួយដែលអាចការពារផ្លូវច្បាប់ដល់អ្នកសារព័ត៌មាន។ លោកបន្ថែមថាតួអង្គផ្នែកតុលាការ និងកម្លាំងសន្តិសុខមានតួនាទីសំខាន់មួយក្នុងការពង្រឹងការស៊ើបអង្កេត និងការកាត់ទោសជនដៃដល់ ពាក់ព័ន្ធនឹងអំពើហិង្សាប្រឆាំងនឹងអ្នកសារព័ត៌មាន។ លោកបានកត់សម្គាល់ថា ផ្នែកហិរញ្ញវត្ថុសម្រាប់ទ្រទ្រង់ស្ថាប័នសារព័ត៌មានក៏ជាបញ្ហាមួយដែលធ្វើឱ្យស្ថាប័នសារព័ត៌មានងាយទទួលឥទ្ធិពលនយោបាយ និងផលប្រយោជន៍។
អ្នកស្រី រួអេដា អិល ហាច (Roueida El Hage) តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ថ្លែងក្នុងទិវានោះថា ការទទួលបានព័ត៌មានចម្រុះដែលអាចទុកចិត្តបាន ប្រព័ន្ធយុតិ្តធម៌ក្នុងស្រុកដែលមានប្រសិទ្ធភាព និងការកាន់ខ្ជាប់និងអនុលោមតាមច្បាប់ជាតិ និងការអនុវត្តបទដ្ឋានច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្ស រាប់បញ្ចូលទាំងសេរីភាពខាងសារព័ត៌មាន គឺជាលក្ខខណ្ឌចាំបាច់ក្នុងការលុបបំបាត់និទណ្ឌភាព។ អ្នកស្រីបនែ្ថមថា អ្នកសារព័ត៌មានប្រឈមនឹងអំពើហិង្សា និងការបំភិតបំភ័យលើរាងកាយ ជាពិសេសក្នុងអំឡុងពេលប្រមូលផ្តុំតវ៉ា និងអំឡុងពេលមានការបោះឆ្នោត និងជារឿយៗទទួលរងការបំភិតបំភ័យតាមរយៈមធ្យោបាយផ្លូវច្បាប់ផងដែរ។
អ្នកស្រីបន្ថែមថា៖ «អ្នកសារព័ត៌មានមានតួនាទីយ៉ាងសំខាន់នៅក្នុងសង្គម។ ពួកគេត្រូវទទួលបាននូវការដឹងគុណ និងការការពារពីយើងគ្រប់គ្នា»។
លោក ស្រ៊ាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលជាស្ថាប័នរបស់រដ្ឋាភិបាល និងបានចូលរួមក្នុងទិវានោះ លើកឡើងថា នាពេលបច្ចុប្បន្ននេះ មិនមានអ្នកសារព័ត៌មានដែលត្រូវបានគេសម្លាប់នោះទេក្នុងប្រទេសកម្ពុជា។ លោកបន្ថែមថា ការបញ្ចប់និទណ្ឌភាពត្រូវពឹងផ្អែកលើការពង្រឹងការអនុវត្តច្បាប់។
លោកថ្លែងថា៖ «យើងនិយាយអំពីសេរីភាពសារព័ត៌មាននេះ ខ្ញុំគ្រាន់ចង់បើកបន្តិច មានន័យថា បើយើងចង់និយាយអំពីបញ្ចប់និទណ្ឌភាពនៅក្នុងសង្គមប្រជាធិបតេយ្យ វាអត់មានអ្វីក្រៅពីការពង្រឹងការអនុវត្តច្បាប់ទេ»។
ពាក់ព័ន្ធនឹងការទាមទារឱ្យទម្លាក់បទចោទប្រកាន់លើលោក ម៉ិច ដារ៉ានោះ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ស្រ៊ាង ចិន្តា បញ្ជាក់ថា ការលើកឡើងនេះគឺជាសិទ្ធិបញ្ចេញមតិរបស់បុគ្គល។ ប៉ុន្តែលោកថា អ្វីៗអាស្រ័យលើតុលាការកម្ពុជា។
