ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

FBI ស៊ើបអង្កេត​ការប្រឈម​របស់​ក្រុម​រថយន្ត​គាំទ្រ​លោក Trump ជាមួយ​រថយន្ត​ឃោសនា​បោះឆ្នោត​របស់​លោក Biden នៅ​រដ្ឋ Texas


ក្បួន​រថយន្ត​ដែល​មាន​ដោត​ទង់​បង្ហាញ​ការ​គាំទ្រ​ចំពោះ​លោក​ប្រធានាធិបតី Donald Trump បើក​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​មួយ​​​ក្នុងរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋ​អាមេរិក។

ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ FBI របស់​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ខ្លួន កំពុង​ស៊ើប​អង្កេត​លើ​ឧបទ្ទវហេតុ​មួយ ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​សុក្រ ដោយ​នៅ​ក្នុង​នោះ ក្បួន​រថយន្ត​ដែល​មាន​ដោត​ទង់​បង្ហាញ​ការ​គាំទ្រ​ចំពោះ​លោក​ប្រធានាធិបតី Donald Trump បាន​ឡោមព័ទ្ធ​រថយន្ត​ក្រុង​មួយ​គ្រឿង​ដែល​ដឹក​បុគ្គលិក​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden នៅ​លើ​ផ្លូវ​ល្បឿន​លឿន​មួយ​នៅ​រដ្ឋ Texas។ នេះ​ បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ឧបទ្ទវហេតុ​នេះ ​ត្រូវ​បាន​គេ​ថត​បាន​នៅ​ក្នុង​វីដេអូ​មួយ ដែល​លោក Trump បាន​យក​មក​បង្ហោះ​បន្ត​តាម Twitter កាលពី​ថ្ងៃ​សៅរ៍ ដោយ​មាន​ភ្ជាប់​នូវ​សារ​ថា «ខ្ញុំ​ស្រឡាញ់​រដ្ឋ Texas»។

ឧបទ្ទវហេតុ​នេះ​ បាន​បណ្តាល​ឲ្យ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Biden លុបចោល​ព្រឹត្តិការណ៍​ឃោសនា​បោះឆ្នោត​យ៉ាង​តិច ២ កន្លែង​នៅ​ក្នុង​រដ្ឋ Texas ស្រប​ពេល​ដែល​គណបក្ស​ប្រជាធិបតេយ្យ​ បាន​ចោទ​ប្រកាន់​លោក Trump ថា ​បាន​លើក​ទឹកចិត្ត​អ្នក​គាំទ្រ​របស់​លោក​ឲ្យ​ប្រឡូក​នៅ​ក្នុង​សកម្មភាព​គំរាមកំហែង។

រូបភាព​វីដេអូ​នៃ​ហេតុការណ៍​នេះ​បាន​បង្ហាញ​ថា ក្រុម​រថយន្ត​ប្រភេទ Pickup និង SUV ដែល​មាន​ដោត​ទង់​គាំទ្រ​លោក Trump បាន​ឡោមព័ទ្ធ​រថយន្ត​ក្រុង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Biden នៅពេល​ដែល​រថយន្ត​នោះ​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​ជើង​តាម​បណ្តោយ​ផ្លូវ​ល្បឿន​លឿន​លេខ ៣៥ នៅ​ចន្លោះ​ទីក្រុង San Antonio និង​ទីក្រុង Austin។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Biden បាន​បញ្ជាក់​ថា ក្បួន​រថយន្ត​របស់​អ្នក​គាំទ្រ​លោក Trump ទាំង​នោះ បាន​ព្យាយាម​ធ្វើ​យ៉ាង​ណា​បង្ខំ​ឲ្យ​រថយន្ត​ក្រុង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​ខ្លួន​បង្អន់​ល្បឿន និង​ធ្លាក់​ចេញ​ពី​ផ្លូវ។

អ្នកស្រី Michelle Lee អ្នក​នាំ​ពាក្យ​ទីភ្នាក់ងារ FBI នៅ​ទីក្រុង San Antonio បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters តាម​អ៊ីមែល​ថា៖ «FBI នៅ​ទីក្រុង San Antonio បាន​ដឹង​អំពី​ឧបទ្ទវហេតុ​នេះ ហើយ​កំពុង​ស៊ើប​អង្កេត។ មិន​មាន​ព័ត៌មាន​បន្ថែម​នៅ​ពេល​នេះ​ទេ»។

លោក Trump បាន​រិះគន់​ការ​ស៊ើប​អង្កេត​របស់ FBI នេះ ដោយ​បាន​បញ្ជាក់​តាម Twitter កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ថា៖ «ខ្ញុំ​គិត​ថា អ្នក​ស្នេហា​ជាតិ​ទាំង​នេះ​ មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ»៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG