សកម្មជនម្នាក់របស់គណបក្សភ្លើងទៀនត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីបុរសនោះបានរត់ភៀសខ្លួនចូលទឹកដីថៃ ដោយសារព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះអាជ្ញាធរមូលដ្ឋានស្រុកស្អាង ខេត្តកណ្តាល បានចុះទៅដល់ផ្ទះរបស់លោក។
ការតាមចាប់របស់អាជ្ញាធរខ្មែរ ត្រូវបានក្រុមគ្រួសារ និងមន្រ្តីសិទ្ធិមនុស្សអះអាងថា ពាក់ព័ន្ធការបង្ហោះសារ និងចែករំលែកព័ត៌មានលើបណ្តាញសង្គម។
ម្តាយរបស់សកម្មជនរូបនោះជំរុញកុំឱ្យបញ្ជូនកូនប្រុសរបស់អ្នកស្រីមកកម្ពុជាវិញ។
លោក ថុល សំណាង អាយុ៣៣ឆ្នាំ សកម្មជនម្នាក់របស់គណបក្សភ្លើងទៀន ដែលរស់នៅក្នុងស្រុកស្អាង ខេត្តកណ្តាល បានរត់គេចខ្លួនកាលពីថ្ងៃទី៣ ខែកក្កដា ដោយសារតែអាជ្ញាធរមូលដ្ឋានតាមឃ្លាំមើល និងចុះចាប់ខ្លួនដល់ផ្ទះ។ នេះបើតាមម្តាយរបស់លោក ថុល សំណាង គឺអ្នកស្រី ចែត ល័ក្ខ អាយុ៥២ឆ្នាំ។
អ្នកស្រីប្រាប់វីអូអេថា កាលពីថ្ងៃទី៣ ខែកក្កដា ប៉ូលិសបានចុះមកផ្ទះរបស់អ្នកស្រី ដើម្បីស្វែងរកកូនប្រុសច្បងរបស់អ្នកស្រី ក្នុងគោលបំណងចាប់ខ្លួន។ អ្នកស្រីបញ្ជាក់ថា អាជ្ញាធរមិនបានបង្ហាញដីកាចាប់ខ្លួន និងមិនបានបញ្ជាក់មូលហេតុច្បាស់លាស់អ្វីនោះទេ ដោយគ្រាន់តែថា ពាក់ព័ន្ធនឹងការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក។
ម្តាយរបស់សកម្មជនរូបនោះបញ្ជាក់ថា៖ «[អាជ្ញាធរ]ចុះមកចាប់ហ្នឹង អត់មានសួរថា ហ៍! ឥឡូវអ៊ំ កូនអ៊ំឯងឥឡូវបង្ហោះ ឥឡូវគេមានដីកាមកចាប់ខ្លួនអ៊ីចេះៗអីអត់ [មានទេ]។ មកសួររកអត្តសញ្ញាណប័ណ្ណ ហើយដាក់កម្លាំង ពង្រាយពេញភូមិហ្នឹងម៉ង។ អត់មានថាហ៍! ចាប់ដោយសារអី ធ្វើអីខុសអីអត់»។
អ្នកស្រីមិនចង់ឱ្យអាជ្ញាធរថៃបញ្ជូនកូនប្រុសមកកម្ពុជាឡើយ ដោយបារម្ភការធ្វើបាបក្នុងប្រទេស។
អ្នកស្រីថ្លែងថា៖ «ខ្ញុំសំណូមពរអត់ឱ្យបញ្ជូនមក ខ្ញុំខ្លាចមក គេចាប់ធ្វើបាប»។
លោក Phil Robertson នាយករងទទួលបន្ទុកនៅតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ដែលតាមដានការចាប់ខ្លួននេះ ប្រាប់វីអូអេតាមសារអ៊ីម៉េលថា លោក ថុល សំណាង ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនតាមសំណើរបស់អាជ្ញាធរទីក្រុងភ្នំពេញ កាលពីថ្ងៃទី៧ ខែកក្កដា ទៅតាមអនុស្សរណៈយោគយល់គ្នា (MoU) រវាងប្រទេសទាំងពីរ។ លោកបន្ថែមថា អាជ្ញាធរថៃមានចេតនាលាក់បាំងករណីនេះពីមន្ត្រីអង្គការសហប្រជាជាតិ អ្នកការទូត និងអ្នកតស៊ូមតិរបស់អង្គការក្រៅរដ្ឋាភិបាល។
