ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

«យុទ្ធនាការ​ថ្ងៃច័ន្ទពណ៌ខ្មៅ»​​បន្ត​ ​ស្រប​ពេល​លោក​ហ៊ុន​ សែន​​ព្រមាន​បញ្ឈប់​ការ​សន្ទនា​ខាង​នយោ​បាយ


រូបឯកសារ៖ ក្រុម​ប្រជារាស្ត្រ​ខ្មែរ​នៅ​ក្នុង​សហគមន៍​បឹងកក់​មាន​គ្នា​ ​ប្រមាណ​ជាង​ ១០​ នាក់​ បាន​បើក ​«​យុទ្ធនា​ការ​ថ្ងៃច័ន្ទពណ៌ខ្មៅ»​ ម្តងទៀត​នៅ​ព្រឹក​ថ្ងៃច័ន្ទ​នេះ​ ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​ លោក​ស្រី​ ទេព វន្នី​ ជ័យ​លាភី​រង្វាន់​ស្រ្តី​ជា​អ្នក​ដឹកនាំ​របស់​ អង្គការ​ Vital Voices ដែល​រងការ​ចោទប្រកាន់​ពីបទ​ «ហិង្សា​ដោយចេតនា»​ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ ក្រុម​ប្រជារាស្ត្រ​ខ្មែរ​នៅ​ក្នុង​សហគមន៍​បឹងកក់​មាន​គ្នា​ ​ប្រមាណ​ជាង​ ១០​ នាក់​ បាន​បើក ​«​យុទ្ធនា​ការ​ថ្ងៃច័ន្ទពណ៌ខ្មៅ»​ ម្តងទៀត​នៅ​ព្រឹក​ថ្ងៃច័ន្ទ​នេះ​ ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​ លោក​ស្រី​ ទេព វន្នី​ ជ័យ​លាភី​រង្វាន់​ស្រ្តី​ជា​អ្នក​ដឹកនាំ​របស់​ អង្គការ​ Vital Voices ដែល​រងការ​ចោទប្រកាន់​ពីបទ​ «ហិង្សា​ដោយចេតនា»​ (ហ៊ុល រស្មី/VOA)

យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ ដែល​មាន​បំណង​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ស្រី​ទេព​ វន្នី​ដែលជា​អ្នក​តំណាង​របស់​ពួកគេ​ មន្ត្រីការពារ​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​​រៀបចំ​ការ​បោះឆ្នោត ​(គ.ជ.ប.)​ ព្រមទាំង​​ស្វែង​រក​យុត្តិធម៌​ដល់​ការ​បាញ់​សម្លាប់​លោក​កែម ឡី​ អ្នក​​វិភាគ​ដ៏​សំខាន់​របស់​កម្ពុជា​នោះ​​ បាន​ឈាន​ចូល​ដល់​​សប្តាហ៍​ទី​៣៧​​ហើយ​ នៅ​ថ្ងៃ​ច័ន្ទ​នេះ។

នៅថ្ងៃ​ច័ន្ទ​នេះ​ ​ក្រុម​អ្នក​ធ្វើ​«យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ»​ នៅ​តំបន់​បឹងកក់​បាន​ស្នើ​ឲ្យ​មេដឹកនាំ​គណបក្សនយោបាយបញ្ឈប់​ការ​ចាប់​អ្នកតំណាង​របស់​ពួកគេ និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ ក៏ដូច​ជា​មន្ត្រី​គ.ជ.ប.​ធ្វើ​ជា​ចំណាប់​ខ្មាំង​ខាង​នយោបាយ​ និង​ទទូច​ឲ្យ​មានការ​ដោះ​លែង​តំណាង​របស់​ពួក​គេ។​

យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ ដែល​មាន​បំណង​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ស្រី​ទេព​ វន្នី​ដែលជា​អ្នក​តំណាង​របស់​ពួកគេ​ មន្ត្រីការពារ​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​គណៈ​កម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត ​(គ.ជ.ប.)​ ព្រមទាំងស្វែង​រក​យុត្តិធម៌​ដល់​ការ​បាញ់​សម្លាប់​លោក​កែម ឡី​ អ្នកវិភាគ​ដ៏​សំខាន់​របស់​កម្ពុជា​នោះ បាន​ឈាន​ចូល​ដល់សប្តាហ៍​ទី​៣៧ហើយ​ នៅ​ថ្ងៃ​ច័ន្ទ​នេះ។

