គណៈកម្មការព្រឹទ្ធសភាអាមេរិក២ បានចេញផ្សាយរបាយការណ៍រួមគ្នាមួយនៅថ្ងៃអង្គារម្សិលមិញ ដោយនិយាយលម្អិតពី«បរាជ័យនៃបញ្ហាសន្តិសុខនិងចារកម្មមួយចំនួន»នៅមុនពេល និងអំឡុងពេលនៃការវាយប្រហារទៅលើវិមានសភាអាមេរិកកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ កន្លងទៅ ដោយក្រុមអ្នកប្រឆាំងតវ៉ា។
របាយការណ៍នោះ បានបញ្ជាក់ថា «ការវាយប្រហារទៅលើវិមានសភាអាមេរិកនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នោះ មិនគ្រាន់តែជាការវាយប្រហារទៅលើវិមានសភាអាមេរិកតែប៉ុណ្ណោះទេ តែជាការវាយប្រហារទៅលើលទ្ធិប្រជាធិបតេយ្យផងដែរ។ ស្ថាប័នដែលទទួលខុសត្រូវក្នុងការការពារសន្តិសុខនិងរក្សាអគារវិមានសភា និងអ្នកទាំងអស់ដែលស្ថិតក្នុងទីតាំងវិមានសភា មិនបានត្រៀមខ្លួនសម្រាប់ទប់ទល់ទៅលើការវាយប្រហារក្នុងទ្រង់ទ្រាយធំ បើទោះបីជាពួកគេបានដឹងជាមុនរួចទៅហើយនូវអំពើហិង្សាដែលអាចកើតមានសំដៅទៅលើវិមានរដ្ឋសភាអាមេរិកក្តី»។
គណៈកម្មាធិការវិន័យនិងគណៈកម្មាធិការសន្តិសុខមាតុភូមិរបស់ព្រឹទ្ធសភាអាមេរិក បានបើកការស៊ើបអង្គេតមួយ ដោយមានការចូលរួមពីគណបក្សទាំងពីរ កាលពីខែកុម្ភៈកន្លងទៅ ដោយក្នុងនោះមានការផ្តល់សក្ខីកម្មពីប្រធានប៉ូលិសការពារវិមានសភា និងទីភ្នាក់ងារអនុវត្តច្បាប់ផ្សេងៗ ក៏ដូចជាមន្ត្រីពាក់ព័ន្ធមួយចំនួនដែលធ្លាប់បម្រើការងារ និងកំពុងបម្រើការងារនៅក្រសួងការពារជាតិ និងក្រសួងសន្តិសុខមាតុភូមិអាមេរិកផងដែរ។ គណៈកម្មាធិការទាំងពីរនេះ ក៏បានបញ្ជាក់ផងដែរថា គេបានត្រួតពិនិត្យមើលនូវឯកសាររាប់ពាន់ច្បាប់ និងបានទទួលការបញ្ជាក់ជាលាយលក្ខណ៍អក្សរពីមន្ត្រីប៉ូលិសការពារវិមានសភាចំនួន៥០នាក់ផងដែរ។
របាយការណ៍ស្រាវជ្រាវនេះក៏បានលើកឡើងដែរថា «កត្តាគន្លឹះដែលនាំឲ្យមានព្រឹត្តិការណ៍សោដនាកម្មនៅថ្ងៃទី៦ មករានោះ គឺភាពបរាជ័យនៃសហគមន៍ចារកម្ម ដែលមិនបានវិភាគ និងវាយតម្លៃឲ្យបានត្រឹមត្រូវក្នុងការចែកចាយព័ត៌មានទៅដល់ក្រុមអនុវត្តច្បាប់ ជុំវិញអំពើហិង្សាដែលនឹងអាចកើតមានឡើង ក៏ដូចជាការគំរាមកំហែងដែលបានដឹងជាមុន ទៅឲ្យក្រុមសមាជិកនិងអ្នកធ្វើការនៅវិមានសភានៅថ្ងៃនោះដើម្បីត្រៀមខ្លួន»។
គណៈកម្មាធិការទាំងពីរនេះលើកឡើងថា ភាពបរាជ័យនៃចារកម្មទាំងនោះ រួមមានការខ្វះខាតការវាយតម្លៃនៃការគំរាមកំហែង ដែលមិនត្រូវបានដាក់ចេញដោយការិយាល័យស៊ើបអង្គេតសហព័ន្ធ FBI ឬក៏ក្រសួងសន្តិសុខមាតុភូមិអាមេរិក បើទោះបីជាមានការអំពាវនាវអនឡាញឲ្យមានអំពើហិង្សានៅវិមានសភាយ៉ាងណាក្តី។ ទន្ទឹមនឹងនេះដែរ សាខាចារកម្មរបស់ប៉ូលិសវិមានសភា ក៏មិនបានចែករំលែកព័ត៌មានដែលខ្លួនមានស្តីពីការគំរាមកំហែងនៃអំពើហិង្សានោះទៅឲ្យមន្ត្រីថ្នាក់លើរបស់ខ្លួនផងដែរ៕