លោកប្រាប់វីអូអេបន្ថែមថា៖ «តាមពិតទៅ នេះជាសិទ្ធិរបស់គាត់ ប៉ុន្តែនេះជាដំណើរការនិតិវិធីក្នុងតុលាការ។ អ៊ីចឹងពួកខ្ញុំ អត់មានសិទ្ធិអីទេ។ អ៊ីចឹងគ្រាន់តែថា បើសិនជាគាត់ចង់ យើងចូលរួមដំណើរការនិតិវីធីទៅ។ យើងអាចថា បើគាត់ចង់ឱ្យមានការដោះលែង ចង់ឱ្យមានការទម្លាក់បទចោទអីអ៊ីចឹង យើងរកភស្តុតាងដោះបន្ទុក។ យើងរកសាក្សីជួយដោះបន្ទុក រកមេធាវីទៅការពារគាត់ទៅ ព្រោះអាហ្នឹងនីតិវីធីផ្លូវតុលាការ។ យើងបានលើកពីខាងដើមហើយ យើងមិនអាចបញ្ចប់ត្រឹមការស្នើសុំអីអ៊ីចឹងទេ»។
មួយខែមុនសន្និសីទនេះ លោក ម៉ិច ដារ៉ា ដែលគេស្គាល់ថា ជាអ្នកកាសែត ដែលហ៊ានរាយការណ៍ពីអំពើឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្សនៅកម្ពុជា ត្រូវបានចាប់ខ្លួន និងចោទប្រកាន់កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ ពីបទញុះញង់ ទាក់ទងនឹងការបង្ហោះព័ត៌មាន និងសារលើបណ្តាញសង្គម ដែលអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ។ លោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែតុលាការបានដាក់បម្រាមមិនឱ្យលោកចេញទៅក្រៅប្រទេស។ ការចាប់ខ្លួននេះត្រូវបានអង្គការអន្តរជាតិ និងសហរដ្ឋអាមេរិកចាត់ទុកថា ជាការរឹតត្បិតសេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជា។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក រឹម បូរ៉ា មេធាវីការពារក្តីរបស់លោកម៉ិច ដារ៉ា បាននៅឡើយទេ។ វីអូអេក៏មិនទាន់អាចសុំការបញ្ជាក់ពីអ្នកនាំពាក្យតុលាការក្រុងភ្នំពេញ លោក អ៊ី រិន្ទ បានដែរ។
លោក ម៉ិច ដារ៉ា ប្រាប់វីអូអេនៅថ្ងៃសុក្រថា លោកស្នើសុំឱ្យមានការពន្លឿន និងទម្លាក់ចោលបទចោទប្រកាន់លើរូបលោក។ លោកថា លោកមិននឹកស្មានថា រូបភាព និងខ្លឹមសារដែលលោកបង្ហោះទាំងនោះធ្វើឲ្យលោករងការចោទប្រកាន់ពីបទញុះញង់នោះទេ។ លោកក៏អំពាវនាវឱ្យបញ្ចៀសការផ្តន្ទាទោសអ្នកសារព័ត៌មានពីបទញុះញង់ ដើម្បីអាចឱ្យអ្នកសារព័ត៌មានអាចបំពេញការងារបម្រើផលប្រយោជន៍សាធារណៈ។
លោកថ្លែងថា៖ «អ៊ីចឹងខ្ញុំសង្ឃឹមថា យើងមិនគួរណាប្រើច្បាប់ពាក់ព័ន្ធករណីញុះញង់លើអ្នកសារព័ត៌មាន។អ៊ីចឹង បើសិនជាអាចសុំអំពាវនាវ ដោយសារយើងដឹងហើយថា អ្នកសារព័ត៌មាន គាត់ធ្វើការដើម្បីបម្រើប្រជាពលរដ្ឋ ដើម្បីបម្រើមនុស្សជាតិ ដើម្បីបំពេញចន្លោះខ្វះខាត ហើយដើម្បីឱ្យរដ្ឋាភិបាលបានដឹង។ អ៊ីចឹងខ្ញុំគិតថា នៅពេលមានកំហុសណាមួយចំពោះអ្នកសារព័ត៌មាន ចង់មិនចង់ ឬអចេតនា ឬមិនចេតនាហ្នឹង យើងអាចពិនិត្យមើលទៅ ហើយបន្ទាប់មកយើងអាចថា យើងគួរតែប្រើច្បាប់សារព័ត៌មាន ឬច្បាប់ស្រាលជាងនេះ ដើម្បីធ្វើយ៉ាងណាឱ្យអ្នកសារព័ត៌មានគាត់បានបំពេញការងារដោយវិជ្ជាជីវៈ និងប្រក្រតី»។