លោកប្រាប់វីអូអេថា៖ «រហូតមកដល់ពេលនេះ វាហាក់ដូចជាយើងអាចបញ្ឈប់ផែនការនិរទេសខ្លួន [លើសកម្មជននយោបាយរូបនេះ] ប៉ុន្តែយើងកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់»។ លោកបន្ថែមថា៖ «ថៃគួរតែបដិសេធមិនចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរបស់[អាជ្ញាធរ]ក្រុងភ្នំពេញក្នុងការគាបសង្កត់ឆ្លងដែន ដែលប្រឆាំងនឹងសកម្មជននយោបាយគណបក្សប្រឆាំង»។
វីអូអេមិនទាន់ទទួលបានការឆ្លើយតបពីស្ថានទូតថៃប្រចាំនៅកម្ពុជាតាមសារអ៊ីម៉េលបាននៅឡើយទេ។
ចាប់តាំងពីការរំលាយគណបក្សសង្រ្គោះជាតិកាលពីចុងឆ្នាំ២០១៧ ថៃបានក្លាយជាកន្លែងមួយដែលសកម្មជននយោបាយ និងសង្គមរត់គេចខ្លួនទៅទីនោះ ហើយរង់ចាំការបញ្ជូនទៅប្រទេសមួយទៀត ជាពិសេសទៅសហរដ្ឋអាមេរិក។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូអេថា លោកមិនដឹងព័ត៌មានអ្វី ពាក់ព័ន្ធនឹងការចាប់ខ្លួនសកម្មជនរូបនោះឡើយ។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីអធិការនគរបាលស្រុកស្អាង លោក រស់ ចន្ថា បាននៅឡើយទេ។
រហូតមកដល់រសៀលថ្ងៃចន្ទ ទី១០ ខែកក្កដានេះ គេមិនទាន់ដឹងនៅឡើយទេថា លោក ថុល សំណាង នឹងត្រូវបញ្ជូនមកកម្ពុជាវិញ ឬយ៉ាងណា។
ប្រធានស្ដីទីចលនាយុវជនថ្នាក់ជាតិគណបក្សភ្លើងទៀន លោក ថន ចន្ថា ចាត់ទុកការប៉ុនប៉ងរបស់អាជ្ញាធរកម្ពុជាក្នុងការចាប់ខ្លួន លោក ថុល សំណាង គឺជាការរឹតត្បិតសិទ្ធិសេរីភាពរបស់សកម្មជននយោបាយគណបក្សជំទាស់។
លោកបញ្ជាក់ថា៖ «ខ្ញុំយល់ឃើញថា ការតាមឃាត់ខ្លួនគាត់នេះ គឺជាការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ រឹតត្បិតសិទ្ធិសេរីភាពក្នុងការធ្វើសកម្មភាពនយោបាយ ដោយសារតែគាត់តែងតែShare [ចែករំលែក] តែងតែបញ្ចេញយោបល់ ទាក់ទងទៅនឹងការងារសង្គម ការងារសកម្មភាពនយោបាយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់គាត់»។
លោកអំពាវនាវទៅអាជ្ញាធរថៃកុំបញ្ជូនលោក ថុល សំណាង មកកម្ពុជាវិញ ដោយសារលោកបារម្ភអំពីការធ្វើទុក្ខបុកម្នេញលើសកម្មជនរូបនោះ។
បើតាមលោក ថន ចន្ថា លោក ថុល សំណាង ជាសកម្មជនសកម្មម្នាក់របស់គណបក្សភ្លើងទៀន និងជាយុវជនសកម្មដែលតែងតែចូលរួមកិច្ចការសង្គម ជាពិសេសពាក់ព័ន្ធនឹងអំពើអយុត្តិធម៌ក្នុងសង្គម៕