ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​គណបក្ស​ជំទាស់​​ពី​រនាក់​នៅ​ខេត្តត្បូងឃ្មុំ​ត្រូវ​បានចាប់​ខ្លួន​ពី​បទ​«ញុះញង់»


ស្លាកគណបក្សភ្លើងទៀនត្រូវបានឃើញនៅតាមដងផ្លូវជាតិក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)
ស្លាកគណបក្សភ្លើងទៀនត្រូវបានឃើញនៅតាមដងផ្លូវជាតិក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

ចៅ​សង្កាត់​រងទី​ ២ មក​ពីគណបក្ស​ភ្លើង​ទៀន​ លោក អ៊ុំ យ៉េត ​និង​សមាជិក​គណបក្ស​ម្នាក់​ទៀត​គឺ​លោក ​សេង ហាក់ ត្រូវ​បាន​អាជ្ញា​ធរ​ខេត្ត​ត្បូង​ឃ្មុំ​ ចាប់​ខ្លួនកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដោ​យ​ចោទ​ពី​បទ​«ញុះញង់»។ នេះបើតាម​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន​នៅ​ខេត្ត​ត្បូង​ឃ្មុំ។​

លោក អ៊ុំ​ យ៉េត​ គឺជាចៅ​សង្កាត់​រង​ទី​ ២ របស់​គណបក្ស​នៅក្នុង​សង្កាត់​សួង​ ក្រុង​សួង​ ខេត្ត​ត្បូង​ឃ្មុំ​ ហើយ​លោក​ សេង ហាក់ គឺ​ជា​លេខា​ធិការគ​ណៈកម្មាធិការ​ប្រតិបត្តិ​ក្រុង​សួង​របស់​គណបក្ស​ភ្លើង​ទៀន។

គេមិន​ទាន់​ដឹងពី​មូលហេតុ​នៅ​ពី​ក្រោយ​ការ​ចាប់​ខ្លួន​មន្ត្រីនៅ​មូលដ្ឋាន​គណបក្ស​ជំទាស់​ទាំង​ពីរនាក់​នេះ​នៅ​ឡើយ​ទេ។ ប៉ុន្តែក្រុម​គ្រួសារ​ថា​ ការ​ចាប់​ខ្លួននោះ​ ទំនង​ជា​ពាក់ព័ន្ធ​នឹង​ការ​និយាយ​តាម​ទូរសព្ទ​ជាមួយ​ក្រុម​ការងារ​គណបក្ស។ ហើយ​ភ្លាមៗ​ក្រោយ​ចាប់​ខ្លួន​នោះ​ មន្ត្រី​ទាំងពីរ​ត្រូវ​បាន​បញ្ជូន​មក​កាន់​ពន្ធនាគារ​ព្រៃ​ស នៅ​រាជធានី​ភ្នំពេញ។

បើតាម​ប្រ​ធាន​គណបក្ស​ភ្លើង​ទៀន​នៅ​ខេត្ត​ត្បូង​ឃ្មុំ លោក អេង ស្រូយ​ អាជ្ញាធរ​ខេត្ត​ត្បូង​ឃ្មុំ​ បាន​ឃាត់​ខ្លួន​ពួកគេ​ទាំងពីរ​នៅ​ម៉ោង​ប្រមាណ​ ៥ ព្រឹក​ នៅក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​ ខណៈ​មិន​មាន​ដីកា​ចាប់​ខ្លួន ឬក៏​ជូន​ដំណឹង​ថា​ពួកគេ​បាន​ប្រព្រឹត្ត​បទល្មើស​អី្វឱ្យ ប្រាកដ​នោះ​ឡើយ។

លោក អេង ស្រួយ​ យល់ថា​ ការ​ចាប់​ខ្លួន​សមាជិក​គណបក្ស​ថ្មីៗ​នេះ​ ជា​ការគំរាម​កំហែង និង​ធ្វើទុក្ខ​បុក​ម្នេញ​ខាង​នយោបាយ​មក​លើ​គណបក្ស​ប្រឆាំង។

