ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​សិទ្ធិ​មនុស្ស​និង​សហជីព​ជំទាស់​នឹង​វិសោធនកម្ម​ច្បាប់​សហជីព


រូបឯកសារ៖ តំណាង​កម្មករ​ប្រមាណ​១០០នាក់​តវ៉ា​កុំឲ្យមាន​ការ​អនុម័ត​ច្បាប់​សហជីព​​នៅ​មុខ​រដ្ឋសភា​ជាតិ​ រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦។ (ឡេង ឡែ/VOA)
រូបឯកសារ៖ តំណាង​កម្មករ​ប្រមាណ​១០០នាក់​តវ៉ា​កុំឲ្យមាន​ការ​អនុម័ត​ច្បាប់​សហជីព​​នៅ​មុខ​រដ្ឋសភា​ជាតិ​ រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦។ (ឡេង ឡែ/VOA)

វិសោធនកម្ម​មាត្រា​ចំនួន​១០​ នៃ​ច្បាប់​ស្តីពី​សហជីព​ នៅ​មិន​ទាន់​ផ្តល់​សិទ្ធិ​ពេញ​លេញ​ដល់​ក្រុម​អ្នក​ការពារ​សិទ្ធិ​កម្មករ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅឡើយ​ ដោយ​សារលក្ខខណ្ឌ​រឹតត្បិត​មួយ​ចំនួន​សម្រាប់​ការ​បង្កើត​សហជីព​នៅ​មិន​ទាន់​បាន​កែ​សម្រួល​ ហើយ​សហជីពអាច​ប្រឈម​នឹង​ចំណាត់​ការ​ផ្លូវ​ច្បាប់ ប្រសិន​បើ​ពួក​គេ​ធ្វើ​ខុស​ពី​កាតព្វកិច្ច​ដែល​ចែង​ក្នុង​ច្បាប់​ស្តីពី​សហជីព។ នេះ​បើ​តាម​លិខិត​រួម​មួយរបស់​ក្រុម​អង្គការ​សិទិ្ធ​មនុស្ស​ជាតិ​ និង​អន្តរជាតិ ​និងសហជីព​ចំនួន​ជិត៤០។

លិខិត​រួម​ដែល​បាន​ផ្ញើ​ទៅ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ នៅ​ថ្ងៃពុធនេះ ​បាន​លើកឡើង​ថា​ វិសោធនកម្ម​មាត្រា​ទាំង​១០​ ដែល​បាន​អនុម័ត​ដោយ​រដ្ឋ​សភា​ និង​ព្រឹទ្ធភា​នោះ​ មិនទាន់​បង្ក​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុងការ​បង្កើត​សហជីព​នោះ​ទេ​ ហើយ​ក៏នៅបង្ក​ឲ្យ​មាន​ការ​រំលោភ​លើ​សិទ្ធិ​និង​រើស​សហជីព​ទៀត​ផង។

លិខិត​ដដែល​ក៏​បាន​អះអាង​ថា​ ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ក៏​អាច​មាន​សិទ្ធិប្តឹង​លុបចោល​ការ​ចុះ​បញ្ជី​របស់​សហជីព​ ប្រសិន​បើ​សហជីព​នោះ​មិន​បំពេញ​តាម​កាតព្វកិច្ច​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្តីពី​សហជីព​បច្ចុប្បន្ន​នេះ។

អង្គការ​ជាតិ និងអន្តរជាតិ ដែល​រួម​មាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnestry International) អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ និង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) និង​សហព័ន្ធ​សហជីព​កម្ពុជា (CATU) ​ជាដើម បាន​បញ្ជាក់​ក្នុង​លិខិត​រួម​នោះ​បន្ត​ថា បទប្បញ្ញត្តិ​ជាច្រើន​នៅ​ក្នុង​ច្បាប់​ស្តីពី​សហជីព​ ចាំបាច់​ត្រូវ​មាន​ការ​ពិនិត្យ​ឡើង​វិញ។

ពួកគេ​បាន​បន្ថែម​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សហជីពលើក​ចុងក្រោយ ​ហើយ​ដែល​បាន​អនុម័ត​ដោយ​សភា​ និង​ព្រឹទ្ធ​សភា​កាល​ពី​ចុង​ខែ​វិច្ឆិកា​ និង​ដើម​ខែ​ធ្នូនេះ​ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​របស់​កម្មករ​ និង​សិទ្ធិ​មនុស្ស​បន្ថែម​ទៀត ​ដោយសារ​មានការ​រឹតត្បិត​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម និង​សិទ្ធិ​ក្នុង​ការរៀបចំ និង​ការ​ចរចា​ជា​សមូហភាព។

ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ និង​សហជីព​បាន​បញ្ជាក់​ក្នុង​លិខិត​ដែល​បាន​ផ្ញើទៅ​លោក​ហ៊ុន សែន​តាម​ន័យ​ដើម​ថា៖ «យើង​ជំរុញ​ឱ្យ​លោកពិនិត្យ​ឡើង​វិញ​នូវ​បទប្បញ្ញត្តិ​នៃ​ច្បាប់​សហជីព​ទាំង​នេះ ​និង​ពិចារណា​ឱ្យ​បាន​ហ្មត់ចត់​នូវ​អនុសាសន៍​ដែល​បានដាក់​ស្នើ​ដោយ​អ្នក​ពាក់ព័ន្ធ​ សង្គម​ស៊ីវិល ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស និង​អង្គការ​ពលកម្ម​អន្តរជាតិ»។

