ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​គ្រួសារ​ស្នើ​ព្រះមហាក្សត្រ​និងនាយករដ្ឋមន្ត្រី​ឲ្យ​អន្តរាគមន៍​ដោះលែង​មន្ត្រី​អាដហុក​និង​គ.ជ.ប.​


ក្រុមគ្រួសារមន្រ្តីអាដហុក និងមន្រ្តី គ.ជ.ប ដែលកំពុងជាប់ឃុំ ដាក់ញត្តិទៅខុទ្ទកាល័យនាយករដ្ឋមន្រ្តី និងព្រះបរមរាជវាំងសុំអន្តរាគមន៍ឲ្យដោះលែងឪពុកម្តាយ និងស្វាមីរបស់ពួកគេដែលកំពុងត្រូវបានឃុំខ្លួន។ (កាន់ វិច្ឆិកា/VOA Khmer)
ក្រុមគ្រួសារមន្រ្តីអាដហុក និងមន្រ្តី គ.ជ.ប ដែលកំពុងជាប់ឃុំ ដាក់ញត្តិទៅខុទ្ទកាល័យនាយករដ្ឋមន្រ្តី និងព្រះបរមរាជវាំងសុំអន្តរាគមន៍ឲ្យដោះលែងឪពុកម្តាយ និងស្វាមីរបស់ពួកគេដែលកំពុងត្រូវបានឃុំខ្លួន។ (កាន់ វិច្ឆិកា/VOA Khmer)

​ក្រុម​គ្រួសារ​មន្រ្តី​អាដហុក និង​មន្រ្តី គ.ជ.ប ដែល​កំពុង​ជាប់​ឃុំ ដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្រ្តី និង​​​ព្រះ​បរមរាជវាំង​​ សុំ​អន្តរាគមន៍​ឲ្យ​មាន​ការ​​ដោះ​លែង​ឪពុក​ម្តាយ និង​ស្វាមី​របស់​ពួកគេ។ ពួក​គេ​​រំពឹង​ថា ស្ថាប័ន​ទាំង​ពីរ​ដែល​ពួកគេ​ដាក់ញត្តិ​​​ទៅ​ គឺ​ជា​ក្តី​សង្ឃឹម​ចុង​ក្រោយ​​​​ ​​ថា​​នឹង​អាច​ជួបជុំ​ក្រុម​គ្រួសារ​របស់​ពួកគេ​​​ឡើង​វិញ។​

នៅ​ថ្ងៃ​អង្គារ​ ទី​២៤ ខែ​មករា​នេះ ភរិយា និង​កូន​របស់​មន្រ្តី​អាដហុក និង​មន្រ្តី​ គ.ជ.ប ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្រោម​បទ​សូក​ប៉ាន់​សាក្សី និង​សម​គំនិត​សូក​ប៉ាន់​សាក្សី ទាក់ទង​នឹង​សំណុំ​រឿង​អាស្រូវ​ស្នេហា​របស់​លោក​ កឹម សុខា ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​នារី​កាត់​សក់​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​នាង ខុម ចាន់តារ៉ាទី ហៅ​ស្រីមុំ បាន​ស្វែង​រក​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ និង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។

មន្ត្រី​សមាគម​អាដហុក​បួន​រូប​ រួម​មាន​លោក​ នី ​សុខា លោក​ ណៃ​ វ៉ង់ដា​ លោក​ យី​ សុខសាន្ត​ លោកស្រី​ លឹម មុនី និងអគ្គ​លេខាធិការ​រង ​គ.ជ.ប​ មួយរូប គឺ​លោក នី ​ចរិយា​ ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់​ខ្លួន​ និង​នាំ​ទៅ​សាកសួរ​កាល​ពី​ចុង​ខែ​មេសា​ ឆ្នាំ​២០១៦​ ហើយ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ក្នុង​ពន្ធនាគារ។ ​រហូត​មក​ដល់​ពេល​នេះ​មន្រ្តី​ទាំង​៥​រូប​កំពុង​ជាប់​ឃុំ​បណ្តោះ​អាសន្ន​ក្នុង​ពន្ធនាគារ ​អស់​រយៈពេលជិត៩​ខែ​មក​ហើយ។

កូនៗ និង​ភរិយា​របស់​អ្នកជាប់​ឃុំ​ទាំង​៥​រូបបាន​រៀបរាប់​នៅ​ក្នុង​ញត្តិ​នោះ ពី​ផល​លំបាក​ក្រោយ​ពេល​មន្រ្តី​ទាំង​៥​រូប​ដែលជា​ជំហរ​ក្នុង​ការ​ផ្គត់​ផ្គង់​គ្រួសារ​ត្រូវ​ជាប់​ឃុំ​ថា ពួ​ក​គេ​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជីវភាព​យ៉ាង​ធ្ងន់ធ្ងរ ​ជាពិសេស​បាត់បង់​ភាព​កក់​ក្តៅ​ក្នុង​គ្រួសារ​ ​ដែល​ពួក​គេ​ធ្លាប់​មាន​ក្នុង​ពេល​រស់​នៅ​ជុំ​គ្នា។ ពួក​គេ​រំពឹង​ថា ​ខុទ្ទ​កាល័យ​នាយករដ្ឋមន្រ្តី និង​ព្រះ​បរមរាជវាំង នឹង​ជួយ​អន្តរាគមន៍ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​លើ​ឪពុកម្តាយ និង​ស្វាមី​របស់​ពួកគេ​ដែល​តែង​បម្រើ​ការងារ​ជួយ​ដល់​សង្គម ​ឲ្យ​បាន​រស់​នៅ​ជួប​ជុំ​គ្នា​ដូច​ដើម។

