ការបោះឆ្នោតនៅប្រទេសដែលមានសេដ្ឋកិច្ចដ៏ធំជាងគេបំផុតនៅតំបន់អាមេរិកឡាទីនកើតមាន ឡើងក្រោយពីមានការបើកកកាយរឿងរ៉ាវអាស្រូវនៃអំពើពុករលួយនយោបាយដ៏ធំនៅប្រទេសប្រេស៊ីលហើយនេះគឺជារឿងរ៉ាវពុករលួយដ៏ធំជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តនៃតំបន់អាមេរិកឡាទីន។
លោក Jair Bolosonaro គឺជាបេក្ខជននាំមុខគេដែលគេមិននឹកស្មានដល់នៅក្នុងការបោះឆ្នោតនេះ។ លោកគឺជាអតីតអនុសេនីយ៍ឯកកងទ័ពដែលប្រកាន់និន្នាការស្តាំនិយមហើយលោកបានសរសើរមេដឹកនាំផ្តាច់ការយោធាក្នុងពេលអតីតកាលរបស់ប្រទេសនេះ។ លោកបាននិយាយមើលងាយស្ត្រីនិងមនុស្សស្រឡាញ់ភេទដូចគ្នាក៏ដូចជាពលរដ្ឋស្បែកខ្មៅនិងជនជាតិដើមនៅក្នុងប្រទេស។ ទស្សនៈរបស់គាត់នាំឱ្យគាត់ទទួលបានរហស្សនាមថា«លោកត្រាំនៅតំបន់ត្រូពិច» ដែលនេះជាការហៅសំដៅលើលោកប្រធានាធិបតីដូណាល់ ត្រាំនៃសហរដ្ឋអាមេរិក។ លោកក៏បានសន្យាថានឹងបង្ក្រាបបទឧក្រិដ្ឋនានាដោយបន្ធូរបន្ថយការគ្រប់គ្រងលើកម្លាំងប៉ូលិសដែលមានប្រវត្តិល្បីខាងសម្លាប់មនុស្ស។
គូប្រជែងដ៏ប្រកៀកប្រកិតរបស់លោកគឺលោក Fernando Haddad អតីតចៅហ្វាយក្រុងSao Paulo ។ លោកឈរឈ្មោះជំនួសឱ្យលោកLuiz Inacio Lula da Silva អតីតប្រធានាធិបតីដែលកំពុងជាប់ក្នុងពន្ធនាគារនិងជាស្ថាបនិកគណបក្សពលករ។
លោក Haddad ធ្លាប់ជាដៃគូរបស់លោកSilva ប៉ុន្តែបានជំនួសលោកវិញដោយសារអតីតប្រធានាធិបតីរូបនេះបានបោះបង់ចោលការប្តឹងតវ៉ាទៅសាលាឧទ្ធរណ៍ប្រឆាំងនឹងសាលដីកាសម្រេចហាមឃាត់លោកមិនឱ្យឈរឈ្មោះ។ លោក Da Silva កំពុងជាប់ពន្ធនាគាររយៈពេល១២ឆ្នាំពីបទប្រព្រឹត្តអំពើពុករលួយ។
លោកស្រី Monica de Bolle នាយកផ្នែកការសិក្សាស្រាវជ្រាវតំបន់អាមេរិកឡាទីននៃសាកលវិទ្យាល័យJohns Hopkins បានប្រាប់ទីភ្នាក់ងារសារព័ត៌មានAP ថា«នេះគឺជាការបោះឆ្នោតដ៏ចម្លែកបំផុតដែលខ្ញុំមិនធ្លាប់ឃើញ។ វាឈានមកដល់ដំណាក់កាលដែលមានបេក្ខជនដ៏ខ្សោយពីរនាក់ប្រកួតប្រជែងគ្នា»៕