អ្នក​ស្រី​បូវ សោភា​ សកម្មជន​ការ​ពារ​សិទ្ធិ​ដីធ្លី​នៅ​តំបន់​បឹងកក់​ ដែល​ចូលរួម​ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទពណ៌​ខ្មៅ​ ​បាន​ប្រាប់​ VOA និង​ក្រុម​អ្នក​យក​ព័ត៌មាន​ ក្នុង​ពេល​យុទ្ធនាការ​នេះ​ថា​ អ្នកស្រី​ទេព វន្នី​ តំណាង​របស់​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​បឹងកក់​ និង​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ក៏​ដូច​មន្ត្រី​ គ.ជ.ប.​ ​បានក្លាយជា​ចំណាប់​ខ្មាំង​របស់​អ្នក​នយោបាយ។​

«នេះ​ជា​ការណ៍​ពិត។ ​ពួកគាត់​ទាំង​អស់​គ្នា​ហ្នឹង​គឺ​ជា​ចំណាប់​ខ្មាំង​ ព្រោះអី​ការ​ចាប់​ គាត់​ហើយ​និង​ការ​ទាមទារ​ដោះលែង​ហ្នឹង​គឺនៅ​ក្នុង​គេហៅថា​ នៅ​ក្នុង​តុ​ចរចា​ទៅ​វិញ​ មិនមែន​នៅ​ក្នុង​ការ​ដោះលែង​ពីប្រព័ន្ធ​តុលាការ​ ឬ​មួយ​ក៏​ពីផ្នែក​ច្បាប់​ណា​មួយ​ ឲ្យ​គាត់​មាន​សេរីភាព​ទេ​ តែបែរ​ជាសេរីភាព​របស់​គាត់​គឺ​ស្ថិត​នៅ​ក្នុង​ការ​នៅ​លើ​តុចរចា​របស់​ថ្នាក់​ដឹកនាំ។​ ហ្នឹង​គឺ​ជាការណ៍​ពិត​សម្រាប់​ពួកគាត់​ទាំង​ប្រាំ​មួយ​នាក់»។​

ការ​លើក​ឡើង​របស់​អ្នក​ស្រី​បូវ​ សោភាកើតមាន​ឡើងនៅ​គ្រា​ដែល​ការ​ចរចានយោបាយ​នៃ​គណបក្ស​ធំៗ​ទាំងពី​រនៅ​សភា​ត្រូវ​អ្នក​ឃ្លាំមើល​ស្ថាន​ការណ៍​នយោបាយ​កម្ពុជា​មើល​ឃើញ​ថា​ បាន​បន្ត​ជាប់​គាំង​ ទោះបី​ជា​មាន​ការ​ឆ្លើយ​ឆ្លង​តាម​លិខិត​រវាង​ថ្នាក់​ដឹកនាំ​ក្រុម​អ្នក​តំណាង​រាស្ត្រអំពី​ជំនួប​រវាង​គណបក្ស​ទាំង​ពីរ​នេះ​ក្តី។

ស្រប​ពេល​ជាមួយ​គ្នា​នេះ សារ​ព័ត៌មាន​ក្នុងស្រុក​មួយ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ ​បាន​ដក​ស្រង់​សម្តី​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន​ ដែលថា​ លោកមាន​បំណង​ កែប្រែ​ប្រការ​៤៨​ថ្មីនៃ​បទ​បញ្ជា​ផ្ទៃ​ក្នុងនៃ​រដ្ឋ​សភា​ ដើម្បី​លុប​ចោល​តួនាទី​ប្រធាន​ក្រុម​មតិ​ភាគតិច​មានឋានៈ​ស្មើ​នាយក​រដ្ឋ​មន្ត្រី​ ដែល​ជាគូ​សន្ទនា​ជាមួយ​នឹង​ប្រមុខ​រាជ​រដ្ឋាភិបាលទាក់​ទង​ទៅ​នឹង​បញ្ហា​ប្រទេស​ជាតិ។​

