ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កសិករ​កម្ពុជា​ខាតបង់ ​ក្រោយ​គោ​រាប់សែន​ក្បាល​កើតជំងឺ​អុតក្ដាម


រូបឯកសារ៖ ហ្វូងគោ នៅក្នុងខេត្តព្រៃវែង​នៃ​ប្រទេស​កម្ពុជា កាលពី​ខែកក្កដា ឆ្នាំ២០២០។ (ហ៊ាន សុជាតា/វីអូអេ)
រូបឯកសារ៖ ហ្វូងគោ នៅក្នុងខេត្តព្រៃវែង​នៃ​ប្រទេស​កម្ពុជា កាលពី​ខែកក្កដា ឆ្នាំ២០២០។ (ហ៊ាន សុជាតា/វីអូអេ)

នាដំណាច់​ខែធ្នូ ឆ្នាំ​២០២០ នេះ​គោ​ក្នុងក្រោល​ទាំងបី​ក្បាលជា​កម្មសិទ្ធិរបស់លោក​ ឃុន​ វឿន​ បាន​ងាប់​ទាំងអស់។

កសិករវ័យ​៤១ឆ្នាំ នៅឃុំញ៉ែងញ៉ង​ ស្រុកត្រាំកក់​ខេត្ត​តាកែវ រូបនេះ លើក​ឡើងថា​ គឺជំងឺ​អុតក្ដាម​នោះឯង​ ដែល​បានសម្លាប់មេ​គោ​ចំនួន​ពីរក្បាលដែល​លោក​ចិញ្ចឹម​អស់រ​យៈពេលបី​ឆ្នាំ និងកូនគោ​ចំនួន​មួយ​ក្បាល​អំឡុងការ​ផ្ទុះឆ្លងនៃជំងឺនេះ នា​ខែវស្សា​ឆ្នាំ​ទៅ​។

លោក​ ឃុន​ វឿន​ ជាគ្រូបង្វឹកកីឡា​នៅ​អនុវិទ្យាល័យ​សំណាប​ផងដែរ​នោះ​ ប្រាប់​វីអូអេ​ថា៖ «កាលពី​ដំបូង​ វា​ចាប់​ផ្តើម​ផ្ទុះ​ឡើង​នៅភូមិ​ដទៃ​ហ្នឹង​ ខ្ញុំ​ក៏ឧស្សា​ហ៍ចាប់​អារម្មណ៍មើល​គោ​ដែរ​។ កាល​ណា​ដឹក​ចេញ​ យើង​មើលសភាព​គោ​ បើថា​មិន​ស្រួល​ ហៅពេទ្យ។ ប៉ុន្តែ​ថ្ងៃ​ហ្នុង​មួយ​ដឹកចេញ​មក​គោ​មាន​លក្ខណៈ​ខុសប្លែក​។​ ដល់ថ្ងៃ​ឈឺ​ហ្នឹង​ វា​ស៊ី​មួយ​ម៉ាត់​ពីរ​ម៉ាត់វា​ឈប់​ ។ សង្ស័យ​ហៅ​ពេទ្យ​មក​ចាក់​ថ្នាំ​ឲ្យ»។

កសិកររូបនេះ​បន្តថា ​គោរបស់លោក​មាន​ដំបៅ​មាត់និង​ពង​បែក​នៅ​ក្រចក​ជើង។ បើទោះ​បីពេទ្យ​ផ្តល់​ថ្នាំ​ឲ្យ​វា​ហើយក៏ដោយ​ គោមួយរបស់​លោកងាប់ក្រោយឈឺបី​ថ្ងៃ​។ លោក​ថា ​ធ្លាប់​លឺ​អំពីជំងឺ​អុតក្តាម​នេះ​ ក៏ប៉ុន្តែលោកពុំ​ដឹងថា ​វា​អាច​សម្លាប់​គោរបស់​លោក​យ៉ាង​ដូច្នេះទេ​។

