ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្ទង់​មតិ៖ លោក Biden នៅ​បន្ត​នាំ​មុខ​លោក Trump ទូទាំង​ប្រទេស ប៉ុន្តែ​ប្រកៀកប្រកិត​នៅ​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង


រូបឯកសារ៖ អ្នកបោះឆ្នោតឈរតម្រង់ជួររង់ចាំបោះឆ្នោត មុនថ្ងៃបោះឆ្នោត នៅទីក្រុង Durham រដ្ឋ North Carolina កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកបោះឆ្នោតឈរតម្រង់ជួររង់ចាំបោះឆ្នោត មុនថ្ងៃបោះឆ្នោត នៅទីក្រុង Durham រដ្ឋ North Carolina កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។

គិត​ត្រឹម​ថ្ងៃ​អាទិត្យ មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ចូល​មក​ដល់​នៅ​ថ្ងៃ​អង្គារ​ខាង​មុខ បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden នៅ​បន្ត​នាំ​មុខ​លោក​ប្រធានាធិបតី Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ នៅ​ក្នុង​ការ​ស្ទង់​មតិ​នៅ​ទូទាំង​ប្រទេស ស្រប​ពេល​ដែល​អ្នក​បោះឆ្នោត​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​អំពី​វិបត្តិ​ជំងឺ​កូវីដ១៩។

ប៉ុន្តែ​ការ​ស្ទង់​មតិ​នៅ​តាម​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​ បាន​បង្ហាញ​ថា លោក Trump និង​លោក Biden ស្ថិត​នៅ​ប្រកៀកប្រកិត​គ្នា។ រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​ទាំង​នោះ ​គឺ​ជា​រដ្ឋ​ដែល​ទំនងជា​អាច​សម្រេច​អំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​បាន។

លោក Biden ដែល​មាន​ការ​គាំទ្រ​នាំ​មុខ​លោក Trump នៅ​ទូទាំង​ប្រទេស នៅតែ​រក្សា​បាន​ការ​គាំទ្រ​នាំ​មុខ​ដ៏​រឹងមាំ ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ លោក Biden មាន​ការ​គាំទ្រ​នាំមុខ​លោក Trump ចំនួន ៥១% ទល់​នឹង ៤៣% នៅ​ក្នុង​ការ​ស្ទង់​មតិ​ថ្មី​ចុង​ក្រោយ​បំផុត​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters/Ipsos ដែល​បាន​ធ្វើ​ឡើង​រវាង​ពី​ថ្ងៃ​ទី ២៧ ដល់​ថ្ងៃ​ទី ២៩ ខែ​តុលា ឆ្នាំ ២០២០ នេះ។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក Trump ទទួល​បាន​ការ​គាំទ្រ​ប្រកៀកប្រកិត​នឹង​លោក Biden នៅ​ក្នុង​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​មួយ​ចំនួន ដែល​គ្រប់គ្រាន់​អាច​ឲ្យ​លោក​ឈ្នះ​បាន​ប្រតិភូ​ចំនួន ២៧០ នៃ​ប្រតិភូ​សរុប​ចំនួន ៥៣៨ នាក់​នៃ​អង្គ​បោះឆ្នោត ដែល​ជា​ចំនួន​ត្រូវការ​ដើម្បី​ឈ្នះ​ការ​បោះឆ្នោត។

ការ​ស្ទង់​មតិ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters/Ipsos បង្ហាញ​ថា ការ​ប្រកួត​ប្រជែង​នៃ​ការ​បោះឆ្នោត​លើក​នេះ​មាន​ការ​ប្រកៀកប្រកិត​ខ្លាំង​នៅ​ក្នុង​រដ្ឋ Florida រដ្ឋ North Carolina និង​រដ្ឋ Arizona។

សម្រាប់​លោក Trump បើ​ទោះបីជា​លោក​មិន​អាច​ឈ្នះ​ក្នុង​រដ្ឋ Michigan និង​រដ្ឋ Wisconsin ដែល​ជា​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​ក៏​ដោយ ក៏​លោក​នៅតែ​អាច​ក្លាយជា​ប្រធានាធិបតី​នៅ​អាណត្តិ​ទី​ពីរ​បាន​ដែរ ប្រសិនបើ​លោក​នៅតែ​រក្សា​បាន​ការ​ឈ្នះ​របស់​លោក​នៅ​ក្នុង​រដ្ឋ​ផ្សេងៗ​ទៀត​ទាំង​អស់ ដែល​លោក​ធ្លាប់​បាន​ឈ្នះ​ នៅ​ក្នុង​ឆ្នាំ ២០១៦៕

XS
SM
MD
LG