ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​ក្នុង​សំណុំរឿង​របស់​លោក នី ចរិយា


រូបឯកសារ៖ លោក​ នី ចរិយា អគ្គ​លេខាធិការ​រង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​សូកប៉ាន់​សាក្សី ត្រូវ​បាន​សមត្ថកិច្ច​បណ្តើរ​ចូល​សវនាការ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ (កាន់ ​វិច្ឆិកា/VOA)

ការ​សម្រេច​នេះ​ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​ផ្នែក​សិទ្ធិមនុស្ស​យល់​ថា អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​បញ្ចេញ​មតិ​ជា​មូលដ្ឋាន រួម​ទាំង​ភាព​ត្រឹមត្រូវ​នៃ​ដំណើរការ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។

សាលា​ឧទ្ធរណ៍​នា​រសៀល​ថ្ងៃពុធ​នេះ បាន​សម្រេច​តម្កល់​សាលក្រម​តុលាការ​ក្រុង​ភ្នំពេញ​ដែល​បាន​កាត់​ទោស​លោក នី ចរិយា អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត និង​ជា​អតីត​មន្ត្រី​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​ ទុក​ជា​បាន​ការ ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ។

ការ​សម្រេច​នេះ​ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​ផ្នែក​សិទ្ធិមនុស្ស​យល់​ថា អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​បញ្ចេញ​មតិ​ជា​មូលដ្ឋាន រួម​ទាំង​ភាព​ត្រឹមត្រូវ​នៃ​ដំណើរការ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។

សាលា​ឧទ្ធរណ៍​បាន​ច្រាន​ចោល​បណ្ដឹង​ទាស់​របស់​អតីត​មន្ត្រី​សិទ្ធិ​មនុស្ស​សមាគម​អាដហុក​ និង​ជា​អគ្គ​លេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក នី ចរិយា ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដែល​បាន​ផ្ដន្ទាទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ​៦ខែ ពាក់ព័ន្ធ​នឹង​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​លើ​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប។

ការ​សម្រេច​នេះ​ ត្រូវ​បាន​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​យល់​ថា​ ជា​ការ​សម្រេច​ដែល​ធ្វើ​ឲ្យប៉ះពាល់​ដល់​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា និង​ជា​ការ​គំរាម​កំហែង​ដល់​អ្នក​ការពារ​សិទ្ធិមនុស្ស​ផ្សេង​ទៀត។

កាលពី​ថ្ងៃ​ទី ២២ ខែ​កញ្ញា ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បាន​សម្រេច​ផ្ដន្ទាទោស​លោក នី ចរិយា ដាក់​ពន្ធនាគារ​រយៈពេល​៦ខែ និង​ពិន័យ​ជា​ប្រាក់​៦លាន​រៀល​ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ បទ​មួល​បង្កាច់​កេរ្តិ៍ និង​បទ​ផ្សព្វផ្សាយ​នូវ​ការ​អត្ថាធិប្បាយ​ដើម្បី​ដាក់​សម្ពាធ​លើ​យុត្តាធិការ​តុលាការ។

សវនាការ​ឈាន​ដល់​ការ​សម្រេច​ទោស​នេះ​ ធ្វើ​ឡើង​តាម​បណ្ដឹង​របស់​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប​ពីរ​រូប​ បន្ទាប់ពី​លោក​ នី ចរិយា ចោទ​ថា​ មន្ត្រី​តុលាការ​ទាំង​នោះ​ឃុំ​ខ្លួន​ពលរដ្ឋ​ពីរ​រូប​ខុស​នីតិវិធី​ច្បាប់ នៅ​ពេល​លោក​បម្រើ​ការ​ងារ​ជា​មន្ត្រី​សិទ្ធិមនុស្ស​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ លោក ប្លង់ សំណាង នា​រសៀល​ថ្ងៃ​ពុធ ទី​១៤ ខែ​ធ្នូ​នេះ បាន​ប្រកាស​តម្កល់​សាល​ក្រម​សាលា​ដំបូង​ទុក​ជា​បាន​ការ ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ។

ក្រោយ​បញ្ចប់​ការ​ប្រកាស​សាលដីកា លោក សំ សុគង់ មេធាវី​ការពារ​ក្ដី​លោក នី ចរិយា ថ្លែង​ថា ការ​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​នេះ ជា​ការ​សម្រេច​ដែល​មាន​ភាព​អយុត្តិធម៌​សម្រាប់កូន​ក្តី​របស់​លោក។

«បើ​តាម​ការ​សួរ​ដេញ​ដោល​ក៏​ដូចជា​ភស្តុតាង​ដែល​មាននៅ​ក្នុង​សំណុំ​រឿង​របស់​លោក នី ចរិយា នេះ មេធាវី​ការពារ​យល់​ឃើញថា ការ​ដែល​ភស្តុតាង​ដែល​មាននៅ​ក្នុង​សំណុំ​រឿង​នេះ ​មិនទាន់​មាន​លក្ខណៈ​គ្រប់គ្រាន់ ហើយ​មិន​មាន​លក្ខណៈ​ច្បាស់លាស់ ហើយ​ក៏​ជា​ភស្តុតាង​មួយ​ដែល​មិន​អាច​ដាក់​បន្ទុក​លើ​លោក​ នី ចរិយា បាន​ទេ»។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក សំ សុគង់ រំពឹង​ថា កូន​ក្ដី​របស់​លោក​ នឹង​ត្រូវ​បាន​តុលាការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ក្នុង​ពេល​ឆាប់ៗ បន្ទាប់​ពី​លោក​មើល​ឃើញ​ថា​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ហាក់​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន។

