លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន មិនទទួលបានការអនុញ្ញាតឱ្យស្ថិតនៅក្រៅឃុំតាមការស្នើសុំឡើយ ដោយចៅក្រមតុលាការកំពូល កាលពីព្រឹកថ្ងៃចន្ទ បានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ ពាក់ព័ន្ធនឹងបទចោទប្រកាន់«ញុះញង់»។
លោក ថាច់ សេដ្ឋា ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសវិញ ក្រោយការប្រកាសសាលដីការបស់តុលាការកំពូល។
កាលពីលើកមុន ពាក់ព័ន្ធនឹងបទចោទមួយផ្សេងទៀត ជុំវិញរឿងចេញសែកគ្មានសាច់ប្រាក់ តុលាការកំពូលក៏បានបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក ថាច់ សេដ្ឋា ផងដែរ។
លោក ស៊ឹង បញ្ញាវុធ ចៅក្រមតុលាការកំពូល និងជាប្រធានប្រឹក្សាជំនុំជម្រះ កាលពីថ្ងៃចន្ទ បានប្រកាសបដិសេធបណ្តឹងសាទុក្ខរបស់មេធាវីការពារក្តីឱ្យលោក ថាច់ សេដ្ឋា និងតម្កល់សាលដីការបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ទុកជាបានការដដែល។
នៅក្នុងសវនាការ គេឃើញមានវត្តមាន លោក ថាច់ សេដ្ឋា ដែលស្ថិតក្នុងសម្លៀកបំពាក់អ្នកជាប់ឃុំ អាវដៃវែង និងខោជើងវែងពណ៌ទឹកក្រូច មានពុកចង្កាស្កូវស្រមូម។ គេក៏ឃើញមានវត្តមានរបស់លោក ជូង ជូងី មេធាវីការពារក្តី និងសកម្មជនគណបក្សភ្លើងទៀនមួយចំនួន ដែលបានមកស្តាប់ការប្រកាសសាលដីកានេះ។
កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ទិត ដាលីន បានចោទប្រកាន់លោក ថាច់ សេដ្ឋា ពីបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «ញុះញង់ឱ្យមានការរើសអើង» ពាក់ព័ន្ធនឹងការនិយាយអំពីនយោបាយ និងប្រវត្តិសាស្ត្រប្រទេសកម្ពុជាជាមួយពលករនៅប្រទេសកូរ៉េខាងត្បូង កាលពីដើមឆ្នាំ ២០២៣។ វីដេអូនៃការថ្លែងនោះត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមយូធូប (Youtube) និងត្រូវបានយកមកធ្វើជាបន្ទុកនៃការចោទប្រកាន់។
ទាក់ទងករណីនេះ កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣ តុលាការកំពូលបានបើកសវនាការជំនុំជម្រះលើបណ្តឹងសាទុក្ខរបស់មេធាវីការពារក្តីលោក ថាច់ សេដ្ឋា ទាក់ទងនឹងការស្នើសុំឱ្យតុលាការ «បដិសេធដីកាឃុំខ្លួន» ដែលចេញដោយចៅក្រមសាលាដំបូងរាជធានីភ្នំពេញ។ កាលនោះ មេធាវីការពារក្តីឱ្យលោក ថាច់ សេដ្ឋា គឺលោក ជូង ជូងឺ ស្នើទៅចៅក្រមតុលាការកំពូលពិចារណាគោលការណ៍សេរីភាព ត្រង់មាត្រា ២០៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ និងគួរអនុវត្តតាមនីតិវិធីនៃការត្រួតពិនិត្យតាមផ្លូវតុលាការត្រង់មាត្រា ២២៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ជាជាងការអនុវត្តការឃុំខ្លួនក្នុងពន្ធនាគារ ដែលអាចប៉ះពាល់សេរីភាពរបស់ជនត្រូវចោទ។