ទិវាអន្តរជាតិដើម្បីអបអរខួបលើកទី ១០ នៃការបញ្ចប់និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាន នេះធ្វើឡើងដើម្បីឱ្យរដ្ឋជាភាគីចូលរួមទប់ស្កាត់នូវរាល់អំពើហិង្សាលើអ្នកសារព័ត៌មាន និងអ្នកដែលធ្វើការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ដោយធានានូវគណនេយ្យភាព និងនាំជនល្មើសមកកាត់ទោស និងធានាថា ជនរងគ្រោះទទួលបាននូវសំណងសមរម្យ។ ទិវានេះក៏ជាឱកាសមួយដើម្បីអំពាវនាវឱ្យរដ្ឋជាភាគីក្នុងការលើកកម្ពស់នូវសុវត្ថិភាព និងបង្កបរិយាកាសដែលអ្នកសារព័ត៌មានអាចបំពេញការងាររបស់ខ្លួនដោយឯករាជ្យ និងមិនមានការជ្រៀតជ្រែក។
ក្នុងទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិលជាង២០ស្ថាប័នក្នុងប្រទេសកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍រួមមួយនាថ្ងៃសុក្រ ដោយអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការឱ្យបានឆាប់រហ័ស និងជាក់លាក់ដើម្បីធានានូវការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព ឯករាជ្យ និងតម្លាភាព ចំពោះឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។
អង្គការសង្គមស៊ីវិលទាំងនោះ រួមមានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម។ ពួកគេបានលើកឡើងថា ការដៅមុខសញ្ញាលើអ្នកសារព័ត៌មាន ជាពិសេសអ្នកដែលកំពុងរាយការណ៍លើប្រធានបទសិទ្ធិមនុស្ស ធ្វើឱ្យប៉ះពាល់ដល់សេរីភាពខាងការបញ្ចេញមតិ និងសារព័ត៌មាន បង្កជាការគំរាមកំហែងដល់ការទទួលបានព័ត៌មានរបស់សាធារណជន។
អង្គការទាំងនោះបានយោងរបាយការណ៍របស់ខេមបូចា ដោយបញ្ជាក់ថា ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤ អ្នកសារព័ត៌មានចំនួន៤៦នាក់រងការយាយី ក្នុងនោះ ៣៤ នាក់ប្រឈមនឹងការយាយីតាមផ្លូវតុលាការដែលរួមបញ្ចូល ការកោះហៅមកសាកសួរ ការកោះហៅមកបង្ហាញខ្លួននៅតុលាការ និងការឃាត់ខ្លួន ហើយអ្នកសារព័ត៌មានចំនួន៧នាក់រងការបៀតបៀនលើរាងកាយ។ អ្នកសារព័ត៌មានចំនួន៥នាក់ទៀតប្រឈមនឹងការរឹតត្បិតក្នុងការបំពេញការងាររបស់ខ្លួន និងអាជ្ញាបណ្ណសារព័ត៌មានចំនួន៣ត្រូវបានដកហូត៕
វេទិកាបញ្ចេញមតិ