លោក ទូច ថារិទ្ធ អ្នកនាំ​ពាក្យ​សាលា​ឧទ្ធរណ៍ ប្រាប់ VOA ថា តុលាការ​បាន​សម្រេច​តាម​នីតិវិធី​ច្បាប់​ត្រឹមត្រូវ​ ដោយ​លោក​ថា ប្រសិនបើ​មេធាវី​របស់​លោក នី ចរិយា​ មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច មេធាវី​របស់​លោក​អាច​ប្ដឹង​បន្ត​ទៅ​តុលាការ​កំពូល។

លោក ឌុច ពិសិដ្ឋ នាយក​ផ្នែក​តស៊ូ​មតិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ប្រាប់ VOA ថា ការ​សម្រេច​របស់​តុលាការ​ដែល​ផ្ដន្ទាទោស​លោក នី ចរិយា ឲ្យ​ជាប់​ពន្ធនាគារ​៦​ខែ ពាក់ព័ន្ធ​នឹង​បណ្ដឹង​របស់​រដ្ឋ​អំណាចដែល​បាន​ប្ដឹង​អគ្គលេខាធិការ​រង គ.ជ.ប​ កាលពី​ពេល​ដែល​លោក​ធ្វើ​ជា​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​នៅ​សមាគម​អាដហុក បង្ហាញ​ថា តុលាការ​មិន​មាន​ភាព​ឯករាជ្យ។

លោក​បន្ថែម​ថា ការ​សម្រេច​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាព​ត្រឹមត្រូវ​នៃ​ដំណើរ​ការ​បោះឆ្នោត និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត​ដែល​ព្យាយាម​ពង្រឹង​ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល។

«វា​អាច​នឹង​ប៉ះពាល់​ដល់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ដែល​ជា​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​បុគ្គល​គ្រប់​រូប​ក្នុង​ការ​ចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។ ហើយ​ខ្ញុំ​គិត​ថា​អាជ្ញាធរ​គួរ​តែ​អត់​ធ្មត់​ឲ្យ​បាន​ខ្លាំង​មែន​ទែន​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​រិះគន់​នានា​ទៅ​លើ​ស្ថាប័ន​រដ្ឋ ឬក៏​បុគ្គល​ដែលទទួល​បាន​តួនាទី​ផ្នែក​សេវា​សាធារណៈ​របស់​រដ្ឋ។ «អញ្ចឹង​គួរ​តែ​មាន​ការ​អត់​ធ្មត់​ឲ្យ​មែនទែន។​ ជា​ធម្មតា ​ការ​រិះគន់​តែង​តែ​ប៉ះពាល់​ដល់​បុគ្គល និង​ស្ថាប័ន​មួយ​ចំនួន ចំណែក​ចេតនា​របស់​យើង​ គឺ​អត់​មាន​ចេតនា​អាក្រក់​ក្នុង​ការ​ប៉ះពាល់​ទៅ​ដល់​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​អី​ទេ។ យើង​ចូល​រួម​ក្នុង​ការ​ផ្ដល់​ជា​មតិ​យោបល់​ក្នុង​ការ​កែ​លម្អស្ថានភាព ឬក៏​ការ​អនុវត្ត​គោល​នយោបាយ និង​ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល»។

កាលពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៥ ព្រះរាជ​អាជ្ញា​រង​លោក សុក កែវបណ្ឌិត និង​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​សៀមរាប ​លោក គី ឫទ្ធី បាន​ដាក់​ពាក្យ​ប្ដឹង​លោក នី ចរិយា ខណៈ​លោក​នៅ​មាន​តួនាទី​ជា​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក។

បណ្ដឹង​នោះ​បាន​ចោទ​លោក នី ចរិយា ជុំវិញ​ករណី​លោក​បាន​ធ្វើ​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ទី១២ និង​ថ្ងៃ​ទី២០ ខែ​ឧសភា​ ឆ្នាំ២០១៥ ហើយ​ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​ដក​ស្រង់​សម្តី​ចុះ​ផ្សាយ​ថា ​លោក នី ចរិយា ថ្លែង​ថា មន្ត្រី​តុលាការ​ខេត្ត​សៀមរាប​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​យក​ដី​ពលរដ្ឋ​ខ្មែរ​ឲ្យ​សហគមន៍​វៀតណាម និង​ថា​ តុលាការ​ឃុំ​ខ្លួន​ពលរដ្ឋ​ពីរ​រូប​ខុស​នីតិវិធី​ច្បាប់។

ក្រៅ​ពី​រឿង​នេះ​លោក​ នី ចរិយា ក៏​ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ​សម​គំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​មួយ​ករណី​ទៀត​ពាក់ព័ន្ធ​នឹង​រឿង​ស្នេហានាង ខុម ចាន់តារ៉ាទី ហៅ​ ស្រីមុំ ជាមួយ​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ៕

XS
SM
MD
LG