នៅក្នុងវត្តលើកំពូលភ្នំតូចមួយ ដែលសាងសង់មិនទាន់ពេញលេញ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីច្រកព្រំដែនកម្ពុជាថៃ ផ្សារព្រំ ដែលសំបូរដោយបនល្បែងកាស៊ីណូ សពរបស់ នួន ជា អតីតមេមនោគមវិជ្ជានៃរបបខ្មែរក្រហមដ៏ប្រល័យត្រូវតម្កល់ទុកក្នុងសាលាឆាន់មួយដើម្បីរង់ចាំពិធីបូជានៅចុងសប្តាហ៍នេះ។ ពិធីបុណ្យតាមបែបព្រះពុទ្ធសាសនានេះបានប្រព្រឹត្តទៅដោយភាពស្ងៀមស្ងប់។
បងប្អូនក្រុមគ្រួសារកូនចៅសាច់ញាតិរបស់លោកក្នុងសម្លៀកបំពាក់ពណ៌សបានជួបជុំគ្នានៅប្រចាំការនឹងរោងបុណ្យដើម្បីទទួលភ្ញៀវដែលមកគោរពវិញ្ញាណក្ខន្ធអតីតមេដឹកនាំកំពូលខ្មែរក្រហមនេះជាចុងក្រោយ។
រសៀលបន្តិច ព្រះសង្ឃបានធ្វើពិធីបង្សុកូលឧទ្ទិសដល់ព្រលឹង នួន ជា។ យូរៗម្ដង គេឃើញភ្ញៀវចូលមកដល់បរិវេណវត្ត តាមរថយន្ត តាមម៉ូតូ ដែលសុទ្ធសឹងជាអ្នកមានសមានចិត្តអាណិតស្រឡាញ់រូបលោក។
អ្នកចូលរួមជាអតីតមនុស្សក្រោមបង្គាប់ នួន ជា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហម សុទ្ធតែបានមកសម្ដែងគារវកិច្ចចំពោះអ្នកស្រី លី គឹមសេង ជាភរិយារបស់លោកដែលមានវ័យចំណាស់ទៅហើយ។
នៅក្បែរនោះ អ្នកស្រី ឡៅ ជាលីនដា ជាកូនទីបីរបស់ នួន ជា។ និយាយមកកាន់ VOA ក្នុងទឹកមុខស្វាហាប់ ខណៈកំពុងមមាញឹកចាត់ចែងបាយទឹកទទួលភ្ញៀវអ្នកចូលរួម អ្នកស្រី ជា លីនដា បានលើកឡើងថា៖
«ខ្ញុំនឹកគាត់សព្វបែបយ៉ាង។ ខ្ញុំនិយាយអ៊ីចឹង! អ្វីដែលជារបស់គាត់ ខ្ញុំស្រឡាញ់ ខ្ញុំគោរពគាត់ទាំងអស់ ចា៎! ចា៎! [ការរៀបចំនេះ]ឱ្យសក្តិសម ឱ្យសក្តិសមថា គាត់ជាឪពុកដែលខ្ញុំគោរព ខ្ញុំស្រឡាញ់»។
ស្រ្តីវ័យអាយុ៥២ឆ្នាំរូបនេះបានបញ្ជាក់បន្ថែមថា ពិធីបុណ្យសពនេះនឹងបន្តរហូតគម្រប់៧ថ្ងៃដើម្បីឱ្យបងប្អូនសាច់ញាតិ អ្នកគោរពស្រឡាញ់ នួន ជា អាចមកសម្ដែងការគោរពលាគ្នាជាលើកចុងក្រោយ។
«គ្រប់ស្រទាប់ជាន់ថ្នាក់ មកបានទាំងអស់ ចា៎ ចំពោះបុណ្យសពរបស់លោកឪពុកខ្ញុំ។ ខ្ញុំស្វាគមន៍ទាំងអស់»។
តាមការប៉ាន់ប្រមាណរបស់ក្រុមគ្រួសារ កន្លងទៅបីថ្ងៃមកនេះមានមនុស្សច្រើនរយនាក់បានមកចូលរួមពិធីបុណ្យសព នួន ជា ជាបន្តបន្ទាប់។
យ៉ាងណាក្ដី បណ្ដាជនមួយចំនួនហាក់នៅមិនទាន់អស់ចិត្តចំពោះកេរដំណែលរបស់ នួន ជា។
ថ្លែងនៅក្នុងហាងបាយរបស់លោក ចម្ងាយមិនឆ្ងាយប៉ុន្មានពីវត្តព្រំគិរីមរកត លោកតែ គា វ័យ៦២ឆ្នាំ អតីតទាហានរបបសាធារណរដ្ឋខ្មែរ បានលើកឡើងថា លោកហាក់មានភាពស្រពេចស្រពិលចំពោះកេរដំណែលជាប្រវត្តិសាស្ត្ររបស់ នួន ជា។ លោកមិនទាន់បានទៅចូលរួមបុណ្យ នួន ជា ដែលនៅក្បែរនោះនៅឡើយ បើទោះជាបានរាប់អានគ្រួសាររបស់លោកក៏ដោយ។
«ចេះតែក្ដុកក្ដួលដែរ តែធ្វើម៉េច គាត់ចាស់ហើយ។ តែដូចថា នៅតែមិនអស់ចិត្ត ដូចថា អាការកាប់សម្លាប់ហ្នឹង មិនអស់ចិត្ត មិនទាន់បានថា កាត់ទោសយ៉ាងម៉េចលើគាត់ថា គាត់ជាឃាតករ ឬមិនឃាតករអ៊ីចឹងណា៎ មិនអស់ចិត្តប៉ុណ្ណឹង»។
អំឡុងរបបកម្ពុជាប្រជាធិបតេយ្យក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្ដកម្ពុជា ដែលមាន នួន ជា និងសហការីទទួលគ្រប់គ្រងនោះ យ៉ាងហោចមានប្រជាពលរដ្ឋកម្ពុជាប្រមាណ១,៧លាននាក់បានស្លាប់និងត្រូវបានសម្លាប់ក្នុងរបបខ្មែរក្រហមរបស់ នួន ជា និង ប៉ុល ពត។
នួន ជា ត្រូវតុលាការកូនកាត់ចម្រុះអង្គការសហប្រជាជាតិនិងកម្ពុជាផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតទាក់ទងទៅនឹងបទឧក្រិដ្ឋដែលបានប្រព្រឹត្តក្រោមការទទួលខុសត្រូវរបស់លោក។
នួន ជា បានស្លាប់ក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា សូវៀត ក្នុងអាយុ៩៣ឆ្នាំ កាលពីល្ងាចថ្ងៃអាទិត្យបន្ទាប់ពីត្រូវបញ្ជូនចេញពីមន្ទីរឃុំឃាំងទៅព្យាបាលនៅទីនោះអស់រយៈពេលមួយខែ។
សពរបស់លោកត្រូវបានបញ្ជូនមកកាន់ខេត្តប៉ៃលិននៅថ្ងៃបន្ទាប់។ ហើយពិធីបុណ្យសពរបស់លោកនឹងបន្តរហូតដល់ពិធីរំលាយសពនៅយប់ថ្ងៃសុក្រ៕