ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រួសារ​ចំណាប់ខ្មាំង​អាមេរិក​ជំរុញ​ឱ្យ​មាន​បទឈប់បាញ់​ជាបន្ទាន់​នៅ​ហ្កាហ្សា


លោក Jonathan Dekel-Chen ទីពីរពីឆ្វេង ឪពុករបស់ចំណាប់ខ្មាំងជនជាតិអាមេរិក Sagui Dekel-Chen រួមជាមួយនឹងគ្រួសារចំណាប់ខ្មាំងដទៃទៀតនៅហ្គាហ្សា និយាយទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោន ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។
លោក Jonathan Dekel-Chen ទីពីរពីឆ្វេង ឪពុករបស់ចំណាប់ខ្មាំងជនជាតិអាមេរិក Sagui Dekel-Chen រួមជាមួយនឹងគ្រួសារចំណាប់ខ្មាំងដទៃទៀតនៅហ្គាហ្សា និយាយទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោន ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។

ក្រុម​គ្រួសារ​របស់​ចំណាប់ខ្មាំង​អាមេរិក​បាន​ទាមទារ​ឱ្យ​មាន​បទឈប់បាញ់​ជា​បន្ទាន់​នៅ​ក្នុង​តំបន់​ហ្កាហ្សា (Gaza) ដោយ​បាន​និយាយ​ថា វា​ជា​មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​ដោះលែង​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន​ដែល​ត្រូវ​បាន​ក្រុម​ហាម៉ាស់ (Hamas) ចាប់​ឃុំ​តាំងពី​ពេល​ដែល​ក្រុម​នេះ​បាន​វាយ​ប្រហារ​លើ​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ទី ៧ ខែ​តុលា​ឆ្នាំ​មុន​មក។

ក្រុម​គ្រួសារ​ទាំងនោះ​បាន​ថ្លែង​ទៅកាន់​អ្នក​យក​ព័ត៌មាន​នៅឯ​សេតវិមាន​កាលពី​ថ្ងៃ​អង្គារ​ថា ពួកគេ​កំពុង​ធ្វើការ​ជាមួយ​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden នៅក្នុង​ការ «លើក​ទឹកចិត្ត​ភាគី​ទាំងអស់​ឱ្យ​សម្រេច​ឱ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង​មួយ»។

លោក Jonathan Dekel-Chenដែល​ជា​ឪពុក​របស់​លោក Sagui Dekel-Chenដែល​ជា​ចំណាប់ខ្មាំង​អាមេរិក បាន​និយាយ​ថា ប្រសិនបើ​មាន​បទឈប់បាញ់ «ភាព​រន្ធត់» ដែល​ជន​ស៊ីវិល​នៃ​តំបន់​ហ្កាហ្សា​បាន​ជួប​ប្រទះ​ក្នុង​រយៈពេល ៦ ខែ​ចុងក្រោយ​នេះ​ក៏​អាច​បញ្ចប់​បាន​ដែរ។

សេតវិមាន​បាន​ជូន​ដំណឹង​ដល់​ក្រុម​គ្រួសារ​ចំណាប់ខ្មាំង​ទាំងនោះ​អំពី​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋបាល​លោក Biden នៅក្នុង​ការ​ជួយ​ឱ្យ​មាន​ការ​ដោះលែង​ចំណាប់ខ្មាំង​ទាំងអស់​និង​ឱ្យ​មាន​បទឈប់បាញ់​ជា​បន្ទាន់​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ក្នុង​អំឡុងពេល​នៃ​ជំនួប​មួយ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ជាមួយ​អនុ​ប្រធានាធិបតី​អាមេរិក​អ្នកស្រី Kamala Harris។

សហរដ្ឋ​អាមេរិក​កំពុង​ជំរុញ​ឱ្យ​ក្រុម​ហាម៉ាស់​ទទួលយក​នូវ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​អ៊ីស្រាអែល​ដើម្បី​បញ្ឈប់​ការ​ប្រយុទ្ធគ្នា​នៅ​ក្នុង​តំបន់​ហ្កាហ្សា​រយៈពេល ៦ សប្តាហ៍ និង​ដោះលែង​ចំណាប់ខ្មាំង​ខ្លះ​ក្នុង​ចំណោម​ចំណាប់ខ្មាំង​ជាង ១៣០ នាក់​ដែល​ក្រុម​សកម្ម​ប្រយុទ្ធ​នេះ​បាន​ចាប់ឃុំ​ជា​ថ្នូរ​ទៅនឹង​ការ​ដោះលែង​របស់​អ៊ីស្រាអែល​នូវ​ជនជាតិ​ប៉ាឡេស្ទីន​រាប់រយ​នាក់​ដែល​អ៊ីស្រាអែល​បាន​ឃុំខ្លួន៕

XS
SM
MD
LG