ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្តា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ G-20 ប្តេជ្ញា​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​សាកលលោក​រីកលូតលាស់


រូបភាពពីឆ្វេង៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសអាល្លឺម៉ង់ លោក Wolfgang Schaeuble; រដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសចិន លោក Lou Jiwei និង អភិបាលធនាគារកណ្តាលប្រទេសចិន លោក Zhou Xiaochuan ក្នុងកិច្ចប្រជុំ G-20 មួយកាលពីថ្ងៃទី១៥ មេសា ឆ្នាំ២០១៦។
រូបភាពពីឆ្វេង៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសអាល្លឺម៉ង់ លោក Wolfgang Schaeuble; រដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសចិន លោក Lou Jiwei និង អភិបាលធនាគារកណ្តាលប្រទេសចិន លោក Zhou Xiaochuan ក្នុងកិច្ចប្រជុំ G-20 មួយកាលពីថ្ងៃទី១៥ មេសា ឆ្នាំ២០១៦។

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​មក​ពី​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លាំង​ជាង​គេ​ទាំង​២០ ឬ​ហៅ​ថា G-២០ បាន​ប្តេជ្ញា​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​សាកលលោក​រីកលូតលាស់ ដោយ​ពួកគេ​និយាយ​ថា ការរើបឡើង​សេដ្ឋកិច្ច​ហាក់​មាន​ភាពទន់ខ្សោយ។

ប្រតិភូ​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង Chengdu នៃ​ប្រទេស​ចិន បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​អាទិត្យ​នេះ នៅ​ថ្ងៃ​ចុង​បញ្ចប់​នៃ​កិច្ចប្រជុំ​ដែល​មាន​រយៈពេល​២​ថ្ងៃ​របស់​ពួកគេ ដោយ​សម្តែង​ក្តី​បារម្ភ​ចំពោះ​ផែនការ​ចាកចេញ​ពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស និង​ថា​តើ​ការចាកចេញ​នេះ​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សាកលលោក​យ៉ាង​ដូចម្តេច​ខ្លះ។ ក៏​ប៉ុន្តែ រដ្ឋមន្ត្រី​ទាំង​នោះ​បាន​និយាយ​ថា ប្រទេស​ដែល​ជា​សមាជិក​ទាំងអស់​គឺ​មាន​ជំហរ​រឹងប៉ឹង ដើម្បី​ទប់ស្កាត់វិបត្តិ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដែលអាច​នឹង​កើត​ចេញ​ពី​ដំណើរ​វិវឌ្ឍន៍​នេះ។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ថ្មី​របស់​អង់គ្លេស លោក Philip Hammond បាន​ថ្លែង​ប្រាប់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ដទៃទៀតថា ​ការព្រួយបារម្ភ​ទៅ​លើ​ការចាកចេញ​ពី​សហភាព​អឺរ៉ុបអាច​ថយចុះ​ជាងមុន នៅ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ឡុងដ៏​បញ្ចេញ​នូវ​ទស្សនៈ​វិស័យ​នា​ពេល​អនាគត​អំពី​ថា​តើ​អង់គ្លេស​នឹង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​បណ្តា​ប្រទេស​ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប​ដទៃទៀត​យ៉ាង​ដូចម្តេច។ រដ្ឋមន្ត្រី​មួយ​ចំនួន​បាន​ជំរុញ​ឲ្យ​អង់គ្លេស​និង​សហភាព​អឺរ៉ុប​ដោះស្រាយ​បញ្ហា​នៃ​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ឲ្យ​បាន​ឆាប់​រហ័ស។ ​

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​សមាជិក G-២០ ក៏​បាន​ប្តេជ្ញា​ថា នឹង​ច្រានចោល​ការការពារ​ពាណិជ្ជកម្ម​និយម ដែល​បាន​ក្លាយ​ទៅ​ជា​បញ្ហា​ដ៏​សំខាន់​មួយ​នៅ​ក្នុង​កិច្ចប្រជុំ​នេះ ដោយ​សារ​តែ​លោក Donald Trump បេក្ខជន​ប្រធានាធិបតី​ដែល​ទទួល​បាន​ការតែងតាំង​ពី​គណបក្ស​សាធារណរដ្ឋ​អាមេរិក​បាន​និយាយ​ថា លោក​ចង់​កែប្រែ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​របស់​ប្រទេស​នេះ ដោយ​បន្ថែម​ការដាក់​កំហិត​មួយ​ចំនួន។
ដោយ​ថ្លែង​នៅ​ក្នុង​ទីក្រុង Chengdu នៅ​ថ្ងៃ​អាទិត្យ​នេះ លោក Jack Lew រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​អាមេរិក បាន​មាន​ប្រសាសន៍​ថា សេដ្ឋកិច្ច​អាមេរិក​បច្ចុប្បន្ន​នេះ​មាន​ភាពខ្លាំងក្លា ហើយ​ទីផ្សារ​ការងារ​ក៏​មាន​ដំណើរការ​ល្អ​ដែរ ប៉ុន្តែ​សេដ្ឋកិច្ច​សាកលលោក​នៅ​តែ​មិន​ប្រាកដប្រជា​នៅ​ឡើយ។

សេចក្តីថ្លែងការណ៍​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ G-២០ នេះ​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការកាត់បន្ថយ​ការផលិត​ដែក​ច្រើន​ហួសហេតុ ដែល​អាច​ធ្វើឲ្យ​ដែក​នៅ​ក្នុង​ទីផ្សារ​សាកលលោកមាន​ចំនួន​លើស​ពី​តម្រូវការ។ បញ្ហា​នេះ​គឺ​ជា​បញ្ហា​ធំ​មួយ​រវាង​ចិន​និង​ដៃ​គូ​ពាណិជ្ជកម្ម​របស់​ចិន​ដែល​និយាយ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នាំចេញ​ដែក​ក្នុង​តម្លៃ​ថោក​ហួសហេតុ៕​

XS
SM
MD
LG