ពួកគេ​បន្ថែម​ថា៖ «បើ​ធ្វើ​បែប​នេះ​បាន​ រដ្ឋាភិបាល​កម្ពុជា​អាច​ធានា​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សហជីព គឺ​ស្រប​តាម​កាតព្វកិច្ច​របស់​សហជីព​ ដូច​មាន​ចែង​នៅ​ក្នុងសន្ធិសញ្ញា​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​អនុសញ្ញា​ការងារ​អន្តរជាតិ»។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ និង​សហជីព​ទាំងនោះ​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សិទ្ធិ​មនុស្ស ​និង​សិទ្ធិ​ការងារ ​តាម​រយៈ​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ដោយ​ពេញ​លេញ​ជាមួយ​អ្នក​ពាក់​ព័ន្ធ ​ក្នុងការ​អនុម័ត​ច្បាប់។ ​បញ្ឈប់​រាល់​ការ​យាយី​ និង​ទម្លាក់​ចោល​នូវ​ករណី​ព្រហ្មទណ្ឌ​ដែល​គ្មាន​មូល​ដ្ឋាន​ប្រឆាំង​នឹង​មេដឹកនាំ​សហជីព​ កម្មករ និង​អ្នកតស៊ូ​មតិ​ខាង​សិទ្ធិ​ការងារ។

លោក ផៃ ស៊ីផាន ​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ ប្រាប់ VOA ថា លោក​មិន​ទាន់​អាច​បកស្រាយ​លើ​លិខិត​រួម​របស់​សង្គម​ស៊ីវិល​ផ្ញើ​ជូន​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​នៅ​ឡើយ​ទេ។ លោក​បញ្ជាក់​ថា លិខិត​នោះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្រសួង​ការងារ​ដែល​ជា​ស្ថាប័ន​ជំនាញ​ដើម្បី​ឆ្លើយតប​ ​មុន​នឹង​ផ្ញើ​ទៅ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា។

«ខ្ញុំ​អត់​ដឹង​ថា​ ចំណុច​ណា​ដែលគេ​មិនពេញ​ចិត្ត ​ចំណុច​ណា​ដែល​គេ​ពេញ​ចិត្ត។ គេ​ហ្នឹង​គឺ​អង្គការ​ទាំង​ប៉ុន្មានអស់​ហ្នឹង។ ដូច្នេះ​ត្រូវ​តែ​ទាំង​អស់​ហ្នឹង​ផ្ញើ​មក​នាយក​រដ្ឋមន្រ្តី ​នាយក​រដ្ឋមន្រ្តី​នឹងទម្លាក់​ទៅ​ក្រសួង​ជំនាញ ហើយក្រសួង​ជំនាញ​ឆ្លើយ​តប​ ផ្តល់​យោបល់​មក​គណៈ​រដ្ឋមន្រ្តី»។​

លោក ហេង សួរ ​អ្នកនាំពាក្យ​ក្រសួង​ការងារ​មាន​ប្រសាសន៍​ថា រាល់​ការ​ស្នើ​ច្បាប់ ឬ​ស្នើ​វិសោធនកម្ម​ច្បាប់ ​ក្រសួង​បាន​ដាក់​បង្ហាញ​ជូន​ភាគី​ពាក់ព័ន្ធក្នុងសិក្ខា​សាលា​ចំនួន ២លើក ដោយ​មាន​ការពិគ្រោះ​យោបល់​ជាមួយ​អ្នក​ជំនាញ​អង្គការ​អន្តរជាតិ​ខាង​ការងារ។

អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា អត្ថបទ​ច្បាប់​ថ្មី​នេះ មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​អត្ថបទ​ចាស់ និង​ថា​ការ​លើកឡើង​របស់​ក្រុម​សង្គម​ស៊ីវិល​ទាំង​នោះ គឺ​ជា​សេរីភាព​បុគ្គល​ប៉ុណ្ណោះ។

ក្រុម​សហជីព​បាន​បន្ត​ជំទាស់​នឹង​ច្បាប់​ស្តីពី​សហជីព ដោយហេតុ​ថា​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សកម្មភាព​សហជីព​ដែល​ធ្វើការ​ការពារ​ប្រយោជន៍​កម្មករ។ ​ផល​ប៉ះ​ពាល់​ដែល​បាន​កើត​ឡើង​កន្លង​មក​រួមមាន​ ដូច​ជា​ការ​ធ្វើ​ឲ្យ​លែង​មាន​សហជីពតាម​រោងចក្រ ការ​រឹត​ត្បិត​មិន​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម ​បាតុកម្ម​ និង​ការ​ប្រឈម​នឹង​ផ្លូវ​ច្បាប់​ផ្សេងៗ​ ដែល​កើត​ចេញ​ពី​ការ​ទាម​ទារ​សិទ្ធិ​ជាដើម។​

លិខិត​របស់​ក្រុម​សង្គម​ស៊ីវិល​ទាំង​ជិត​៤០​នេះ​ ធ្វើ​ឡើង​ខណៈ​ដែល​សហភាព​អឺរ៉ុប​កំពុងដំណើរ​ការ​នីតិវិធីដក​ឋានៈ​អនុគ្រោះ​ពន្ធ​ «គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ‍» ​ឬ «Everything But Arms ​(EBA)‍»​ ដែល​អនុញ្ញាត​ឲ្យ​កម្ពុជា​ចំណេញ​ប្រាក់​ជាង​៦០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ ពី​ការ​នាំ​ទំនិញ​ចូល​ទីផ្សារ​សហ​ភាព​អឺរ៉ុប​ដោយ​មិន​ចាំបាច់​បង់​ពន្ធ។

ការ​សម្រេច​របស់​សហភាព​អឺរ៉ុប​ធ្វើ​ឡើង​ក្រោយ​រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​ បាន​ធ្វើ​ឲ្យ​ខូច​ខាត​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដែល​រួមមាន​ការ​បង្ក្រាប​សហជីព សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​គណបក្ស​នយោបាយជាដើម៕

XS
SM
MD
LG