មួយឆ្នាំបន្ទាប់ពីពួកកុបករដែលគាំទ្រអតីតប្រធានាធិបតី Trump បានវាយលុកចូលរដ្ឋសភាសហរដ្ឋអាមេរិក មនុស្សរាប់រយនាក់ដែលបានវាយប្រហារលើពួកមន្ត្រីប៉ូលិស ហើយបានប្រព្រឹត្តិបទឧក្រិដ្ឋផ្សេងទៀត នៅមិនទាន់បានចាប់ខ្លួននៅឡើយ។ ពួកមន្ត្រីពង្រឹងច្បាប់សហព័ន្ធ បានធ្វើការស៊ើបអង្កេតរឿងកុបកម្មកាលពីខែមករា ឆ្នាំទៅយ៉ាងខ្លាំងក្លា។ មនុស្សជាង៧០០នាក់ បានរងការចោទប្រកាន់ពីបទឧក្រិដ្ឋសហព័ន្ធដែលកើតចេញពីការវាយប្រហារថៃ្ងទី៦ មករា ឆ្នាំ២០២១។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ការចាប់ខ្លួន នៅតែត្រូវបានធ្វើឡើងជាប្រចាំ។ ក៏ប៉ុន្តែ មនុស្ស២៥០នាក់ដែលបានឃើញនៅក្នុងវីដេអូដែលបានបំពារបំពានប៉ូលិសនៅឯវិមានសភា នៅមិនទាន់បានកំណត់អត្តសញ្ញាណឲ្យបានពេញលេញនៅឡើយ ហើយនឹងមិនទាន់ត្រូវបាន FBI ចាប់ខ្លួននៅឡើយ។ មនុស្ស ១០០នាក់ទៀត ត្រូវបានគេស្វែងរកមុខ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មផ្សេងទៀតដែលជាប់ទាក់ទិននឹងកុបកម្ម។ សម្រាប់ភ្នាក់ងារ FBI ដែលកំពុងធ្វើកិច្ចការនោះ ការងារនោះ នៅមិនទាន់ចប់សព្វគ្រប់នៅឡើយទេ។
លោក Steven D'Antuono នាយកជំនួយទទួលបន្ទុកការិយាល័យ FBI នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន និយាយថា «ការបំពារបំពានប្រឆាំងនឹងមន្ត្រីប៉ូលិសជារឿងធ្ងន់ធ្ងរណាស់»។ មន្ត្រីប៉ូលិសជាង១រយនាក់ ត្រូវបានរងការវាយប្រហារពីសំណាក់ពួកកុបករនៅថ្ងៃទី៦ មករា។ មន្ត្រីប៉ូលិសខ្លះ បានរងការវាយប្រហារដោយមនុស្សជាច្រើន ហើយប៉ូលិសខ្លះទៀត បានត្រូវគេវាយប្រហារជាច្រើនលើក៕