លោក Andrew McCabe មន្ត្រីជាន់ខ្ពស់នៃទីភ្នាក់ងារ FBI លំដាប់ទី២ ដែលលោកប្រធានាធិបតី Donald Trump បានរិះគន់ជាសាធារណៈដោយចោទប្រកាន់ថា មានភាពលម្អៀងនយោបាយនោះ បានចាកចេញពីការិយាល័យប៉ុន្មានសប្តាហ៍មុននឹងលោកត្រូវចូលនិវត្តន៍នៅខែមីនាខាងមុខ នេះបើយោងតាមមន្ត្រី FBI មួយរូបដែលបានថ្លែងកាលពីថ្ងៃចន្ទ។
លោក McCabe ដែលជាមន្ត្រី FBI ជើងចាស់មួយរូបដែលធ្វើការរយៈពេល២២ឆ្នាំនិងជានាយករងនៃទីភ្នាក់ងារ FBI នៅ២ឆ្នាំចុងក្រោយនេះ ដំបូងគ្រោងនឹងចូលនិវត្តន៍នៅខែមីនា នៅពេលដែលលោកអាចទទួលបាននូវអត្ថប្រយោជន៍ចូលនិវត្តន៍ពេញលេញ។ ប៉ុន្តែមន្ត្រីមួយរូបបានថ្លែងថា លោក McCabe បានសម្រេចចិត្តឈប់ពីការងារមុនពេលកំណត់ គឺចាប់ផ្តើមពីថ្ងៃចន្ទម្សិលមិញនេះ ហើយលោកនឹងមិនវិលត្រឡប់មកកាន់ការិយាល័យនេះទៀតនោះទេ។
មន្ត្រីដែលបានថ្លែងក្រោមលក្ខខណ្ឌជាជនអនាមិកនោះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនោះទេ។
លោក McCabe ត្រូវបានលោក Trump និងគណបក្សសាធារណរដ្ឋរិះគន់យ៉ាងចាស់ដៃពាក់ព័ន្ធនឹងការស៊ើបអង្កេតទៅលើរុស្ស៊ី មួយផ្នែកគឺដោយសារតែភរិយារបស់លោកគឺលោកស្រី Jill McCabe បានទទួលប្រាក់បរិច្ចាគរាប់សែនដុល្លារដោយសារការចាញ់ការដណ្តើមយកអាសនៈនៅក្នុងព្រឹទ្ធសភាពីគណៈកម្មាធិការចំណាត់ការនយោបាយ គ្រប់គ្រងដោយមិត្តភក្តិម្នាក់របស់អតីតបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យគឺលោកស្រី Hillary Clinton៕