លោក​ប្រាប់វីអូអេ​នៅ​ថ្ងៃ​សុក្រនេះ​ថា៖ «ខ្ញុំ​មាន​តែ​ការ​សោក​ស្តាយ។​ ទី​ ១ គណបក្ស​ភ្លើង​ទៀន​ត្រូវ​បានគេ​បដិ​សេធ​មិន​ឱ្យដាក់​បញ្ជី​បេក្ខជន​តំណាង​រាស្ត្រ​ក្នុងការ​បោះឆ្នោត​ឆ្នាំ​ ២០២៣។​ ទី ​២ ទៀត​ ការ​គំរាម​កំហែង​មក​លើ​គណបក្ស​ភ្លើងទៀន​តាំង​ពី​សកម្មជន​មូលដ្ឋាន​រហូតដល់​ថ្នាក់​លើ​នៅ​តែមាន​ការ​គំរាម​កំហែង​ នៅ​តែ​មាន​ការ​បំ​ភិត​បំភ័យ រួម​ទាំង​ការ​ទិញ​ដូរ ​ទិញ​ទឹក​ចិត្ត សម្លុត​គំរាម​កំហែង​មូល​ដ្ឋាន»។

អនុសនីយ៍ត្រី​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្តត្បូង​ឃ្មុំ​ លោក ​ណាត់ ប៊ុនហេង ​ប្រាប់​វីអូអេ​ថា​ លោក​មិនមាន​ព័ត៌មាន​អ្វីឡើយ​ពាក់ព័ន្ធ​ករណី​ចាប់​ខ្លួន​ខាងលើ​នេះ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពីលោក​ ម៉ុន មាគ៌ា​ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ និង​អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ លោក​ ឆាយ គឹមខឿន បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​សុក្រនេះ។ ចំណែក​អ្នកនាំពាក្យ​តុលាការ​ខេត្ត​ត្បូង​ឃ្មុំ​ លោក​ សូ សុវិទ្យា​ បដិសេធ​ផ្តល់​ការ​អត្ថាធិប្បាយ។

រូបឯកសារ៖ លោក អ៊ុំ យ៉េត អតីត​ក្រុមប្រឹក្សា​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ មក​ពី​គណបក្ស​សង្រ្គោះជាតិ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាល​ពី​ថ្ងៃ​ទី២៨ ខែ​ធ្នូ ឆ្នាំ​២០២០ និង​កូនស្រី​របស់​លោក គឺ​អ្នកនាង យ៉ែម វណ្ណណែត។
រូបឯកសារ៖ លោក អ៊ុំ យ៉េត អតីត​ក្រុមប្រឹក្សា​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ មក​ពី​គណបក្ស​សង្រ្គោះជាតិ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាល​ពី​ថ្ងៃ​ទី២៨ ខែ​ធ្នូ ឆ្នាំ​២០២០ និង​កូនស្រី​របស់​លោក គឺ​អ្នកនាង យ៉ែម វណ្ណណែត។

អ្នកស្រី​ ងួន ផល្លា​ អាយុ​ ៦៣ ឆ្នាំ ភរិយា​របស់​លោក អ៊ុំ យ៉េត ប្រាប់​វីអូអេ​ថា ​ស្វាមី​របស់​អ្នកស្រី​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ «ញុះញង់»​ ហើយ​អ្នកស្រី​ក៏​មិន​ដឹងនោះឡើយ​ថា​ហេតុ​អ្វី​ស្វាមី​របស់​អ្នក​ស្រីត្រូវ​បាន​ចាប់​ខ្លួន​ទាំង​តក់​ក្រហល់​បែប​នេះ។