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ចោទ​ប្រកាន់​ថា​ គណបក្ស​ប្រឆាំង​ដែល​ជា​ក្រុម​សំឡេង​មតិ​ភាគ​តិច​ក្នុង​រដ្ឋ​សភា​ ​ប៉ុន​ប៉ង​យកប្រការនេះ​មក​ដោះលែង​អ្នក​ទោស​ដែល​ជា​ការ​បំពាន​ដល់​អំណាច​តុលាការ។​

យ៉ាង​ណា​ក៏​ដោយ​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​លោក​សុខ ឥសាន​ សុំ​មិន​ធ្វើ​ការ​អធិប្បាយ​ថា​ តើការ​ថ្លែង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​អាច​នឹង​ប៉ះពាល់​ដល់​ការ​សន្ទនា​ផ្នែក​នយោបាយ​រវាង​គណបក្ស​ធំៗ​ទាំង​ពីរ​ឬ​យ៉ាង​ណា​នោះ​ទេ។​ ចំណែក​លោកឡេង ប៉េងឡុង​ អ្នកនាំពាក្យ​រដ្ឋសភា​ជាតិ​ ​បាន​ប្រាប់​ VOA ​ថា​ សភា​ មិន​ទាន់​ទទួល​បាន​លិខិត​ជា​លាយលក្ខណ៍​អក្សរ​ពី​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​វិសោធន​កម្ម​ប្រការ​៤៨​ថ្មី​នេះ​ទេ។​

«ខ្ញុំ​អត់​ទាន់​ឃើញ​មាន​នរណា​គេ​ធ្វើ​អី​នៅ​ឡើយ​ទេ​បាទ»។​

លោក​មាស នី​ អ្នក​សិក្សា​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ ​បាន​ប្រាប់​ VOA ​ថា ​ប្រសិន​បើ​មាន​ការ​កែប្រែ​ប្រការ​៤៨​ថ្មី​នេះ​បា្រកដ​មែន​នោះ​ ​អ្នក​ជាប់​ឃុំ​ដែល​រួម​មាន​មន្ត្រី​ និង​សកម្មជន​គណបក្សប្រឆាំង​ក៏ដូច​ជា​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​គ.ជ.ប.​ នឹង​ត្រូវ​ឃុំខ្លួន​បន្ត​ក្នុង​ពន្ធនាគាររយៈ​ពេលយូរ​ថែមទៀត។ ​លោក​យល់​ថា​ អ្នក​ជាប់​ឃុំ​ទាំងនោះ​នៅ​តែ​ជា​ឧបករណ៍​នយោបាយដើម្បី​គាប​សង្កត់​គណបក្ស​ប្រឆាំង។​

«វា​អាច​នឹង​ជា​ឧបករណ៍​មួយ​ ដែលគេ​យក​ទៅ​ប្រើ​ ដើម្បី​ធ្វើ​ឲ្យ​ប្រជា​ប្រិយភាព​ លោក​កឹម សុខា​ហ្នឹង​ធ្លាក់​ចុះ​ទៀត​ ហើយ​ឈាន​ទៅ​រក​ការ​ទន់​ខ្សោយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​គេ​អាច​ចោទ​ប្រកាន់​ថា​ មេ​ដឹកនាំ​សង្គ្រោះ​ជាតិ​មិន​អាច​ដោះ​ស្រាយ​ទៅ​លើ​បញ្ហា​ សកម្ម​ជន​របស់​ខ្លួន​ ​មន្ត្រី​របស់​ខ្លួន​ដែល​ជាប់​ឃុំ​ខ្លួន​ហ្នឹង​បាន។​ អា​ហ្នឹងវាមាន​ការ​ស្មុគ​ស្មាញ​ទៀត​សម្រាប់​នយោបាយ​ក្នុង​ស្រុក​ខ្មែរ​យើង​ណាស់»។​

អ្នក​ស្រី​ទេព វន្នី​ ដែល​ជា​ជ័យ​លាភី​រង្វាន់​ស្ត្រី​ជា​អ្នក​ដឹក​នាំ​របស់​អង្គ​ការ​ Vital Voices​ ​បាន​ចូល​រួម​ និងដឹក​នាំ​ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​យ៉ាង​សកម្ម​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ទាំង​នោះ។​

ប៉ុន្តែ​អ្នកស្រី​បែរ​ជា​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​និង​កាត់​ទោស​ក្នុង​ករណី​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​ការ​ប្រព្រឹត្តអំពើ​ហិង្សា។​