អ្នកស្រី​ ថន បូនីតា ភរិយា​របស់​លោក យី សុខសាន្ត ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ចេញពី​ដាក់ញត្តិនៅ​ព្រះ​បរមរាជវាំង​ថា អ្នកស្រី និង​ក្រុម​គ្រួសារ​របស់​មន្រ្តី​អាដហុក និង​មន្រ្តី​ គ.ជ.ប ដែល​កំពុង​ជាប់​ឃុំ​ផ្សេង​ទៀតចង់​ឲ្យ​តុលាការ​ពន្លឿន​ដំណើរការ​រឿង​ក្តី​របស់​ស្វាមី​អ្នកស្រី​ឲ្យ​បាន​ឆាប់។ អ្នកស្រី​បន្ថែម​ថា ដោយ​សារ​ចំណាត់ការ​របស់​តុលាការ​មាន​ភាព​យឺតយ៉ាវ ជា​ហេតុ​ធ្វើ​ឲ្យ​ស្វាមី​របស់​អ្នកស្រី និង​មន្រ្តី​ជាប់​ឃុំ​ផ្សេង​ទៀត​ត្រូវ​រង​ទុក្ខ​ក្នុង​ពន្ធនាគារ​ទាំង​មិន​បាន​ប្រព្រឹត្ត​ខុស​ ទើប​អ្នកស្រី​ស្វែង​រកអន្តរាគមន៍ ដោយ​សង្ឃឹម​ថា ​ស្ថាប័ន​ទាំង​ពីរ​នឹង​ជួយ​ឲ្យ​អ្នក​ទាំង​៥​នាក់​នោះ រួច​ផុត​ពី​ការ​ចោទ​ប្រកាន់។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​ជឿជាក់​បើ​សិន​ជា​គាត់​មាន​ចំណាត់​ការ​នឹង​អាច ខ្ញុំ​ជឿជាក់ តែ​ខ្លាច​គាត់​អត់​មាន​ចំណាត់​ការ​មិនដឹងយ៉ាង​ម៉េច? ៩​ខែ​ការ​រង​ចាំ​របស់​គឺយើង​រងចាំ​លែង​ចង់​បាន​ហើយ ការ​រងចាំ​របស់​យើង​ហ្នឹង​យូរ​ពេក​ហើយ ធ្វើ​អ្វី​ឲ្យ​មាន​ចលនា​ខ្លះទៅ ព្រោះ​ថា​ស្ងាត់​ទៅៗ ការ​រង់​ចាំ​របស់​ខ្ញុំ​ប្រពន្ធ​កូនហ្នឹង ​រង់​ចាំ​ម្តាយ ប្រពន្ធ​រង​ចាំ​ប្តី វា​ដូច​កាន់​តែ​យូរ​ទៅៗ​ហើយ»។

ក្រុម​គ្រួសារ​ដែល​បាន​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ទាំង​ពីរ​នោះ​ប្រាប់​ថា តំណាង​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្រ្តី និង​ខុទ្ទកាល័យ​ព្រះ​បរមរាជវាំង​ បាន​ទទួល​យក​ញត្តិ​របស់​ពួកគេ​ តែ​មិន​បាន​កំណត់​ពី​ពេល​វេលា​ក្នុង​ការ​ឆ្លើយ​តប​នោះទេ។​

VOA មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី លោក ហ៊ូ សិទ្ធី នាយក​ខុទ្ទកាល័យនាយករដ្ឋមន្រ្តី​ និង​លោក អ៊ុំ ដារ៉ាវុធ អ្នកនាំពាក្យ​ព្រះ​បរមរាជវាំង​បាន​ទេ។​

ការ​ចាប់​ខ្លួន​មន្រ្តី​សិទ្ធិ​មនុស្ស ​និង​អគ្គលេខាធិការ​រង​គ.ជ.ប.នេះ​ ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ ​និង​អន្តរជាតិ​រិះគន់រដ្ឋាភិបាល​ថា បាន​លូក​ដៃ​ចូល​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឯករាជ្យភាព​របស់​តុលាការ​ និង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី​២១ ខែ​មករា​នេះ អង្គការ​សង្គម​ស៊ីវិល សមាគម និង​សហគមន៍ដីធ្លី​ចំនួន​២៥ បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​ជា​លើក​ទី២​ ដោយ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះលែង​មន្រ្តីសមាគម​អាដហុក (ADHOC) ៤​រូប និង​មន្រ្តី​ គ.ជ.ប ១​រូប ជា​បន្ទាន់។ អង្គការ​ និង​សមាគម​ទាំង​២៥​នោះ​ចាត់​ទុកការ​ឃុំ​ខ្លួន​អ្នកទាំងនេះ ថា​ជា​ការ​រើសអើង និងថា រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​តុលាការ​ដើម្បីធ្វើ​ទុក្ខ​បុក​ម្នេញ និង​បំបិទ​សំឡេង​អ្នក​ហ៊ាន​រិះគន់រដ្ឋាភិបាល​នៅ​មុន​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និង​ការ​បោះឆ្នោត​ជាតិ៕

XS
SM
MD
LG