ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​សម្រេច​ដោះលែង​លោក ម៉ិច ដារ៉ា ក្រោយ​លោក​ចេញ​លិខិត​សុំទោស​លោក​ហ៊ុន សែន


អ្នកសារព័ត៌មានលោក ម៉ិច ដារ៉ា ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយពីត្រូវបានដោះលែង​ឲ្យ​នៅ​ក្រៅឃុំ ពីពន្ធនាគារខេត្តកណ្តាល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។
អ្នកសារព័ត៌មានលោក ម៉ិច ដារ៉ា ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយពីត្រូវបានដោះលែង​ឲ្យ​នៅ​ក្រៅឃុំ ពីពន្ធនាគារខេត្តកណ្តាល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។

តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ដោះលែង​អ្នក​កាសែត​ឯករាជ្យ​លោក​ ម៉ិច ដារ៉ា​ ឱ្យ​បាន​ស្ថិត​ក្រៅ​ឃុំ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បន្ទាប់ពី​លោក​បាន​សរសេរ​លិខិត​ និង​ចេញ​វីដេអូ​ថ្លែង​ទទួល​កំហុស និង​សុំ​អភ័យ​ទោស​ពី​ប្រធាន​ព្រឹទ្ធ​សភា​លោក ​ហ៊ុន​ សែន ​និង​នាយក​រដ្ឋ​មន្ត្រី​លោក ​ហ៊ុន ម៉ាណែត។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មេធាវី​របស់​អ្នក​កាសែត​ឯក​រាជ្យ​រូប​នោះ។​

លោក ​ម៉ិច ដារ៉ា​ ត្រូវ​បាន​កម្លាំង​រាជ​អាវុធ​ហត្ថ​ចាប់ខ្លួន​ ហើយ​បញ្ជូន​ទៅ​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស​នៅ​តុលាការ​ក្រុង​ភ្នំពេញ​ ក្រោយ​លោក​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​នៅ​ស្រុក​បាភ្នំ ​ខេត្ត​ព្រៃវែង ​ចោទ​ប្រកាន់​ថា​ បានបង្ហោះ​រូបភាព​មិនពិតចំនួន​២​សន្លឹក​លើ​បណ្តាញ​សង្គម​ ដែលបង្ហាញ​ពី​ការ​បំផ្លិច​បំផ្លាញ​ភ្នំឈើ​កាច់​ក្នុង​ស្រុក​បា​ភ្នំ​ ខេត្ត​ព្រៃវែង ​ដែល​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេស​វៀតណាម។​

លោក​ ឌុច ពិសិដ្ឋ​ មេ​ធាវី​ការពារ​ក្តី​ឱ្យ​លោក​ ម៉ិច​ ដារ៉ា​ ប្រាប់​សំឡេង​សហ​រដ្ឋ​អាមេរិក​ (វីអូអេ) ​ថា​ លោក​ ដារ៉ា​ ត្រូវ​បាន​ដោះលែង​នៅ​ថ្ងៃត្រង់នេះ​ តែ​លោក​មិន​ទាន់​មាន​ព័ត៌មាន​ជុំវិញ​លក្ខខណ្ឌ​នៃ​ការ​សម្រេច​ឱ្យ​លោក ​ដារ៉ា​ បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​នោះ​ទេ។​

លោក​ថ្លែង​ថា៖ ​«ពាក់​ព័ន្ធ​នឹង​លក្ខខណ្ឌ​អីផ្សេង​ទៀត​ យើង​អត់​ទាន់​ដឹង​ច្បាស់​ទេ​ ដោយ​សារ​អត់​ទាន់​បាន​ទទួល​ដីកា​សម្រេច​ពី​តុលាការ ​ចៅក្រម។​ ចាំ​បាន​អាហ្នឹង។​ ពេល​វគ្គ​ថ្ងៃ​ក្រោយ​ទៀត​តាម​មើល។​ តែ​សម្រាប់​ការ​ដោះ​លែង​ថ្ងៃ​នេះ​ យើង​មានការ​សប្បាយ​ចិត្ត​ដែរ»។

ការ​ដោះលែង​លោក​ ម៉ិច ដារ៉ា ​កើត​ឡើង​ក្រោយមេធាវី​បាន​ដាក់​លិខិត​លើក​ទីពីរ​ជូន​តុលាការ​ ដើម្បី​ស្នើ​ឱ្យ​កូន​ក្តី​បាន​ស្ថិត​នៅ​ក្រៅឃុំ ​បន្ទាប់ពី​លោក ​ដារ៉ា ​បាន​ចេញសេចក្តី​ថ្លែង​ការណ៍​សុំ​ទោស​ថ្នាក់​ដឹកនាំ​កម្ពុជា។​