ដោយ​ឡែក​ ការ​ចាប់​ឃុំ​ខ្លួនមន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ និង​មន្ត្រីគ.ជ.ប.​ធ្វើឡើង​ ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទសូក​ប៉ាន់ ​និង​សម​គំនិត​សូក​ប៉ាន់​សាក្សី ​ទាក់​ទង​នឹងការ​ផ្ដល់​ការប្រឹក្សា​ច្បាប់​ដល់​នារី​កាត់​សក់​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​នាង​ខុម ចាន់តារ៉ាទី ​ហៅ​ស្រី​មុំ ​ដែលត្រូវ​គេ​ចោទ​ដោយ​សង្ស័យ​ថា ​មាន​ទំនាក់​ទំនង​ស្នេហា​លួចលាក់​ជា​មួយ​លោកកឹម​ សុខា ​ប្រធាន​ស្ដីទី​គណបក្សសង្គ្រោះ​ជាតិ។​

មន្ត្រី​ និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ជាង​១០​រូបក៏​បាន​បន្ត​ស្ថិត​ក្នុង​ពន្ធនាគារ​តាមបទ​ចោទ​ប្រកាន់​ផ្សេងៗ​គ្នា​ពាក់​ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​ វៀតណាម​ និង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា។ ​VOA ​មិន​ទាន់​អាច​ទាក់​ទង​លោក​យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិបាន​ទេ​ នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

ក៏​ប៉ុន្ត​ កាល​ពីថ្ងៃ​អាទិត្យ​ ​លោក​កឹម សុខា​ ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​ បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ តាម​រយៈ​ ការ​សន្ទនា​តាម​វីដេអូ​តាម​អ៊ីនធើណិតនៅ​ក្នុង​ការ​ជួប​ប្រជុំ​មួយ ​ដែល​ធ្វើឡើង​នៅ​ឯ​ទី​ក្រុង​ប៉ារីស​ ប្រទេស​បារំាងថា​ លោក​បាន​ទាក់​ទង​ជា​មួយ​លោក​ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ដើម្បី​កំណត់​ការជួប​សន្ទនា​រវាង​ថ្នាក់​ដឹក​នាំតំណាង​រាស្ត្រ​គណបក្ស​ទាំង​ពីរ។​

លោក​និយាយ​ថា​ លោក​ស ខេង​ស្នើ​ឲ្យ​មាន​ការ​ពិភាក្សា​លើ​របៀប​វារៈ​ពីរ​ ដែល​រួម​មាន​តួនាទី​ និង​ភារ​កិច្ច​របស់​ថ្នាក់ដឹក​នាំ​តំណាង​រាស្ត្រ​នៃ​គណបក្ស​សំឡេងភាគ​តិច​ និង​សំឡេងភាគ​ច្រើន​ ហើយនិង​សិទ្ធិ​និង​សមត្ថ​កិច្ច​របស់​ថ្នាក់​ដឹកនាំ​នៃ​តំណាង​រាស្ត្រ​គណបក្ស​នយោបាយ​ទាំង​ពីរ។​ លោក​បន្ត​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​របៀប​វារៈ​ពីរ​ផង​ដែរ​ ដែល​រួមមាន​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត​ជាតិ​ និង​ស្ថាន​ភាព​នយោបាយ​កម្ពុជា​មុន​ការ​បោះ​ឆ្នោត។​

អ្នក​វិភាគ​ថ្លែង​ថា​ ការ​ព្រមាន​របស់​លោក​ហ៊ុន សែន​ក្នុងកែ​ប្រែ​ប្រការ​៤៨​ថ្មី​នៃ​បទ​បញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋ​សភា​ មាន​បំណង​កាត់​ផ្តាច់​ការ​សន្ទនា​នយោបាយ​រវាង​ថ្នាក់​ដឹក​នាំ​ក្រុម​តំណាង​រាស្ត្រ​គណបក្សនយោ​បាយធំៗ​ទាំង​ពីរ​ ហើយ​ថា​ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ងាក​ទៅរក​ការ​ដឹកនាំ​ដោយ​ផ្អែក​លើ​ការ​សម្រេច​ចិត្ត​តែ​ឯក​ឯង​ និង​មិនត្រូវ​ការ​ដៃ​គូ​សន្ទនា​នោះ​ឡើយ៕

XS
SM
MD
LG