ក្រោយពេលបញ្ចប់ការប្រកាសសាលដីកានៅតុលាការកំពូល ភរិយារបស់លោក ថាច់ សេដ្ឋា គឺអ្នកស្រី ថាច់ សុខបូរ៉ានី ថ្លែងថា ស្វាមីរបស់អ្នកស្រី មិនមានកំហុសដូចការចោទប្រកាន់របស់តុលាការពីបទ «ញុះញង់» នោះទេ ព្រោះអ្នកនយោបាយត្រូវតែមានសិទ្ធិនិយាយអំពីប្រវត្តិសាស្ត្រកម្ពុជា។
អ្នកស្រីរៀបរាប់ទាំងទឹកភ្នែកថា៖ «ចំពោះខ្ញុំប្រពន្ធកូន ខ្ញុំសោកស្តាយ ដោយសារតុលាការឃុំខ្លួនគាត់រហូត មិនឱ្យគាត់នៅក្រៅឃុំព្យាបាលខ្លួន ដែលគាត់មានជំងឺបេះដូង ខ្ញុំសោកស្តាយមែនទែន។ សូមឱ្យតុលាការ ឱ្យគាត់នៅក្រៅឃុំមក គាត់គ្មានទោសអ្វីទេ»។
ភរិយានិងកូន ២ នាក់របស់លោក ថាច់ សេដ្ឋា មិនត្រូវបានអនុញ្ញាតដោយមន្ត្រីពន្ធនាគារឱ្យជួបលោក ថាច់ សេដ្ឋា នោះទេ នៅពេលលោកត្រូវបានបញ្ជូនមកស្តាប់ការប្រកាសសាលដីកានៅតុលាការកំពូល កាលពីព្រឹកថ្ងៃចន្ទ។
សកម្មជនម្នាក់របស់គណបក្សភ្លើងទៀន និងជាប្រធានស្ដីទីចលនាយុវជនថ្នាក់ជាតិគណបក្សភ្លើងទៀន លោក ថន ចន្ថា ដែលបានចូលស្តាប់សវនាការ យល់ឃើញថា ការចោទប្រកាន់លោក ថាច់ សេដ្ឋា ពីបទ «ញុះញង់» ដែលទាក់ទងការនិយាយអំពីប្រវត្តិសាស្ត្របែបនេះ គឺជាការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិសេរីភាពធ្វើនយោបាយ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ។
លោកថ្លែងថា៖ «អ្នកនយោបាយកំពូលម្នាក់ដែលជាអនុប្រធានរបស់គណបក្សហើយគាត់តែងតែពន្យល់ប្រជាពលរដ្ឋ ហើយពន្យល់ទៅកាន់យុវជន យុវនារីទូទៅឱ្យយល់ដឹងអំពីប្រវត្តិសាស្ត្រខ្មែរ ឱ្យយល់ដឹងអំពីសិទ្ធិសេរីភាពលទ្ធិប្រជាធិបតេយ្យ ដែលយើងអាចធ្វើ ឬបញ្ចេញសកម្មភាព ឬក៏ធ្វើសកម្មភាពនយោបាយបានទៅកាន់សាធារណជនក៏ដូចជាសកម្មជន សកម្មនារីរបស់ខ្លួនឯង ហើយបែរជាចោទមានទោស អានេះវាជាការរឹតត្បិតសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិ ឬក៏សិទ្ធិសេរីភាពធ្វើនយោបាយកាន់តែខ្លាំងទៅៗ»។
លោកបន្តថា បើសិនអ្នកនយោបាយ និងសកម្មជនសង្គម ដែលហ៊ាននិយាយអំពីបញ្ហាសង្គម បែរជាត្រូវបានចោទប្រកាន់បែបនេះ នោះលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជានឹងបន្តធ្លាក់ចុះ ហើយប្រជាពលរដ្ឋខ្មែរនឹងនៅស្ងៀម លែងហ៊ាននិយាយអ្វីទាំងអស់ ជាពិសេសបញ្ហាសង្គម ដែលត្រូវការកែលម្អឱ្យមានភាពល្អប្រសើរ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ធ្លាប់ប្រាប់វីអូអេថា នៅពេលបុគ្គលណាម្នាក់ មានលក្ខខណ្ឌគ្រប់គ្រាន់ស្របទៅតាមផ្លូវច្បាប់ គឺអាចមានសិទ្ធិស្នើសុំនៅក្រៅឃុំជាបណ្ដោះអាសន្ន។ លោកបន្ថែមថា ការឃុំខ្លួនបណ្ដោះអាសន្ន គួរតែជាជម្រើសចុងក្រោយ ដើម្បីកុំឱ្យប៉ះពាល់សិទ្ធិសេរីភាព៕