ការ​សម្រេច​ដោះលែង​លោក​ ម៉ិច ដារ៉ា ​កើត​ឡើង​តែមួយ​ថ្ងៃ​ក្រោយ​ការ​បិទ​បញ្ចប់​ទស្សន​កិច្ច​របស់​ប្រធាន​ទីភ្នាក់​ងារ​ USAID ​អ្នកស្រី ​Samantha Power​ ដែល​បាន​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ថា ​ទីភ្នាក់​ងារ​ USAID ​បាន​តាម​ដាន​ករណី​របស់​លោក ​ម៉ិច ដារ៉ា​ យ៉ាង​ដិត​ដល់​ ហើយ​ក៏​បាន​ជួប​ជាមួយ​គ្រួសារ​របស់​អ្នក​កាសែត​រូប​នោះ​ផង​ដែរ។​

ក្នុង​សំណុំ​រឿង​លោក​ ម៉ិច ដារ៉ា អ្នក​ស្រី​ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ​លោក ​ហ៊ុន ម៉ាណែតផង​ដែរ។​

អ្នក​ស្រី​ថ្លែង​ថា៖ ​«ខ្ញុំ​មាន​ឱកាស​បាន​ជួប​គ្រួសារ​លោក​ ដារ៉ា​ ហើយ​បាន​លើក​ឡើង​បញ្ហា​នេះ​ ជា​មួយ​ករណី​ដែល​គួរ​ឱ្យ​បារម្ភ​ផ្សេងៗ​ទៀត​ ក្នុង​ជំនួបរបស់​ខ្ញុំ​ជាមួយ​លោក​នាយករដ្ឋ​មន្ត្រី​ថ្ងៃ​នេះ។​ ករណី​ទាំង​នេះ​មាន​លក្ខណៈ​រសើប​ ប៉ុន្តែ​ខ្ញុំ​គូស​បញ្ជាក់​ថា​ យើង​បាន​សង្កត់ធ្ងន់​អំពី​ការ​គាំទ្រ​របស់​ពួក​យើង​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ជា​វិជ្ជមាន»។​

មុន​ពេល​លោក​ ដារ៉ា​ ត្រូវ​បាន​ដោះ​លែងដោយ​តុលាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​បាន​ជាប់​ក្នុង​ពន្ធនា​គារ​ខេត្ត​កណ្តាលជិត​មួយ​ខែ។​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គកា​រការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក ​អំ សំអាត​ ប្រាប់​វីអូអេ​ថា​ លោក ​ដារ៉ា​ ត្រូវ​បាន​ដោះលែង​ឱ្យ​បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ ដោយ​មាន​លក្ខ​ខណ្ឌ​មួយ​ចំនួន​របស់​តុលាការ​ដើម្បី​បន្ត​នីតិវិធី។​

លោក​បន្ថែម​ថា៖​ «ទោះ​យ៉ាង​ណា​ក៏​ដោយ​ យើង​អបអរ​ចំពោះ​លោក​ ម៉ិច ដារ៉ា​ ដែល​មាន​សេរី​ភាព​វិញ​ ប៉ុន្តែ​ការ​ដោះលែង​នេះ ​វា​ជា​ការ​ដោះលែង​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ហើយ​នីតិវិធី​នៅ​តុលាការចេះ​តែ​បន្ត»។​

បើ​តាម​លោក ​អំ សំអាត​ ការ​សម្រេច​របស់តុលាការ​ដោះលែង​លោក ​ម៉ិច ដារ៉ា កើត​ឡើង​ ក្រោយ​មាន​ការ​អំពាវនាវ​ពី​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ សហគមន៍​អន្តរជាតិ​ ក៏ដូច​ជា​បណ្តា​ស្ថានទូត​នានា​ ដែល​បាន​ស្នើ​សុំ​ឱ្យ​មាន​ការ​ទម្លាក់​បទចោទ​ប្រកាន់​លើ​លោក​ ដារ៉ា​ ដើម្បី​ឱ្យ​លោក​មាន​សេរីភាព​ពេញ​លេញ​ក្នុង​ការប្រកប​វិជ្ជាជីវៈ​ជា​អ្នក​សារ​ព័ត៌មាន​ឡើង​វិញ។​

វីអូអេ​មិន​អាច​សុំការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក​ អ៊ី រិន្ទ​ បាន​ទេ ដោយ​លោក​មិន​ឆ្លើយ​សំណួរ​ផ្ញើជូន​តាមតេឡេក្រាម។​

លោក​ ម៉ិច​ ដារ៉ា​ ត្រូវ​គេ​ស្គាល់​ថា​ ជា​អ្នក​កាសែត​មាន​ភាព​សកម្ម​ក្នុង​ការ​រាយ​ការណ៍​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ ឬ​ online scams ​និង​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ពី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក ​ចំពោះ​ភាព​ក្លាហាន​នៃ​ការ​រាយ​ការណ៍​ព័ត៌មាន​អំពី​ប្រធាន​បទ​ដ៏​រសើប​ទាំង​នោះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG