ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន Facebook និង Google ប្រកាស​គម្រោង​ខ្សែកាប​ក្រោម​សមុទ្រ​ភ្ជាប់​អាស៊ី​និង​អាមេរិក​ខាងជើង


ឡូហ្គោ​បណ្ដាញសង្គម Facebook និង​ស្លាកសញ្ញា Google។
ឡូហ្គោ​បណ្ដាញសង្គម Facebook និង​ស្លាកសញ្ញា Google។

ក្រុម​ហ៊ុន ​Facebook និង Google គ្រោង​សាងសង់​ខ្សែកាប​ក្រោម​សមុទ្រ​ពី​សហរដ្ឋ​អាមេរិក​ ភ្ជាប់​ទៅ​កាន់​ប្រទេសពីរ​ក្នុងអាស៊ាន​ចំនួន​ពីរ​វិញ​ដោយសារ​គម្រោង​ខ្សែកាប​ភ្ជាប់ទៅ​ទីក្រុង​ហុងកុង ត្រូវបាន​លុបចោលដោយ​បញ្ហា​សន្តិសុខ​ជាតិ។

បន្ទាប់​ពី​បាន​លុប​ចោល​គម្រោង​ខ្សែ​កាប​ក្រោម​សមុទ្រដែល​ត​ភ្ជាប់សហរដ្ឋ​អាមេរិក​ជាមួយ​ហុងកុង​ដោយសារ​សម្ពាធ​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ក្រុម​ហ៊ុន ​Facebook និងក្រុមហ៊ុន Google ឥឡូវ​នេះ​ បាន​ឲ្យដឹង​ថា ​ពួកគេ​នឹង​តខ្សែ​កាប​ស្រដៀង​គ្នា​នេះជាមួយ​ប្រទេស​សិង្ហបុរី​ និង​ឥណ្ឌូណេស៊ី​វិញ​។

លោក Kevin Salvadori អនុប្រធាន​បណ្តាញ​វិនិយោគ​នៃក្រុមហ៊ុន​ Facebook បាន​ប្រាប់​សារព័ត៌មាន Reuters ថា៖ «ខ្សែ​កាបឈ្មោះ Echo និង​ខ្សែកាប​ Bifrost គឺ​ជាខ្សែ​ពីរ​ដំបូង​គេ​ដែល​នឹង​រត់កាត់ផ្លូវ​ចម្រុះ​ថ្មី​មួយ​តាមសមុទ្រ Java ហើយ​ពួកគេ​នឹង​បង្កើន សមត្ថភាព​ក្រោម​ផ្ទៃ​សមុទ្រ​ទាំង​អស់​ក្នុងតំបន់​អន្តរប៉ាស៊ីហ្វិក​ប្រហែល​៧០ភាគរយ»។

លោក Salvadori មិនបាន​ផ្តល់​អត្ថាធិប្បាយ​អំពី​ការ​ចំណាយ​លើ​គម្រោង​នេះទេ។

លោក​បាន​និយាយ​ថា​ ខ្សែកាប Echo ដែល​នឹង​ត្រូវ​បង្កើត​ឡើង​ក្នុង​ភាព​ជាដៃគូរ​ជាមួយ​ក្រុម​ហ៊ុន Google និង​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ឥណ្ឌូណេស៊ី XL នឹង​សាងសង់​រួចរាល់​នៅ​ឆ្នាំ​២០២៣។​

លោក​បន្ត​ថា ចំណែក​ខ្សែកាប Bifrost ដែល​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ជាមួយ​ក្រុមហ៊ុន Telin ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Telkom របស់​ឥណ្ឌូណេស៊ី​ និង​សាជីវកម្ម Keppel របស់​សិង្ហបុរី​គួរ​តែ​រួចរាល់​ត្រឹម​ឆ្នាំ​២០២៤។

គម្រោង​ទាំង​ពីរ​ នឹង​ត្រូវការ​ការ​អនុម័ត​ផ្លូវច្បាប់។​

ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​ថា​ ពលរដ្ឋ​ឥណ្ឌូណេស៊ី​ភាគ​ច្រើន ប្រើ​ប្រាស់​អ៊ីនធើណិត​តាម​ទូរស័ព្ទ។ លោកបន្ថែម​ថា មាន​តែ​១០ភាគរយ​ប៉ុណ្ណោះ​ដែល​មាន​អ៊ីនធើណិត​ល្បឿន​លឿន​ប្រើប្រាស់ ហើយ​ពលរដ្ឋ​ជាច្រើន​ដែល​មិនមាន​អ៊ីនធើណិតប្រើប្រាស់​ទាល់​តែ​សោះ។

ក្រុមហ៊ុន Facebook បាន​និយាយ​ថា​ គម្រោង​សម្រាប់​ខ្សែកាប​ទៅ​ហុងកុង​ត្រូវបានលុប​ចោល​ដោយសារ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​លើក​ឡើង​ពី​បញ្ហាសន្តិសុខ​ជាតិ​អំពី​តំណ​ភ្ជាប់ទំនាក់ទំនង​ដោយ​ផ្ទាល់​ទៅ​ហុងកុង។

ក្រុមហ៊ុន Facebook និង​ក្រុមហ៊ុន Google ក៏​មាន​ពាក់ព័ន្ធ​នឹង​គម្រោង​ខ្សែកាប​ផ្សេងទៀត​ជុំវិញ​ពិភពលោក​ដែរ។

ក្រុមហ៊ុន Facebook បាន​ប្រកាស​កាលពី​ខែ​ឧសភាឆ្នាំ​មុន​ថា​ ខ្លួន​នឹង​សាងសង់​ខ្សែកាប​ប្រវែង​៣៧,០០០គីឡូម៉ែត្រ​ក្រោម​សមុទ្រ​នៅ​ជុំវិញ​ទ្វីប​អាហ្វ្រិក។

គម្រោង​របស់​ក្រុមហ៊ុន Google ​គឺ​ខ្សែកាប​ក្រោមសមុទ្រ Equiano អាច​ភ្ជាប់​អឺរ៉ុប​និង​អាហ្វ្រិក​នៅពេល​ដែល​សាងសង់​រួចរាល់៕

ប្រែសម្រួល​ដោយកញ្ញា ទុំ ម្លិះ

XS
SM
MD
LG