គ្រួសារនៃជនរងគ្រោះជិត៣០០នាក់ ដែលបានស្លាប់នៅក្នុងការធ្លាក់យន្តហោះជើងហោះហើរលេខ MH17 របស់អាកាសចរណ៍ម៉ាឡេស៊ី(កាលពីឆ្នាំ២០១៤) ចង់ទទួលបានសំណងព្រោះវាមានរយៈពេលជាង៦ឆ្នាំហើយ បន្ទាប់ពីយន្តហោះដែលពួកគេជិះនេះ ត្រូវបានគេបាញ់ទម្លាក់ក្នុងដែនអាកាសប្រទេសអ៊ុយក្រែននោះ។ នេះបើតាមការបញ្ជាក់កាលពីថ្ងៃច័ន្ទរបស់ក្រុមមេធាវីតំណាងក្រុមគ្រួសារ។
កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ អ្នកដំណើរចំនួន២៩៨នាក់និងក្រុមអ្នកធ្វើការលើយន្តហោះទាំងអស់បានស្លាប់ក្នុងឧប្បទ្ទវហេតុនៃការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី (Malaysia Airlines) ដែលការធ្លាក់នោះត្រូវបានគេចោទប្រកាន់ថាដោយសារគ្រាប់ម៉ីស៊ីលBuk ដែលត្រូវបានគេបាញ់ក្នុងទឹកដីភាគខាងកើតនៃប្រទេសអ៊ុយក្រែន ហើយដែលត្រូវបានគេអះអាងថាជាស្នាដៃរបស់ក្រុមឧទ្ទាមដែលមានការគាំទ្រដោយប្រទេសរុស្សីនោះ។
ជនរងគ្រោះភាគច្រើនប្រមាណ ២ភាគ៣ ជាជនជាតិហូឡង់។ យន្តហោះដឹកអ្នកដំណើរនេះ បានហោះពីទីក្រុង Amsterdam ក្នុងប្រទេសហូឡង់ទៅកាន់ទីក្រុង Kuala Lumpur ក្នុងប្រទេសម៉ាឡេស៊ី។
កាលពីឆ្នាំ២០១៩ ជនជាតិរុស្សីចំនួន៣រូបនិងជនជាតិអ៊ុយក្រែនម្នាក់ត្រូវបានគេបញេ្ចញឈ្មោះថា ជនសង្ស័យពាក់ព័ន្ធនឹងការបាញ់ទម្លាក់យន្តហោះនោះ បន្ទាប់ពីការស៊ើបអង្កេតអស់ជាច្រើនឆ្នាំដោយក្រុមអ្នកស៊ើបអង្កេតអន្តរជាតិដែលដឹកនាំដោយហូឡង់។ ជនទាំង៤រូបនោះកំពុងត្រូវបានគេកាត់ទោសពីបទឃាតកម្ម។
ចំនួននៃសំណងនោះមិនត្រូវគេបញ្ជាក់ឲ្យដឹងទេ ហើយការដាក់ពាក្យស្នើសុំសំណងនោះក៏មិនទាន់ធ្វើនៅឡើយដែរ ដោយក្រុមមេធាវីការពារជនរងគ្រោះសុំយោបល់ទៅតុលាការថា តើគួរប្រើច្បាប់ហូឡង់ឬអ៊ុយក្រែនក្នុងការទាមទារសំណងទាំងនោះ៕