«អាជំងឺ​អុត​ក្តាម​នេះ ​វា​ផ្ទុះ​តាំងពី​ខែ៧​ ខែ៨​មកនោះ។ ដោយសារ​ភូមិខ្ញុំ​ចាប់ផ្តើមផ្ទុះ​ខ្លាំងអំឡុង​ខែ១២​ហ្នឹង។ តែ​ភូមិគេផ្សេងៗ​មុន​ មាន​ឈឺមាន​ងាប់​អី​ច្រើនណាស់»។

លោក ​វេង​ សាខុ​ន​ រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ​ប្រាប់​វីអូអេ​ថា ​រាប់ពី​រដូវវស្សា​ឆ្នាំ​២០២០​មក ​សត្វគោប្រមាណ​ ៤២​ម៉ឺន​ក្បាល នៅ​ទូទាំង​ប្រទេស បាន​ឈឺ​ដោយ​សារ​ជំងឺ​អុតក្តាម​ និងជាង​ ៥០០ ក្បាល​ទៀត ​ឈឺដោយ​ជំងឺ​សារទឹក​ និង​ជំងឺ​បូសខ្យល់។

ក្នុង​ចំណោម​សត្វពាហនៈ​ដែលធ្លាក់ខ្លួន​ឈឺ​ទាំងនោះ មាន ១.១៥៩​ក្បាល ​ងាប់​ដែល​ក្នុងនោះ​មាន​ ១.០៥៧ងាប់ ដោយសារ​ជំងឺ​អុតក្ដាម ​ក្នុង​នោះ​ខេត្ត​មួយ​ចំនួន​ដែល​ប៉ះពាល់​ខ្លាំង​មាន ​ដូចជា​ខេត្ត​កំពត​ សៀមរាប ​តាកែវ​ បន្ទាយមានជ័យ​ បាត់ដំបង​ជា​ដើម ​និង​ពិសេស​តំបន់​រង​ការ​លិច​លង់។​

លោក វេង សាខុន ​មាន​ប្រសាសន៍ថា៖ «អុតក្តាម​វា​កើតដោយ​សារ​គ្រោះ​ទឹក​ជំនន់ណា។ ដោយថា​វា​កើត​សត្វល្អិតនៅ​លើស្មៅ​ ហើយ​គោស៊ីស្មៅ​វា​ឆ្លង​ជាពិសេស​ ពេល​ទឹកស្រក​ហ្នឹង»។

លោក​រដ្ឋមន្ត្រីបន្តថា៖​ «យើង​ខ្វះ​អាថ្នំា​ហ្នឹង​ផង​។ អាថ្នាំ​ វ៉ាក់សាំង​រឿង​អុត​ក្តាម​ហ្នឹង។ អីចឹង​ហើយបាន​យើង​ស្នើជា​ប្រញាប់​ជូន​ដល់​ប្រទេស ​ដែល​ជា​ជំនួយ​ជាពិសេស​ប្រទេស​ចិន។ យើងបាន​រូតរះ។ ក៏ប៉ុន្តែ​មិន​ទាន់​បញ្ជូន​មកដល់​យើងនៅ​ឡើងទេ។ គេ​ផ្តល់​ឲ្យ​ ១០ម៉ឺន​ដូស​ សម្រាប់​ទប់​ទល់រឿង​អុតក្តាម»។​

ជំងឺ​អុត​ក្តាមជា​ជំងឺ​ឆ្លង​រាលដាលយ៉ាង​លឿន​និង​ធ្ងន់ធ្ងរ​មួយ​ប្រភេទ ​ដែល​កើត​មាន​ឡើង​លើ​បសុ​សត្វ​ ជាពិសេស​ពពួកសត្វដែល​មាន​ក្រចក​ ដូចជា​សត្វ​គោ​ ក្របី​និង​ជ្រូក​ជា​ដើម។ ជំងឺ​អុត​ក្តាម​បង្ក​ឡើង​ដោយ​វីរុស Aphthovirus ដែល​ធ្វើឲ្យសត្វ​គ្រុន​ក្តៅ​មាន​ពងបែក​នៅ​លើ​អណ្តាត​ មាត់​ និងគល់​ក្រចក​ជើង។ នេះ​បើយោងតាម​អង្គការពិភពលោក​ដើម្បី​សុខភាព​សត្វ​ (World Organisation for Animal Health)។

