ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​ចិន​​​ថា​ជំនួយ​៦០០​លាន​ដុល្លារ​ដល់​កម្ពុជា​អត់​មាន​លក្ខខណ្ឌ​នយោបាយ​ទេ


រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន លើក​ដៃ​ចង្អុល ខណៈពេល​ដែល​លោក​ត្រៀម​ថតរូប​រួម​គ្នា​ជាមួយ​នឹង​មេដឹកនាំ​ប្រទេស​ផ្សេងៗ ដែល​ចូលរួម​កិច្ច​ប្រជុំអាស៊ីអ៊ឺរ៉ុប​លើក​ទី១១ នៅ​ទីក្រុងអ៊ូឡង់បាទ័រ ប្រទេស​ម៉ុងហ្គោលី កាលពីថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៦។

ប្រទេស​ចិន​និយាយ​ថា​ជំនួយ​ហិរញ្ញវត្ថុ​ទៅ​ប្រទេស​កម្ពុជា​គឺ​មិន​ផ្អែក​លើ​ការ​គាំទ្រ​ផ្នែក​ការ​ទូត​ដែល​ប្រទេស​កម្ពុជា​ផ្តល់​ឱ្យ​ចិន​នោះ​ទេ ដែល​ក្នុង​នោះ​មាន​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​ជាមួយ​នឹង​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​លើ​បញ្ហាសមុទ្រ​ចិន​ខាង​ត្បូង។​

នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ជា​ផ្លូវ​ការរបស់​ចិន​ស៊ីនហួរ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​ លូ កាង បាន​និយាយ​ថា​ប្រទេស​ចិន​សង្ឃឹមថា​ភាគី​ពាក់​ព័ន្ធ​នានា​នឹង​មិនមើល​មកជំនួយ​របស់​ប្រទេស​ចិន​ដល់​កម្ពុជា​តាម​រយៈ​«កញ្ចក់​បិទ​ពណ៌» និង​ធ្វើ​ឱ្យ​សភាពការណ៍​ពុះ​កញ្ជ្រោល​ឡើង​ទេ។

លោក ​លូ កាង​ បន្ថែម​ថា​ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ ប្រទេស​ចិន​បាន​ផ្តល់​ជំនួយ​និង​ការ​គាំទ្រ​ហិរញ្ញវត្ថុ​ដល់​ប្រទេស​កម្ពុជា​ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ។

អត្ថាធិប្បាយ​របស់​លោក លូ កាង ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​សារព័ត៌មាន​ថា ជំនួយ​៦០០​លាន​ដុល្លារ​ដែល​ចិន​ផ្តល់​ឱ្យ​កម្ពុជា​គឺ​ដោយ​សារតែ​ទំនាក់​ទំនង​ជិត​ស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ។​

ក្នុង​សេចក្តី​រាយការណ៍​កន្លង​មក​ទីភ្នាក់ងារ​សារព័ត៌មាន​ AP ​បាន​សរសេរ​ថា៖

«ជំនួយ​នេះ​គឺ​ជា​ការ​តបស្នង​ចំពោះ​ប្រទេស​កម្ពុជា​ដែល​គាំទ្រ​ចិន​នៅ​លើ​ឆាក​អន្តរជាតិ ក្នុង​នោះ​មាន​លើ​បញ្ហា​ជម្លោះ​ដែល​កំពុង​កើត​មាន​ឡើង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជាមួយ​នឹង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង‍​ផង​ដែរ»។​

​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បាន​ប្រកាស​កាលពី​សប្តាហ៍​មុន​ថា ជំនួយ​របស់​ប្រទេស​ចិន​នឹង​ត្រូវ​យក​មក​ប្រើប្រាស់​លើ​ផ្នែក​អប់រំ វិស័យ​សុខាភិបាល​និង​វិស័យ​មួយ​ចំនួន​ទៀត។

ទីភ្នាក់ងារ​សារព័ត៌មាន​ AP ក៏​បាន​រាយការណ៍​ដែរ​ថា ​កាលពី​ខែ​មិថុនា​ ប្រទេស​កម្ពុជា​បាន​បណ្តេញ​ចេញ​ជន​សង្ស័យ​ឧក្រិដ្ឋជន​ចំនួន​៣៩នាក់​ទៅ​ប្រទេស​ចិន ក្នុង​នោះ​មាន​ជនជាតិ​តៃវ៉ាន់​ចំនួន​២៥នាក់​ដោយសារ​តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទទូច​ថា វា​ស្ថិត​នៅ​ក្រោម​យុត្តាធិការ​របស់​ខ្លួន​បើ​ទោះបី​ជា​មាន​ការ​ជំទាស់​ពី​រដ្ឋបាល​កោះ​តៃប៉ិ​ក៏​ដោយ៕

XS
SM
MD
LG