នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI លោក Chris Wray ត្រៀមខ្លួនដើម្បីផ្តល់សក្ខីកម្មជាលើកដំបូង ចាប់តាំងពីមានកុប្បកម្មនៅវិមានសភាអាមេរិក ដែលបណ្តាលឲ្យមានមនុស្សស្លាប់កាលពីថ្ងៃទី៦ ខែមករាកន្លងទៅ។
នៅថ្ងៃអង្គារនេះ សមាជិកសភាអាមេរិកទំនងជាជជីកសួរលោកថា តើការិយាល័យរបស់លោកបានធ្វើទំនាក់ទំនងត្រឹមត្រូវជាមួយទីភ្នាក់ងារអនុវត្តច្បាប់ដទៃផ្សេងៗទៀតដែរឬទេ អំពីអំពើហិង្សាដ៏ធំដែលបានកើតឡើងនៅថ្ងៃនោះ។
សំណួរទាក់ទងអំពីការត្រៀមខ្លួនរបស់ស្ថាប័ន FBI សម្រាប់ទប់ទល់នឹងសកម្មភាពកុប្បកម្ម និងការស៊ើបអង្កេតជុំវិញរឿងនេះ ត្រូវគេរំពឹងថា នឹងគ្របដណ្តប់ការផ្តល់សក្ខីកម្មរបស់លោក Wray នៅចំពោះមុខគណៈកម្មាធិការបន្ទុកកិច្ចការច្បាប់ប្រចាំព្រឹទ្ធសភាសហរដ្ឋអាមេរិក។
នាយក FBI រូបនេះ ក៏ទំនងនឹងត្រូវទទួលការជជីកសួរផងដែរ អំពីរបៀបដែលស្ថាប័ន FBI ត្រូវដោះស្រាយការគំរាមកំហែងសន្តិសុខជាតិ ពីសំណាក់ក្រុមជាតិនិយមស្បែកស និងក្រុមជ្រុលនិយមដែលបង្ករអំពើហិង្សាក្នុងសហរដ្ឋអាមេរិកនោះ៕