ប្រភព​ដដែល​បន្តថា ​ជំងឺនេះ​កម្រ​នឹង​បណ្តាល​ឲ្យ​សត្វ​ពេញ​វ័យស្លាប់​ណាស់ ​ប៉ុន្តែអាច​មាន​អត្រា​ស្លាប់​ខ្ពស់​ចំពោះ​កូន​បសុ​សត្វ។

រូបឯកសារ៖ ហ្វូងគោ នៅក្នុងខេត្តព្រៃវែង​នៃ​ប្រទេស​កម្ពុជា កាលពី​ខែកក្កដា ឆ្នាំ២០២០។ (ហ៊ាន សុជាតា/វីអូអេ)
រូបឯកសារ៖ ហ្វូងគោ នៅក្នុងខេត្តព្រៃវែង​នៃ​ប្រទេស​កម្ពុជា កាលពី​ខែកក្កដា ឆ្នាំ២០២០។ (ហ៊ាន សុជាតា/វីអូអេ)

ក្រសួង​ពុំទាន់សរុបរបាយការណ៍​អំពី​ចំនួន​ទឹក​ប្រាក់​ដែល​ខាត​បង់​សត្វស្លាប់​នោះទេ ​បើតាម​លោក​ វេង​សាខុន​ រដ្ឋ​មន្ត្រីនៃ​ក្រសួង​កសិកម្ម​ ដែលបានប្រាប់​វីអូអេ​ នៅ​ព្រឹក​ថ្ងៃចន្ទនេះ​ ដោយ​សារ​ក្រសួង​កំពុង​ធ្វើការងារស្តារ​ការខូចខាត​ពាក់ព័ន្ធ​នឹង​កសិកម្ម​ស្រូវដ៏សន្ធឹក​កាល​ពីឆ្នាំ​ទៅ។

លោកថា​ មាន​តែផ្តាំ​ទៅប្រជា​ពលរដ្ឋថា​ព្យាយាម​រក្សាអនាម័យក្នុង​ក្រោល​គោនិង​កប់​គោ​ដែល​ងាប់​ហើយ​កុំ​លក់ចេញ។

លោក​ វេង សាខុន​ មាន​ប្រសាសន៍​ថា៖ «យើង​មិន​អាច​ឲ្យលក់បានទេ​។ ត្រូវ​តែ​កប់​ចោល​តែម្តង ព្រោះខ្លាចវា​មាន​បញ្ហាដល់​សុខភាព​របស់មនុស្ស។ វា​អាចឆ្លង​ជំងឺ​អាហ្នឹង​ជា​ប្រភេទមួយ​ វា​ហៅ​ថា​គ្រុន​ វាអាច​ឆ្លងមក​មនុស្ស​ ដូច្នេះត្រូវ​តែមាន​វិធានការ​និង​ទប់ស្កាត់ យើង​មិនយក​សត្វឈឺ​ មក​ហូបបាន»។​

លោក ​ប៊ុត​ សំអាន​ វ័យ​ ៦៨ឆ្នាំ​ ជា​បសុពេទ្យនៅ​ខេត្តតាកែវ​ បាន​ឱ្យ​ដឹងថា​ ការឆ្លង​រីករាលដាល​នៅ​ឃុំរបស់​លោក បានស្រាកស្រាន្ត​ខ្លះ​ ប៉ុន្តែ​លោក​ឃើញ​សត្វគោ​ងាប់ច្រើន​ក្នុង​សហគមន៍​របស់​លោក។​

«វា​អត់​មានឆ្លង​ទៅទៀតទេ។ អើ...វា​នៅ​សល់តិចតួច​។ មួយពីរៗ​ តិចតួច។ អើ...វា​ងាប់​ច្រើន​ដែរ​អ្នកគ្រូ។ ងាប់កូន​ ងាប់​សត្វ​ធំ អាកូន​តូចក្រោម​៣ខែចុះ​ងាប់​ច្រើន​ដែរ​អ្នកគ្រូ​។ នេះ​បើតាម​ការ​ពិត​មួយភូមិ​អស់​២០ អស់​ ១៥ អស់​២៥​ភូមិ​ខ្លះ​តិច​ ភូមិខ្លះ​ច្រើន»។​

