ការបាញ់ប្រហារប្រកបដោយសោកនាដកម្មនៅក្រុងParkland នៃរដ្ឋ Floridaកាលពីខែមុនដែលបានបន្សល់នូវការសោកស្តាយដល់មនុស្សចំនួន១៧គ្រួសារ។ ក៏ប៉ុន្តែ សម្រាប់ឪពុករបស់ជនរងគ្រោះម្នាក់ សោកនាដកម្មនេះបានក្លាយទៅជាការអំពាវនាវមួយឲ្យមានចំណាត់ការ។ លោក Manuel Oliver ចង់ឲ្យយុវជនក្មេងៗនិយាយប្រឆាំងនឹងអំពើហឹង្សាដោយសារកាំភ្លើង។
គេនៅចងចាំថា Joaquin Oliver ជាយុវជនម្នាក់ដែលចូលចិត្តសប្បាយរីករាយដោយមានចំណង់ចំណូលចិត្តខាងកីឡាបាល់ទាត់។ លោក Manuel Oliverជាឪពុករបស់យុវជននោះបានប្រែក្លាយទុកព្រួយរបស់លោកឲ្យទៅជាសកម្មភាព បានទាមទារឲ្យមានការផ្លាស់ប្តូរ ហើយលើកទឹកចិត្តយុវជនក្មេងៗឲ្យនិយាយប្រឆាំង ផ្លាស់ប្តូរច្បាប់ ហើយនឹងធ្វើឲ្យប្រាកដថា ជនរងគ្រោះចំនួន១៧នាក់នៃការបាញ់ប្រហារនៅក្រុង Parkland មិនស្លាប់ឥតប្រយោជន៍។ លោក Manuel Oliverនិយាយថា៖ «Change the Ref មានន័យថា ការផ្លាស់ប្តូរអាជ្ញាកណ្តាលត្រូវបានផ្តើមជាជម្រើសសម្រាប់សិស្ស។ ចំពោះពួកគេដើម្បីសម្រេចថាអ្វីដែលពួកគេអាចធ្វើនិងអ្វីដែលពួកគេមិនអាចធ្វើ ដើម្បីឲ្យពួកគេសម្រេចអ្វីដែលជាល្បែងល្អហើយនឹងអ្វីដែលមិនមែនជាល្បែងល្អនោះ»។
Change the Ref ជាការរំឮកដាស់តឿនមួយដល់អ្នកដែលប្រតិបត្តិនិងបង្កើតច្បាប់របស់យើងថា ពួកគេមានការទទួលខុសត្រូវ។ ពួកគេខ្លះកំពុងយកចិត្តទុក ដាក់។អភិបាលរដ្ឋ Florida កាលពីពេលថ្មីៗនេះបានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ដើម្បីបង្កើនអាយុតាមផ្លូវច្បាប់ដើម្បីទិញអាវុធពីអាយុ១៨ឆ្នាំទៅ២១ឆ្នាំ ហើយនឹងឲ្យរង់ចាំរយៈពេល៣ថ្ងៃដើម្បីទិញកាំភ្លើង។លោក Manuel Oliver និយាយទៀតថា៖ «នេះជាដំណើរការមួយដែលអស់លោក អ្នក អាចនិយាយបានថា ពួកអ្នកនយោបាយកំពុងស្តាប់ពួកយុវជនក្មេងៗ»។
ក៏ប៉ុន្តែ លោក Manuel Oliverនិយាយថា មានកិច្ចការជាច្រើនទៀតត្រូវធ្វើ។លោក Manuel Oliverបានថ្លែងថា៖ «ខ្ញុំកំពុងនិយាយសំដៅទៅសមាជិកសភា។ប្រសិនបើ ដំណើការនេះធ្វើទៅមិនល្អទេហើយយើងមានមេដឹកនាំដែលមានការតាំងចិត្តជាមួយការរៀបចំចាត់ចែងទាំងនេះ យើងនឹងមិនទទួលបានភាពយុត្តិធម៌ទេ»។
លោក Oliver និយាយថា ភាពយុត្តិធម៌គឺថា ដើម្បីការពារទាំងម្ចាស់កាំភ្លើងនិងសាធារណជន ហើយកម្រិតឥទ្ធិពលរបស់ក្រុមខាងក្រៅ។ គោលដៅនោះត្រូវបានគាំទ្រដោយសិស្សកាន់តែច្រើនឡើង សិស្សជាច្រើនដែលបានចាកចេញពីថ្នាក់រៀនកាលពីសប្តាហ៍មុនទាមទារឲ្យមានច្បាប់កាំភ្លើងកាន់តែតឹងរ៉ឹងឡើង។លោក Manuel និយាយទៀតថា៖ «យើងមកប្រទេសនេះដើម្បីចិញ្ចឹមបីបាច់កូនរបស់យើងឲ្យល្អបំផុតដែលយើងអាចផ្តល់ឲ្យពួកគេបាន។ ការផ្លាស់ប្តូរដ៏សំខាន់មួយនៅពេលឥឡូវនេះគឺថា យើងបានស្ថិតនៅក្នុងប្រទេសដើម្បីជួយពួកគេនិងមនុស្សផ្សេងទៀតដើម្បីចិញ្ចឹមបីបាច់កូនចៅរបស់ពួកគេឲ្យបានល្អបំផុតដែលយើងអាចផ្តល់ឲ្យគេបាន»។
សោកនាដកម្មនៅក្រុងParklandបានផ្តល់ឲ្យលោក Oliver និងក្រុមគ្រួសាររបស់លោកនូវបំណងដ៏ពិតប្រាកដមួយ។ ពួកគេបានធ្វើបាតុកម្មរួមជាមួយក្រុមគ្រួសារផ្សេងទៀតក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃសៅរ៍សប្តាហ៍មុនដើម្បីរំលឹកសមា ជិកសភាសហរដ្ឋអាមេរិកថា សុវត្ថិភាពសាធារណៈមានសារៈសំខាន់ដូចជាសិទ្ធិម្ចាស់កាំភ្លើងដែរ៕
ប្រែសម្រួលដោយជឹង ប៉ូជីន