អ្នកស្រី Rochelle Walensky នាយកទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺ (CDC) សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វីរុសជំងឺកូវីដ១៩បំប្លែងថ្មីដែលតា (Delta) «ជាវីរុសប៉ះពាល់ផ្លូវដង្ហើមឆ្លងខ្លាំងបំផុតមួយដែលយើងបានដឹងហើយដែលខ្ញុំបានឃើញនៅក្នុងរយៈពេល២០ឆ្នាំនៃអាជីពរបស់ខ្ញុំ»។
ក្រុមមន្ត្រីនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍បានជំរុញប្រជាពលរដ្ឋឲ្យចាក់វ៉ាក់សាំងជំងឺកូវីដ១៩ដើម្បីការពារខ្លួនពីវីរុសបំប្លែងថ្មីហើយនឹងទប់ស្កាត់ការរាលដាលនៃវីរុសកូរ៉ូណា។
ប្រទេសចិនមិនសប្បាយចិត្តនឹងអង្គការសុខភាពពិភពលោកដែលចង់បន្តស៊ើបអង្កេតថាតើវីរុសកូរ៉ូណាដែលបង្កជំងឺកូវីដ១៩លេចចេញពីមន្ទីរពិសោធន៍នៅទីក្រុងវូហាន (Wuhan) ឬយ៉ាងណាដែលនាំឲ្យមានការរាតត្បាតនៃជំងឺកូវីដ១៩ទូទាំងពិភពលោក។
លោក Zeng Yixin អនុរដ្ឋមន្ត្រីគណៈកម្មការសុខាភិបាលចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាសំណើរបស់អង្គការសុខភាពពិភពលោកធ្វើការស៊ើបអង្កេតការលេចធ្លាយវីរុសពីមន្ទីរពិសោធន៍របស់ចិនដែលជាប្រភពនៃការផ្ទុះទូទាំងសាកលលោកនោះគឺខ្វះ«ការគោរពសុភវិនិច្ឆ័យនិងជាឥរិយាបទច្រឡោងខាមចំពោះវិទ្យាសាស្ត្រ»។លោកនិយាយទៀតថាចិនមិនអាចទទួលយកផែនការបែបនេះទេ។
ការស៊ើបអង្កេតដែលធ្វើឡើងដោយប្រទេសចិននិងអង្គការសុខភាពនៅដើមឆ្នាំនេះបានសន្និដ្ឋានថា វាមិនទំនងទាល់តែសោះថាការលេចធ្លាយពីមន្ទីរពិសោធន៍វូហានជាប្រភពនៃវីរុសនោះ។ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញអន្តរជាតិនិយាយថាពួកអ្នកវិទ្យាសាស្ត្រចិនមានឥទ្ធិពលខ្លាំងពេកនៅក្នុងការសម្រេចអំពីលទ្ធផលនៃការស៊ើបអង្កេតនោះ។
មជ្ឈមណ្ឌល Johns Hopkins បានរាយការណ៍នៅថ្ងៃសុក្រថាមានការឆ្លងវីរុសកូរ៉ូណាសរុបចំនួន១៩២លាន៥សែនករណីនៅលើពិភពលោកហើយចំនួនអ្នកស្លាប់ឡើងដល់៤លាននាក់៕