​អ្នកស្រី​បន្ថែម​ថា៖ «ចុះ​ហេតុ​អ្វី​បាន​ជា​យក​គាត់​មក​ដាក់​ពន្ធនាគារ​ ដោយ​អត់​មាន​កំហុស​អី​ធ្ងន់ធ្ងរ​អ៊ីចឹង។ ចាប់​គាត់​អត់​មាន​ពាក់​អាវ​ ពាក់​អី​ទេ រុញ​ចូល​ឡាន​ទាំង​ខោខ្លី​អ៊ីចឹង។ វា​អយុត្តិធម៌​ពេក​ហើយ អ្នក​ស្រុក​គេមើល​ទៅ​ ទឹក​ភ្នែក​គ្រប់គ្នា។ វា​មិនសម​ ហើយ​ណា​មួយ គាត់​អត់​ហូប​អី​ទៀត ទាំង​ព្រលឹ​ម​ឡើង​ម៉ោង​ ៥ កន្លះ​ហ្នឹង»។

អ្នក​នាំពាក្យ​សមាគម​ការពារសិទ្ធិ​មនុស្ស​អាដហុក​ លោក ស៊ឹង សែន​ករុណា ​កត់​សម្គាល់​ថា បើ​សិន​ជាការ​ចាប់​ខ្លួនមន្ត្រី​គណបក្ស​ជំទាស់​ទាំងពីរ​ដោយ​គ្មាន​ដីកា​មែន​នោះ វា​គឺ​ជា​ការ​ប្រព្រឹត្ត​ខុស​នឹង​នីតិវិធី​ច្បាប់ និង​ថា​នេះ​ជា​វិធីសាស្ត្រ​ច្រំ​ដែល​ដែល​អាជ្ញាធរ​តែង​តែ​អនុវត្ត​ទៅ​លើ​សកម្មជន​គណបក្សប្រឆាំង។

អ្នកនាំពាក្យ​រូបនេះ​ជំរុញ​ឱ្យ​មាន​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹម​ត្រូវ​និង​ស្មើភាព​ ចំពោះ​ប្រជា​ពលរដ្ឋ​គ្រប់​គ្នា​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​យើ​ងចង់​ឃើញ​ការ​អនុវត្ត​ច្បាប់​កុំឱ្យ​មាន​ការ​ប្រកាន់​ទៅលើ​ក្រុម​និន្នាការ​នយោបាយ​ណា​មួយ គួរតែ​ធ្វើឡើង​ដោយ​មាន​ភាព​ត្រឹម​ត្រូវ។​ ហើយ​បើសិន​ជា​មិន​មាន​ការ​ប្រព្រឹត្ត​នូវ​បទល្មើស​ណាមួយ​ទេ គប្បី​មាន​ការ​ដោះលែង​ឱ្យ​គេ​មាន​សេរីភាព​ឡើង​វិញ។ កុំ​ឱ្យ​តែ​ខាង​ហេតុផល​នយោបាយ​នៃ​គណបក្ស​ជំទាស់​ ហើយ​យើងចេះ​តែ​មានវិ​ធានការ​បែប​ហ្នឹង អា​ហ្នឹង​ហើយ​ដែល​តែង​រង​ការ​រិះ​គន់​ថា​ជា​វិធាន​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅ​លើ​សកម្មជន​នយោបាយ​ហ្នឹង​ឯង»។

បើតាម​លោក​ ស៊ឹង សែន​ករុណា​ ​សកម្មជន​គណបក្ស​ប្រ​ឆាំង​បាន​ប្រឈម​មុខ​នឹង​វិធានការ​ច្បាប់​របស់​អាជ្ញាធរ​ជា​បន្តបន្ទាប់​ ក្រោយគណបក្ស​ភ្លើង​ទៀន​ បាន​ចាប់​ផ្តើម​ដំណើរ​ការ​ឡើង​វិញ​ នៅ​មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​ ២០២២។ លោក​យល់ថា​ វិធានការ​របស់​អាជ្ញាធរ​ ដែល​បង្ក​ឱ្យ​មាន​ក្តីក្តាំ​លើ​សកម្មជន​បក្ស​ជំទាស់​នៅ​តុលាការ​នោះ​ ភាគច្រើន​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​ ជា​ជាង​ការ​អនុវត្ត​ច្បាប់៕

XS
SM
MD
LG