ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​​ហាត់វិជ្ជា Falun Gong ​ប្រមូលផ្តុំគ្នា​នៅ​វិមានសភាជាតិ​​របស់​អាមេរិក


រូបភាព​ឯកសារ​៖ បាតុករ​បាន​លើក​ផ្លាក​ដែរ​សរសេរ​ថា​«បញ្ចប់​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​អ្នក​ហាត់​វិជ្ជា​ Falun Gong ក្នុង​ប្រទេស​ចិន​» ដែល​កំពុង​ធ្វើ​បាតុកម្ម​ខាង​ក្រៅ​ ស្ថានីយ​កុងស៊ុល​ប្រទេសចិន​ក្នុង​រដ្ឋ​ Los Angeles កាលពី​ថ្ងៃទី​១៥ កុម្ភៈ ២០១២។
រូបភាព​ឯកសារ​៖ បាតុករ​បាន​លើក​ផ្លាក​ដែរ​សរសេរ​ថា​«បញ្ចប់​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​អ្នក​ហាត់​វិជ្ជា​ Falun Gong ក្នុង​ប្រទេស​ចិន​» ដែល​កំពុង​ធ្វើ​បាតុកម្ម​ខាង​ក្រៅ​ ស្ថានីយ​កុងស៊ុល​ប្រទេសចិន​ក្នុង​រដ្ឋ​ Los Angeles កាលពី​ថ្ងៃទី​១៥ កុម្ភៈ ២០១២។

ក្រុមហាត់វិជ្ជា ​​ Falun Gong (ហ្វាលូនគង់) ​ជាង ១.២០០ នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​តំបន់​ West Lawnនៃ​វិមាន​សភា​ជាតិ (U.S. Capitol) របស់អាមេរិក​ កាលពី​ ​ថ្ងៃទី ១៤ ខែកក្កដា ដើម្បី​តវ៉ា​ប្រឆាំង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​អំពើហិង្សា​ពី​សំណាក់​រដ្ឋាភិបាល​ប្រទេសចិន​លើ​ការ​អនុវត្ត​លំហាត់ប្រាណ​បែប​ជំនឿ​មួយ​នេះ​​​ចាប់​តាំងពីខែកក្កដាឆ្នាំ ១៩៩៩ មក។

លោក Frank Lee ​អ្នកនាំពាក្យ​សម្រាប់​ព្រឹត្តិការណ៍នេះ​ បាន​ប្រាប់​ VOA ថា ​ការ​ប្រមូលផ្តុំ​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​ជារៀង​រាល់​ឆ្នាំ​ ដើម្បីទាមទារ​ឲ្យ​អាជ្ញាធរចិន​បញ្ឈប់​ការ​ធ្វើបាប​ ​និងការ​ប្រមូល​សរីរាង្គ​មនុស្ស​ពីអ្នកទោសមនសិកា​ រួមទាំង​ ក្រុម​អ្នក​ហាត់ប្រាណ Falun Gong។​

ការ​ប្រមូល​ផ្តុំនេះ ​ក៏​បាន​លើកកម្ពស់យុទ្ធនាការមួយដើម្បី​ទាមទារ​ នូវ​អតីត​មេដឹកនាំ​ចិន​ លោក ​Jiang Zemin យក​មក​កាត់​ទោស​ ​ ដែលត្រូវ​បាន​ក្រុមនេះ​ចោទ​ប្រកាន់ពី​ការបញ្ជាឲ្យ​ធ្វើ​ការបង្រ្កាបកាល​ពី​ឆ្នាំ ១៩៩៩។

នៅថ្ងៃទី​ ១៣​ ខែមិថុនា​ ​សភា​តំណាង​នៃ​សហរដ្ឋអាមេរិក​ បានអនុម័ត​ជាឯកច្ឆ័ន្ច​នូវ​សេចក្តី​សម្រេច​មួយ​ដែលអំពាវនាវ​ឲ្យ​ប្រទេសចិន ​បញ្ឈប់ការ​ធ្វើ​ទុក្ខបុកម្នេញ​ ​និងការ​ចាត់​ទី​ដៅ​លើ​ការ​ផ្ទេរសរីរាង្គ​របស់​ក្រុម​អ្នក​ហាត់​ប្រាណ​ Falun Gong។

ការ​បោះឆ្នោត​អនុម័ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​ចុះ​ផ្សាយ​នូវ​របាយការណ៍​បោះពុម្ភផ្សាយ​មួយ​ ដែល​អះអាង​ថា​ប្រទេសចិន​បាន​ពង្រីក​ការ​ប្រមូល​យក​សរីរាង្គ​ខុសច្បាប់​ ដល់​កម្រិត​មួយ​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក។ របាយការណ៍​នេះបាន​ឲ្យ​ដឹង​ថា ​អ្នក​ហាត់ ​Falun Gong ​ត្រូវ​បាន​ចាត់​ជា​ទី​ដៅ​នៃ​ការប្រមូល​សរីរាង្គ​ ដោយសារ​ពួកគេ​ទំនង​ជា​ថែរក្សា​រាងកាយ​បាន​ល្អ​។

មន្ត្រី​រដ្ឋាភិបាល​ចិន​បាន​បដិសេធការ​ធ្វើ​ខុស ដោយ​និយាយ​ថា​ ការចោទប្រកាន់ ពី​ការ​ប្រមូលយកសរីរាង្គ​ខ្នាត​ធំ​ សុទ្ធ​តែ​ជា​រឿង​ប្រឌិត​ប៉ុណ្ណោះ។ ចាប់ពីឆ្នាំ ២០១៥ មករដ្ឋាភិបាល​ចិន​បាន​និយាយថា​ ខ្លួន​បាន​បញ្ឈប់​ការ​ប្រើប្រាស់​ជនល្មើស​ដែល​ជាប់​ទោស​ប្រហារ​ជីវិត​ជា​ប្រភពផ្ទេរ​សរីរាង្គ ហើយ​ងាក​មក​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ផ្តល់​សរីរាង្គ​ដោយ​ស្ម័គ្រចិត្ត​វិញ​។

សមាជិក​សភា​អាមេរិក​មក​ពី​គណបក្ស​សាធារណរដ្ឋ អ្នក​ស្រី​ Ileana Ros-Lehtinen និង លោក Dana Rohrabacher ​បានចូលរួម​ ការប្រមូលផ្តុំ​របស់​ក្រុម​អ្នក​ហាត់ប្រាណ Falun Gong​ និង​ធ្វើសុន្ទរកថា ​ដោយ​បាន​សម្តែងនូវការគាំទ្ររបស់​ខ្លួន​ចំពោះ​ក្រុម​នេះ។ សមាជិកព្រឹទ្ធសភា​ លោក ​Marco Rubio ​បានផ្តល់​ការ​គាំទ្រ​ក្នុង​ទម្រង់​ជា​សំណេរ​ថ្លែងការណ៍​មួយ។

បាតុករបានដង្ហែរ​ក្បួន​ទៅកាន់​កន្លែង​រំឮក​វិញ្ញាណក្ខន្ធ​ Lincoln​ Memorial ទីដែលពួកគេ​ប្រារព្ធ​ពិធី​សាសនា​ក្រោម​ពន្លឺភ្លើង​ទៀន​នា​ពេល​ល្ងាច៕

ប្រែ​សម្រួល​ដោយ៖ ឆាយ​ គីមហ៊ង

XS
SM
MD
LG