ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

FBI ចាប់ខ្លួន​មនុស្ស៥នាក់ពាក់ព័ន្ធ​នឹង«ប្រតិបត្តិការ​ប្រមាញ់​កញ្ជ្រោង»របស់​រដ្ឋាភិបាល​ចិន


រូបឯកសារ៖ រថយន្តរបស់ភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ FBI នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩។
រូបឯកសារ៖ រថយន្តរបស់ភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ FBI នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩។

ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ FBI របស់​សហរដ្ឋ​អាមេរិក បាន​ចាប់​ខ្លួន​មនុស្ស ៥ នាក់​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ផែនការ​ចាប់​បង្ខំ​អតីត​មន្ត្រី​ក្រុង​ចិន​ម្នាក់​និង​ក្រុម​គ្រួសារ​របស់​មន្ត្រី​នោះ​ ដែល​កំពុង​រស់នៅ​សហរដ្ឋ​អាមេរិក​ ឲ្យ​ត្រឡប់​ទៅកាន់​ប្រទេស​ចិន​វិញ ដែល​ជាផ្នែក​មួយ​នៃ​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល​ចិន ​ដែល​មាន​ឈ្មោះ​ថា «ប្រតិបត្តិការ​ប្រមាញ់​កញ្ជ្រោង»។

មន្ត្រី FBI និយាយ​ថា បុរស​ទាំង ៥ នាក់​នោះ ដែល​មាន​ពលរដ្ឋ​អាមេរិកាំង​ម្នាក់​ផង​ដែរ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​រដ្ឋ New Jersey រដ្ឋ New York និង​រដ្ឋ California កាលពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ។ មនុស្ស ៣ នាក់​ទៀត ដែល​បាន​រង​ការចោទ​ប្រកាន់​នៅ​ក្នុង​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ផែនការ​នេះ​ដែរ នៅ​រត់​គេច​ខ្លួន​នៅឡើយ​នៅ​ក្នុង​ប្រទេស​ចិន។

ជន​ជាប់​ចោទ​ទាំង​នេះ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ថា ​បាន​ធ្វើ​ជា​ភ្នាក់ងារ​ខុស​ច្បាប់​របស់​រដ្ឋាភិបាល​ចិន​សម្រាប់​ការ​ចូលរួម​នៅ​ក្នុង​យុទ្ធនាការ​ដើម្បី «រំខាន​យាយី ឈ្លបចាប់ និង​គំរាម​បង្ខំ» អ្នក​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ឲ្យ​វិលត្រឡប់​ទៅកាន់​ប្រទេស​ចិន​វិញ ដែល​ជាផ្នែក​មួយ​នៃ «ប្រតិបត្តិការ​ប្រមាញ់​កញ្ជ្រោង»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក។

«ប្រតិបត្តិការ​ប្រមាញ់​កញ្ជ្រោង» របស់​រដ្ឋាភិបាល​ចិន​នេះ បាន​ចាប់ផ្តើម​នៅ​ឆ្នាំ ២០១៤ ដែល​ជាផ្នែក​មួយ​នៃ​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​ដ៏​ធំ​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping។ គោល​បំណង​នៃ​យុទ្ធនាការ​នេះ គឺ​ដើម្បី​ចាប់​ខ្លួន​មន្ត្រី​និង​ពាណិជ្ជករ​ចិន​ពុករលួយ​រាប់​ពាន់​នាក់ ដែល​បាន​រត់គេច​ខ្លួន​ទៅ​បរទេស។

មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា «ប្រតិបត្តិការ​ប្រមាញ់​កញ្ជ្រោង» នេះ គឺជា «កិច្ច​ប្រឹងប្រែង​ខុស​ច្បាប់» ដែល​ធ្វើ​ឡើង​ដើម្បី​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​នូវ​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន​នៅ​ទូទាំង​ពិភពលោក៕

XS
SM
MD
LG