បសុពេទ្យ​រូបនេះ​ថ្លែងថា​ ប្រជាជន​ភ័យ​បារម្ភ​និង​លក់គោ​ចេញ​អស់​ជាច្រើន ​ក្នុងអំឡុង​ពេល​ជំងឺ​អុតក្តាម​នោះ​ផ្ទុះឡើង។

ទោះ​ជា​យ៉ាងណា​លោក ​ ឃុន​ វឿន​ ដែលចិញ្ចឹម​គោ​ជាង ​១០ឆ្នាំ​ហើយ នោះបាន​ឲ្យដឹងថាលោ​ក «ខាតធំ»។

ក្រោយ​លោក​ចំណាយ​អស់លុយប្រមាណ ៥ម៉ឺនរៀល លើថ្លៃ​សេវា​ព្យាបាល​រួចហើយ លោក​ក៏ប្រញាប់​លក់គោ​ផ្សេង​ទៀត​និងគោ​ដែល​ងាប់​អស់​ពី​ក្រោល​ក្នុងតម្លៃ​ ៤លាន​រៀល ​ក្នុង​គោ​មួយក្បាល។ ប្រសិន​គោ​មាន​សុខភាព​ល្អធម្មតា​លោកថា​ លោកអាច​លក់បាន​ ១០លាន​រៀល ក្នុង​គោមួយ​ក្បាល។

លុយ​ដែល​លោក​បាន​ពីការលក់​គោ​លោក​ ឃុន វឿន ​ថា​ លោក​សន្សំទុក​នឹង​ផ្សំ​ជាមួយ​ការ​ខ្ចីបុល​តិចតួច​បន្ថែម​ នៅ​ពេល​លោក​ទិញ​គោ​ម្តងទៀត។

«បើ​មិនលក់​មានតែ​កប់ចោល។ អញ្ចឹង​វាស្តាយដែរ។ បើក​លក់​ បាន​តិចតួច​សម្រាប់​ជាដើមទុន​ ទុកទិញ​ថ្ងៃក្រោយ។ កាលៈទេសៈយើង​វា​អត់លុយ។ គោ​ឥលូវវា​ថ្លៃ​ដែរ​ គោ​ដែល​យើង​អាច​ចិញ្ចឹមកើត​មេ​មួយ​ ប្រហែល​ ៥ ឬ៦លាន​»។

កសិកររូបនេះបន្ត​ថា៖ «​ប្រហែល​ជា​[ថ្ងៃ​] ខាងមុខប្រហែល​ជាខ្ចី​បើអត់​ខ្ចី​ អត់អី​ចិញ្ចឹមគោ។ ​កាលណា​ យើង​នៅ​ស្រែ យើង​មិនចិញ្ចឹមគោ​ វា​ស្តាយ​យើងមិ​នដឹង​ធ្វើអី​បន្ទាប់ពី​ការងារ​គ្រូបង្រៀន​។​ យើងមាន​តែស្រែ​មានតែ​គោ​ មានអី​ហ្នឹង​ហើយ​អាពាក្យ​ខ្មែរហៅ​ថា ​ភ្លេចភ្នែក​វាបាន​ធ្លាក់កូន​មកមួយ​ហ្នឹងណា»។

ទោះ​បី​ជា​លោក ឃុន​ វឿន​ និយាយថា​ លោកនិង​អ្នកភូមិ​ដទៃទៀត​លែងចិញ្ចឹម​គោ​ ដើម្បីប្រើ​វា​ភ្ជួររាស់​ទៀត​ក៏ដោយ អ្នកភូមិ​លោក​នៅ​បន្ត​ចិញ្ចឹម​គោ​ដើម្បី​ទុក​កូន​គោ​ធ្វើពូជ​និងលក់ដូរ​តែប៉ុណ្ណោះ៕

XS
SM
MD
LG