ក្រុមអន្តរជាតិមួយដែលដឹកនាំដោយប្រទេសហូឡង់ ដែលស៊ើបអង្កេតការបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីនៅប្រទេសអ៊ុយក្រែននៅឆ្នាំ២០១៤ បានប្រាប់ឈ្មោះជនជាតិរុស្ស៊ី៣នាក់ និងជនជាតិអ៊ុយក្រែនម្នាក់ជាជនសង្ស័យជាឃាតករ។
លោក Fred Westerbeke ប្រធានរដ្ឋអាជ្ញាហូឡង់ បាននិយាយនៅឯសន្និសីទកាសែតក្នុងទីក្រុងឡាអេកាលពីថ្ងៃពុធថា សកម្មភាពជនសង្ស័យបាននាំឲ្យមានការបាញ់ទម្លាក់ជើងហោះហើរលេខ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី។
លោកនិយាយទៀតថា៖ «ទោះបីពួកគេមិនបានចុចប្រដាប់បញ្ជាដោយខ្លួនឯង មានការសង្ស័យថា ពួកគេបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការទទួលបានប្រដាប់បាញ់កាំជ្រួចមីស៊ីលដែលបានបាញ់យន្តហោះអាកាសចរណ៍នោះ»។
ជនសង្ស័យបានត្រូវគេកំណត់អត្តសញ្ញាណថា មានជនជាតិរុស្ស៊ី៣នាក់គឺ Igor Girkin, Sergey Dubinskiy និង Oleg Pulatov និងជនជាតិអ៊ុយក្រែនម្នាក់មានឈ្មោះ Leonid Karchenko។
ចៅក្រម Westerbeke និយាយថា ពួកអ្នកស៊ើបអង្កេតនឹងមិនសុំឲ្យប្រទេសរុស្ស៊ីនិងអ៊ុយក្រែនធ្វើបត្យាប័នជនសង្ស័យទាំងនោះទេ ហើយបាននិយាយទៀតថា ប្រទេសទាំង២ហាមឃាត់ការធ្វើបត្យាប័ននេះ។ ផ្ទុយទៅវិញ លោកចៅក្រមបាននិយាយទៀតថា រុស្ស៊ីនឹងត្រូវបានសុំឲ្យបញ្ជូនដីការទៅឲ្យជនសង្ស័យ «ដែលបានស្ថិតនៅក្នុងសហព័ន្ធរុស្ស៊ី»។
ទោះជាយ៉ាងណាក៏ដោយ រុស្ស៊ីមិនអាចធ្វើកិច្ចសហប្រតិបត្តិការទេនៅពេលដែលខ្លួនបានបដិសេធពីការទាក់ទិននៅក្នុងការធ្លាក់យន្តហោះនោះ ហើយជារឿយៗបានប្រឆាំងនឹងការស៊ើបអង្កេតនោះ។
លោក Wilbert Paulissen ប្រធានប៉ូលិសជាតិហូឡង់ បានប្រកាសថា ការកាត់ទោសជនសង្ស័យ នឹងចាប់ផ្តើមក្នុងទីក្រុងឡាអេនៅខែមិនា ឆ្នាំ២០២០ ថ្វីបើជនសង្ស័យអាចត្រូវកាត់ទោសដោយកំបាំងមុខក៏ដោយ៕